អាជ្ញាធរមូលដ្ឋានរាយការណ៍កាលពីថ្ងៃទី១២ កុម្ភៈថា ក្រុមអ៊ិស្លាមនិយមប្រដាប់អាវុធបូកូហារ៉ាម កាលពីយប់ថ្ងៃទី១១ កុម្ភៈ បានវាយប្រហារលើភូមិមួយនៅភាគឦសាននីហ្សេរីយ៉ាសម្លាប់មនុស្សដល់ទៅ៣៩នាក់ ។ អភិបាលរដ្ឋប័រណូ លោកកាស៊ីម សេតទីម៉ា ដែលចុះទៅកាន់កន្លែងវាយប្រហារថ្លែងទៅកាន់សារព័ត៌មានថា មនុស្សដល់ទៅ៣៩នាក់បានត្រូវស្លាប់ រួចជាង៧០% នៃភូមិនោះរងការបំផ្លាញខ្ទេចគ្មានសល់ ។ លោកចោទប្រកាន់ក្រុមជ្រុលនិយមបូកូហារ៉ាមថា ជាអ្នកវាយប្រហារប្រឆាំងភូមិ KONDUGA ស្ថិតនៅចម្ងាយ៣៥គីឡូម៉ែត្រពីទីក្រុងម៉ាអុីឌូហ្គូវី រដ្ឋធានីនៃរដ្ឋប័រណូ។
សាកសពជនរងគ្រោះភាគច្រើនត្រូវបានបញ្ជូនទៅកាន់ព្រះវិហារធំនៃតំបន់នោះ ហើយតម្រៀបគ្នានៅក្នុងទីធ្លា ។ បណ្តានារី និងកុមារស្ថិតក្នុងចំណោមជនរងគ្រោះ ។ចំណែកប្រភពព័ត៌មានមន្ទីរពេទ្យមួយនិយាយថា មនុស្ស៦៥នាក់ដែលរួមមាន នារីនិងកុមារជាច្រើននាក់ផងត្រូវបានដឹកទៅកាន់មន្ទីរពេទ្យសាកលវិទ្យាល័យក្រុងម៉ាអុីឌូហ្គូវី ដែលនៅទីនោះពួកគេទទួលការព្យាបាលរបួសដោយគ្រាប់កាំភ្លើង និងដោយភ្លើងរលាក ។
ប្រជាជនរៀបរាប់ថា ថ្ងៃទី១១ កុម្ភៈ នោះមុនពេលថ្ងៃលិច មនុស្សជាច្រើននាក់ជិះក្នុងរថយន្តទាំងឡាយបានវាយប្រហារលើភូមិ KONDURA សំដៅជាពិសេសលើព្រះវិហារអ៊ិស្លាមមួយ បណ្តាផ្សារ និងបណ្តាអគាររដ្ឋ បាញ់រះមិនរើសមុខលើប្រជាជន ហើយដុតប្រជាជនជាច្រើនរយនាក់ ។ ប្រជាជនមូលដ្ឋានរៀបរាប់ថា ការវាយប្រហារដែលចាប់ផ្តើមពីម៉ោង១៧និង៣០នាទីម៉ោងក្នុងស្រុកទៅមានរយៈពេលជាច្រើនម៉ោង ប្រព្រឹត្តដោយជនប្រដាប់អាវុធស្លៀកពាក់ឯកសណ្ឋានយោធាដល់ទៅប្រមាណជា៤០០នាក់ រួចផ្ទះសម្បែងដល់ទៅជាង២.០០០ខ្នងត្រូវដុតបំផ្លាញ ។
បណ្តាអ្នកកាសែតអាចឃើញជញ្ជាំងព្រះវិហារអ៊ិស្លាមត្រូវភ្លើងឆេះរោល ហើយក្នុងចំណោមផ្ទះ ឬអគាររងការបំផ្លាញរួមមាន គ្លីនិកមួយ និងបណ្ណាគារមួយផងដែរ ។ ពួកអ្នកដែលគេចផុតពីការសម្លាប់រង្គាលបានរត់ទៅពួននៅតាមគម្ពោតព្រៃ ហើយនៅមានការភ័យខ្លាចមិនហ៊ានវិលចូលភូមិវិញ ។ ចំណែកជនប្រដាប់អាវុធប្រមាណជា២០នាក់ដែលបិទមុខបានលុកចូលក្នុងសាលារៀនមួយសម្រាប់នារីក្នុងភូមិនោះ រួចចេញបញ្ជាឱ្យសិស្សស្រីទាំងអស់នាំគ្នាឈប់រៀនជាបន្ទាន់ដើម្បីយកប្តី ។ ពុំមានមនុស្សណាម្នាក់ក្នុងសាលានេះត្រូវរបួសឡើយ ក៏បុ៉ន្តែកន្លែងស្នាក់នៅរបស់សិស្សស្រី និងរបស់បុគ្គលិកសាលាត្រូវដុតបំផ្លាញ ។ សាលារៀននោះត្រូវបិទទ្វារគ្មានពេលកំណត់ រួចបណ្តាសិស្សស្រីបញ្ជូនទៅផ្ទះរបស់ពួកគេវិញ ។
អភិបាលរដ្ឋថ្លែងទៅកាន់បណ្តាអ្នកនៅរស់រានមានជីវិតថា ក្រុមបូកូហារ៉ាមបំពាក់អាវុធខ្លាំងជាងកងទ័ពនីហ្សេរីយ៉ាទៅទៀត ។ លោកស្នើឱ្យបញ្ជូនទាហានច្រើនថែមទៀតមកកាន់រដ្ឋប័រណូ ដែលមានទីតាំងសំខាន់របស់ក្រុមជ្រុលនិយមបូកូហារ៉ាមជាចំណុចកណ្តាលនៃការបះបោររបស់ពួកអ៊ិស្លាមនិយមជ្រុល ធ្វើឱ្យកក្រើកភាគខាងជើងនីហ្សេរីយ៉ា ។ រដ្ឋប័រណូ រដ្ឋអាដាម៉ាវ៉ា និងរដ្ឋយ៉ូបេ ជារដ្ឋ៣នៅភាគឦសាននីហ្សេរីយ៉ា ស្ថិតក្នុងស្ថានភាពប្រកាសអាសន្នចាប់តាំងពីខែឧសភា ឆ្នាំ២០១៣ មកក្នុងគោលបំណងបញ្ចប់ការបះបោរអ៊ិស្លាមដែលបណ្តាលឱ្យមនុស្សស្លាប់ជាច្រើនពាន់នាក់ចាប់តាំងពីឆ្នាំ២០០៩ មក ។ ទោះបីមានប្រតិបត្តិការយោធាដោយទ្រង់ទ្រាយធំនានាក៏ដោយ ក៏ការវាយប្រហាររបស់ពួកអ៊ិស្លាមនិយមនៅតែបន្តកើតមានក្នុងតំបន់នោះ ។
កាលពីថ្ងៃទី១១ កុម្ភៈ នោះមានការវាយប្រហារមួយទៀតប្រឆាំងភូមិ WAJIRKO ស្ថិតក្នុងរដ្ឋប័រណូដែរ បណ្តាលឱ្យមនុស្សស្លាប់៤នាក់ហើយពួកអ្នកវាយប្រហារបានបំផ្លាញផ្ទះអស់៥០ខ្នង ។ ក្រុមបូកូហារ៉ាមអះអាងថា ពួកគេប្រយុទ្ធដើម្បីបង្កើតរដ្ឋអ៊ិស្លាមមួយនៅភាគខាងជើងប្រទេស ជាតំបន់មានពួកអ៊ិស្លាមភាគច្រើន ។ ចំណែកនៅភាគខាងត្បូងនីហ្សេរីយ៉ាជាប្រទេសមានប្រជាជនច្រើនជាងគេនៅអាហ្វ្រិកមានពួកគ្រឹស្តភាគច្រើន ៕
ចែករំលែកព័តមាននេះ