សារព័ត៌មានបរទេសផ្សាយថា មហាសេដ្ឋីនីជនជាតិចិនម្នាក់ បានធ្វើគំរូល្អដល់សង្គម និងក្រុមគ្រួសារ ដោយដាក់ខ្លួនធ្វើជាកម្មករប្រមូលសំរាមតាមដងផ្លូវ រួមទាំងបង្ហាត់កូនរបស់ខ្លួនឱ្យចេះធ្វើការងារធ្ងន់ ។ របាយការណ៍បញ្ជាក់ថា មហាសេដ្ឋីនីនោះគឺលោកស្រីយា៉វ ឆើនយូ អ្នកជំនួញអចលនទ្រព្យ ម្ចាស់អគារជាច្រើនគួរតែរស់នៅប្រកបដោយភាពសុខស្រួល សប្បាយរីករាយក្នុងជីវិត តែគាត់បែរជាជ្រើសយកការងារជាកម្មករសំអាតផ្លូវថ្នល់ និងប្រមូលសំរាម ក្នុងទីក្រុងវូហាន ប្រទេសចិនទៅវិញ ។
មូលហេតុដែលដាក់ខ្លួនបែបនោះ លោកស្រី យា៉វ ឆើនយូ បញ្ជាក់ថា ដើម្បីបង្ហាញឱ្យកូនរបស់គាត់បានឃើញពីគុណតម្លៃរបស់ការងារ ។ ធ្វើជាកម្មករប្រមូលសំរាម លោកស្រី យា៉វ ឆើនយូ បានទទួលប្រាក់ខែ២០០ដុល្លារ ។ ចំណែកកូនប្រុសរបស់គាត់ជាអ្នកបើកបរតាក់សីុទទួលប្រាក់ឈ្នួលជាង៣០០ដុល្លារក្នុងមួយខែ និងកូនស្រីបំពេញការងារមួយប្រភេទទៀត ទទួលបានប្រាក់ខែ៤៥០ដុល្លារក្នុងមួយខែ ។
របាយការណ៍បញ្ជាក់ថា លោកស្រី យា៉វ ឆើនយូ ជាគំរូល្អសម្រាប់អ្នកមានទ្រព្យស្តុកស្តម្ភនៅក្នុងប្រទេសចិន ក្រោយពីលោកស្រីនិងស្វាមី ក្លាយជាមហាសេដ្ឋី លើផ្នែកអចលនទ្រព្យ ។ បច្ចុប្បន្នអ្នកទាំង២នាក់ ក្លាយជាម្ចាស់អគារ ធំៗចំនួន២១ មានចំណូលភាគច្រើនពីការជួល ប៉ុន្តែលោកស្រី យា៉វ ឆើនយូ និងក្រុមគ្រួសារបែរជាជ្រើសយកការងារដ៏លំបាកប្រចាំថ្ងៃដូចជនវណ្ណៈទាប ខុសប្លែកពីគ្រួសារអ្នកមានស្តុកស្តម្ភនៅទូទាំងប្រទេស ៕
ចែករំលែកព័តមាននេះ