សារព័ត៌មានចិន កាលពីថ្ងៃទី១១ កុម្ភៈ ២០១៤ ផ្សាយថាបុរសជនជាតិចិនម្នាក់ ព្យាយាមតោងនៅលើដំបូលរថយន្តដែលបើកក្នុងល្បឿនលឿន ដើម្បីទាមទារប្រាក់កូនបំណុលដែលជាអ្នកបើករថយន្ត ។ ឃើញបែបនោះ ប៉ូលិសតាមចាប់ និងបញ្ជាឱ្យរថយន្តឈប់ ដោយចោទប្រកាន់ថា បើកបរក្នុងល្បឿនលឿនលើសកំណត់ ។
សារព័ត៌មាន«អាយហ៊្វេង» របស់ចិនផ្សាយថា រថយន្តមួយគ្រឿង ដែលមានបុរសម្នាក់តោងនៅលើដំបូលបើកបរក្នុងល្បឿន១៤០គីឡូម៉ែត្រក្នុងមួយម៉ោងនៅលើដងផ្លូវគុយចូវ ហើយត្រូវប៉ូលិសឃាត់ឱ្យឈប់កាលពីថ្ងៃទី៨ កុម្ភៈ ។ តាមការសាកសួររបស់ប៉ូលិសដឹងថា អ្នកបើកបរ និងបុរសនៅលើដំបូលមានទំនាស់គ្នាលើរឿងបំណុល ដោយលោកឆើនជាម្ចាស់បំណុលព្យាយាមតាមទារប្រាក់សំណង ប៉ុន្តែលោកលូជាកូនបំណុល ព្យាយាមបើករថយន្តគេចខ្លួន ដូច្នេះហើយម្ចាស់បំណុលឈរបាំង និងឡើងតោងលើដំបូលរថយន្តរហូតក្លាយជាហេតុការណ៍ដ៏រន្ធត់នោះ ។
លោកឆើន បញ្ជាក់ប្រាប់សារព័ត៌មានថា លោកគ្មានចេតនាតាមទារប្រាក់កូនបំណុលបែបនេះទេ ប៉ុន្តែគេមិនព្រមសង ទើបធ្វើបែបនេះ និងសំណាងល្អដែលប៉ូលិសជួយស្ទាក់ចាប់បាន បើមិនដូច្នេះទេលោកមិនដឹងជាត្រូវតោងរថយន្តក្នុងល្បឿនលឿនទាំងលំបាកក្នុងចម្ងាយផ្លូវប៉ុន្មានរយគីឡូម៉ែត្រទេ ៕
ចែករំលែកព័តមាននេះ