រាជធានីភ្នំពេញ ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់ត្រូវចោរ២នាក់ ប្រដាប់ដោយកាំភ្លើងខ្លីធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូម៉ាកឌ្រីមសេ១២៥ ទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៣ កុម្ភៈ ២០១៤ ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ ។
ម្ចាស់ម៉ូតូខាងលើត្រូវបានគេស្គាល់ឈ្មោះ វ៉ាន ជេត ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិចម្ការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិស្វាយទង ឃុំស្វាយជ្រំ ស្រុមេសាង ខេត្តព្រៃវែង ជិះម៉ូតូម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៥ ឡើងតែម២០១០ ពាក់ស្លាកលេខភ្នំពេញ 1B-3545 ។
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ ចោរប្លន់០២នាក់ខាងលើ បានហៅម៉ូតូជនរងគ្រោះជិះពីម្តុំវត្តតាំងកសាង ទៅយកលុយបងប្អូន លុះទៅដល់ចំណុចកើតហេតុ ពួកគេក៏ឱ្យជនរងគ្រោះឈប់ ហើយដកកាំភ្លើងខ្លីភ្ជង់គំរាមបាញ់សម្លាប់ជនរងគ្រោះ រួចប្លន់យកម៉ូតូជិះគេចខ្លួនដោយសុវត្ថិភាព ៕
ចែករំលែកព័តមាននេះ