ប្រជាជនរ៉ូមាំងបុរាណតែងតែប្រារព្ធពិធីបុណ្យនេះជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ថ្ងៃមរណៈបុរសគំរូម្នាក់ឈ្មោះ វ៉ាលែនថាយ ដែលលោកជាទុក្ករបុគ្គលជនជាតិរ៉ូម៉ាំងម្នាក់នាឆ្នាំ២៧០ នៃគ្រិស្តសករាជ។
នាសម័យកាលនោះអាណាចក្ររ៉ូមត្រូវបានដឹកនាំដោយស្ដេចមួយអង្គព្រះនាម ក្លូដៀសទី២ ដែលដឹកនាំអាណាចក្រទៅជួបនឹងវិបត្តិជាច្រើន ដូចជា ពាណិជ្ជកម្ម វិស័យអប់រំ និងវិបត្តិដែលសំខាន់នោះ គឺសង្គ្រាមជាមួយប្រទេសម៉ុងហ្គោល អ៊ឺរ៉ុបខាងជើង និងបណ្ដាប្រទេសមួយចំនួននៅទ្វីបអាស៊ី ដែលទាមទារឲ្យមានកំនែនទាសករ ដំឡើងថ្លៃពន្ធដារ និងកំនែនទាហាន។ បុរសគ្រប់វ័យ លើកលែងតែអ្នកសិក្សារៀនសូត្រ នឹងធ្វើការងារក្នុងជួររាជការ ទាំងមានប្រពន្ធក្ដី និងនៅលីវក្ដី ត្រូវបានគេកែនឲ្យចូលបំរើក្នុងជួរកងទ័ព ដើម្បីប្រយុទ្ធក្នុងសង្រ្គាម ប៉ុន្តែជាអកុសលស្ដេចអង្គនេះ មិនដែលទទួលបានជ័យជំនះក្នុងសង្រ្គាមនោះទេ ទើបធ្វើឲ្យព្រះអង្គចាប់ផ្ដើមគិតវិភាគឡើងវិញទៅលើយុទ្ធសាស្រ្ដ និងកងទ័ពរបស់ព្រះអង្គ ។ អ្វីដែលស្ដេចរូបនេះកត់សម្គាល់ឃើញនោះ គឺយុវជនដែលគាត់កែនមកភាគច្រើនជាបុរសដែលមានប្រពន្ធ និងកូនរួចទៅហើយ ទើបធ្វើឲ្យព្រះអង្គគិតថា ការទទួលបរាជ័យរបស់ព្រះអង្គ គឺបណ្ដាលមកពីយុទ្ធជនភាគច្រើនមានប្រពន្ធ និងកូនរួចទៅហើយ។ ស្ដេចអង្គនេះមានជំនឿថា បុរសដែលមានប្រពន្ធ និងកូន មិនមានកម្លាំងខ្លាំងដូចបុរសដែលនៅលីវទេ ហើយគេតែងតែនឹកគិតទៅក្រុមគ្រួសារ មិនបានយកចិត្តទុកដាក់ក្នុងការធ្វើសង្រ្គាមនោះទេ នាំឲ្យព្រះអង្គចេញព្រះរាជអង្គកា ហាមមិនឲ្យបុរសក្នុងនគរទាំងអស់រៀបការ ឬយកប្រពន្ធ ព្រោះការមានគ្រួសារធ្វើឲ្យបុរសទន់ខ្សោយ។ ការចេញនូវព្រះរាជអង្គកានេះបានធ្វើឲ្យរំជើបរំជួលដល់ប្រជាជនរ៉ូម៉ាំងគ្រប់លំដាប់ថ្នាក់ ហើយក៏បានធ្វើឲ្យលោកវ៉ាលែនថាយ មានអារម្មណ៍អយុត្តិធម៌ក្នុងចិត្តរហូតទ្រាំមិនបានក៏បង្កើតចលនាប្រឆាំងទៅនឹងរាជអង្គកានេះ ដោយស្ងាត់ៗ ប៉ុន្តែនៅលោកនេះ មិនមានអាថ៍កំបាំងណាមួយដែលអាចនៅបានយូរនោះទេ ថ្ងៃណាមួយ យូរ ឬឆាប់ វានឹងបែកធ្លាយចេញមកជាមិនខាន។ យ៉ាងណាមិញការប្រឆាំងដោយសម្ងាត់នេះ ក៏ដូចគ្នាដែរ គឺបានបែកធ្លាយចេញមក ធ្វើឲ្យស្ដេចក្លូដៀសទី២ ក្រោធយ៉ាងខ្លាំង រហូតបញ្ជាឲ្យចាប់ខ្លួនលោកវ៉ាលែនថាយ មកដាក់គុករង់ចាំការកាត់ក្ដីដោយផ្ទាល់ពីព្រះអង្គ។
ក្នុងអំឡុងពេលនៅក្នុងគុក លោកវ៉ាលែនថាយ បានទទួលការកោតសរសើរពីសំណាក់អ្នកយាមគុកថា គាត់ជាមនុស្សពូកែក្នុងការលើកទឹកចិត្ត និងផ្ដល់ក្ដីសង្ឃឹមដល់មនុស្ស រហូតអ្នកយាមគុករូបនេះនាំប្អូនស្រីរបស់ខ្លួនដែលជាមនុស្សពិការភ្នែកមកជួបលោកវ៉ាលែនថាយ ជារៀងរាល់ថ្ងៃ ដើម្បីឲ្យលោកជួយលួងលោមនាងឲ្យមានក្ដីសង្ឈឹមរស់នៅតទៅមុខទៀត ។ ការជួបគ្នាជារៀងរាល់ថ្ងៃនេះ ធ្វើឲ្យលោកវ៉ាលែនថាយ មានចិត្តស្រលាញ់នារីពិការរូបនេះ ហើយលោកក៏បានសរសេរសំបុត្រស្នេហាមួយច្បាប់ទុកអានឲ្យនាងស្ដាប់។ មិនយូរប៉ុន្មានលោកវ៉ាលែនថាយ ក៏ត្រូវបានកោះហៅទៅជួបស្ដេច ដោយការពូកែនិយាយរបស់លោក បានធ្វើឲ្យស្ដេចមានភាពជិតស្និទ្ធជាមួយលោក ហើយព្រះអង្គក៏បានព្យាយាមលើកយកហេតុផលផ្សេងមកពន្យល់លោកពីការចេញរាជអង្គកា ប៉ុន្តែលោកវ៉ាលែនថាយ នៅតែមិនព្រមយល់ស្របតាម រហូតស្ដេចខឹងក្រោធយ៉ាងខ្លាំង និងបានបញ្ជាឲ្យប្រហារជីរិតលោកនៅថ្ងៃទី១៤ កុម្ភៈ ដែលជាថ្ងៃបុណ្យនៃក្ដីស្រលាញ់នេះ។
ចែករំលែកព័តមាននេះ