សេតវិមានគូសបញ្ជាក់កាលពីថ្ងៃទី១២ កុម្ភៈថា ប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា នឹងមកកាន់ប្រទេសជបុ៉ន កូរ៉េខាងត្បូង ម៉ាឡេស៊ី និងហ្វ៊ីលីពីន នាដំណាច់ខែមេសាខាងមុខនេះ ។អ្នកនាំពាក្យសេតវិមានលោក JAY CARNEY ក្នុងសេចក្តីថ្លែងការណ៍មួយគូសបញ្ជាក់ថាដំណើរទស្សនកិច្ចនេះជាផ្នែកមួយនៃការសន្យាបច្ចុប្បន្នរបស់ប្រធានាធិបតី ដើម្បីពង្រឹងទំនាក់ទំនងការទូត សេដ្ឋកិច្ច និងសន្តិសុខជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។
លោកអូបាម៉ា ធ្លាប់បានលុបចោលដំណើរទស្សនកិច្ចមួយមកកាន់អាស៊ី កាលពីខែតុលាកន្លងមកនេះមកពីការកាត់ផ្តាច់ហិរញ្ញវត្ថុ “SHUTDOWN” របស់រដ្ឋាភិបាលសហព័ន្ធរយៈពេល១៦ថ្ងៃ ដោយសារការជាប់គាំងរឿងថវិកាក្នុងសភាដែលទស្សនកិច្ចនាពេលនោះលោកត្រូវជាពិសេសមកកាន់កោះបាលី ប្រទេសឥណ្ឌូណេស៊ី ចូលរួមក្នុងកិច្ចប្រជុំកំពូល APEC ទៅព្រុយណេចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ។
ក្នុងសុន្ទរកថាមួយស្តីពីនយោបាយអាមេរិកចំពោះអាស៊ី កាលពីខែវិច្ឆិកា លោកស្រីស៊ូសានរ៉ៃ ទីប្រឹក្សាសន្តិសុខជាតិរបស់លោកអូបាម៉ា ធ្លាប់បានប្រកាសថា ប្រធានាធិបតីមានគម្រោងធ្វើដំណើរមកកាន់អាស៊ីនាខែមេសា ៕
ចែករំលែកព័តមាននេះ