រាជធានីភ្នំពេញ ៖ គោបា១ក្បាលដែលមានតម្លៃជាង២ពាន់ដុល្លារត្រូវក្រុមចោរចូលធ្វើសកម្មភាពលួចដឹកចេញពីក្រោលទៅបាត់ ខណៈពេលដែលម្ចាស់ដេកលង់លក់ លុះព្រឹកឡើងដឹងថា គោត្រូវចោរលួចបាត់បាននាំគ្នាដើររកប្រទះឃើញតែគ្រោងឆ្អឹង និងលាមក បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១៣ កុម្ភៈ ២០១៤ ក្នុងភូមិព្រៃរីង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ម្ចាស់គោបាត្រូវគេស្គាល់ឈ្មោះប្រាក់ ពិសី ភេទប្រុស អាយុជាង២០ឆ្នាំ ជាកសិករ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។ តាមប្រភពបានឱ្យដឹងថា គោបានោះកាលពីម្ចាស់ទិញមកនៅតូចនៅឡើយវាមានតម្លៃជាង១៣៥០ដុល្លារ ហើយបន្ទាប់ពីច្រូតស្មៅឱ្យវាស៊ី និងថែបំប៉នមួយរយៈពេលមកវាបានស្ទុះធំយ៉ាងឆាប់រហ័ស ។ នៅមុនពេលបាត់មានឈ្មួញទៅទំនាក់ទំនងដើម្បីរកទិញ ដោយឱ្យតម្លៃ២ពាន់ដុល្លារ ប៉ុន្តែម្ចាស់មិនលក់ លុះដល់វេលាយប់ថ្ងៃទី១២ កុម្ភៈ ម្ចាស់បានចងគោបានោះនៅក្នុងក្រោលខាងក្រោយផ្ទះតាមទម្លាប់ដូចសព្វដង។
នៅវេលាម៉ោង១២យប់ឮសូរឆ្កែព្រូសពេកម្ចាស់គោបានភ្ញាក់ពីដេកចេញទៅមើលគោឃើញនៅក្នុងក្រោលនោះនៅឡើយ ហើយក៏បានចូលទៅដេកវិញរហូតដល់ម៉ោង៥ព្រឹកទើបភ្ញាក់ពីដេកចេញមកមើលគោអត់ឃើញក៏ផ្អើលឆោឡោនាំគ្នាដើររកស្រាប់តែប្រទះឃើញតែគ្រោងឆ្អឹង និងលាមកនៅជាប់មាត់ស្រះទឹកក្នុងរបងដីឡូត៍មួយ កន្លែងស្ថិតក្នុងភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ៕
ចែករំលែកព័តមាននេះ