រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១២ កុម្ភៈ ២០១៤ ផ្សារទំនើប «សិនត្រល» ស្ថិតនៅតាមបណ្តោយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ខាងជើងភ្នំពេញស្ពតក្លឹប ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានធ្វើពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការដើម្បីបម្រើជូនអតិថិជននូវផលិតផលជាច្រើនមុខ សុទ្ធសឹងនាំចូលមកពីសហរដ្ឋអាមេរិកប្រកបដោយគុណភាពខ្ពស់ ។ ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រង បណ្តាពាណិជ្ជករ និងបុគ្គលិកជាច្រើនរូប ។
ប្រធានក្រុមហ៊ុនផ្សារទំនើប «សិនត្រល» ឱ្យដឹងថា ដោយមើលឃើញសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាបាន និងកំពុងរីកលូតលាស់ ធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានចំណូលខ្ពស់ និងម្យ៉ាងដោយចង់ឱ្យពលរដ្ឋខ្មែរបានស្គាល់ និងប្រើប្រាស់ផលិតផលបែបស៊ីវីល័យប្រកបដោយគុណភាពខ្ពស់នាំពីសហរដ្ឋអាមេរិកនោះ ទើបលោក និងក្រុមគ្រួសារសម្រេចដាក់ទុនបង្កើតផ្សារទំនើប «សិនត្រល» នេះឡើង ។
«សិនត្រល» លោកប្រធានក្រុមហ៊ុនអះអាងថា គឺជាផ្សារទំនើបតែមួយគត់នៅកម្ពុជាដែលនាំចូលផលិតផលគ្រប់ប្រភេទប្រកបដោយគុណភាពខ្ពស់ពីសហរដ្ឋអាមេរិក ។ ក្រៅពីផលិតផលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ ផ្សារទំនើប «សិនត្រល» ក៏មានសេវាល្អ ចំណតរថយន្តធំទូលាយ និងមានផាសុកភាពថែមទៀត ។ ប្រធានក្រុមហ៊ុនឱ្យដឹងថា ទំនិញនៅក្នុងផ្សារទំនើប «សិនត្រល» មានដូចជា ភេសជ្ជៈគ្រប់មុខ, អាហារូបត្ថម្ភ និងសម្ភារប្រើប្រាស់សម្រាប់ទារក និងកុមារ, សម្ភារប្រើប្រាស់ផ្ទះបាយ, គ្រឿងតុបតែងលម្អខ្លួនប្រាណសម្រាប់មនុស្សគ្រប់វ័យ, អាហារក្រៀម, កាហ្វេ និងតែដែលមានរសជាតិឆ្ងាញ់, ចំណីសត្វគ្រប់មុខ និងឱសថជាដើម ។ អ្វីដែលពិសេសជាងនេះទៀតនោះ ផ្សារទំនើបសិនត្រលនៅមានផ្តល់ជូនសេវាកម្មវេចខ្ចប់ជាកាដូគ្រប់ប្រភេទដល់អតិថិជនទៅតាមសេចក្តីត្រូវការ ។
ផ្សារទំនើបសិនត្រលលក់បញ្ចុះតម្លៃគ្រប់ផលិតផលទាំងអស់ ចាប់ពីថ្ងៃបើកសម្ពោធទី១២ រហូតដល់ថ្ងៃទី១៨ កុម្ភៈ ២០១៤ ។
សេដ្ឋកិច្ចប្រទេសកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់ធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធារ និងមានប្រាក់ចំណូលខ្ពស់ ជាហេតុនាំឱ្យងាកទៅរកការប្រើប្រាស់ផលិតផលទំនើបទាន់សម័យ និងស៊ីវីល័យដែលនាំចូលពីបរទេស។ ដោយមើលឃើញពីការរីកចម្រើនបែបនេះ បណ្តាពាណិជ្ជករជាច្រើនបានបង្កើតផ្សារទំនើប និងហាងទំនិញជាច្រើនក្នុងរាជធានីភ្នំពេញ ដោយនាំផលិតផល ឬសម្ភារ ទំនើបៗពីបរទេសដែលមានឈ្មោះល្បីនៅតំបន់អាស៊ី អាមេរិក និងអឺរុ៉បជាដើម ជាក់ស្តែងគឺផ្សារទំនើបសិនត្រល លក់សុទ្ធតែផលិតផលនាំចូលមកពីអាមេរិក ៕
ចែករំលែកព័តមាននេះ