យោងតាមរបាយការណ៍ថ្មីមួយពីក្រុមហ៊ុនLombard Street Researchបានឲ្យដឹងថា ក្តីបារម្ភពីកម្រិតបំណុលខ្ពស់ និងរូបិយប័ណ្ណឡើងថ្លៃកំពុងជំរុញឲ្យមានការនាំចូលមាសទៅក្នុងប្រទេសចិន ។ ក្រុមហ៊ុននេះបន្ថែមថា អាជ្ញាធរចិនទំនងជាកំពុងងាកមករកទិសដៅប្រើប្រាស់មាសក្នុងគម្រោងដើម្បីធ្វើឲ្យប្រាក់យាន់ជារូបិយប័ណ្ណអន្តរជាតិ ។
តាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយឲ្យដឹងថា ទីក្រុងប៉េកាំងនមិនបានចាត់ទុកមាសជាទ្រព្យសកម្មដែលមានប្រយោជន៍សម្រាប់ធ្វើពិពិធកម្មធនបម្រុងរូបិយប័ណ្ណបរទេសដែលមានតម្លៃ៣,៨លានលានដុល្លារនោះទេ ។ មាសបម្រុងទុករបស់ចិនមានចំនួន១.០៥៤តោន ដែលមានតម្លៃប្រហែល៤៥ពាន់លានដុល្លារ ។ តួលេខនេះមិនត្រូវបានធ្វើបច្ចុប្បន្នភាពទេចាប់តាំងពីឆ្នាំ២០០៩មក ហើយក្រុមហ៊ុនLombardនិយាយថា ចំនួននេះទំនងជាមិនច្បាស់លាស់ទេ ពីព្រោះចាប់តាំងពីការធ្វើបច្ចុប្បន្នភាពចុងក្រោយ ការនាំចូលមាសនិងផលិតកម្មក្នុងស្រុកមានចំនួនជាង៤.៥០០តោនឯណោះ ។
លោកហ្វ្រេយ៉ា បៀមីស(Freya Beamish)សេដ្ឋវិទូក្រុមហ៊ុនLombardនិយាយថា លំហូរមាសចូលទៅក្នុងប្រទេសចិនដ៏ច្រើនលើសលុបពិតជាធ្វើឲ្យសាទរបំផុត ដែលអាជ្ញាធរចិនអាចងាកទៅរកទិសដៅប្រើប្រាស់មាសក្នុងកិច្ចប្រឹងប្រែងដើម្បីធ្វើអន្តរជាតូបនីយកម្មរូបិយប័ណ្ណយាន់និងគេចចេញពីអ្វីដែលគេមើលឃើញថាជាភាពលើសលុបនៃប្រាក់ដុល្លារ ។
កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅប្រាក់យាន់ធ្វើការជួញដូរក្នុងតម្លៃ៦,០៦៥យាន់ក្នុងមួយដុល្លារអាមេរិក ។ ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រាក់យាន់បានឡើងថ្លៃខ្លាំង និងទទួលបានតំណែងជារូបិយប័ណ្ណពិភពលោកនៅគ្រាដែលទីក្រុងប៉េកំាងបន្ធូបន្ថយការគ្រប់គ្រងប្រាក់យាន់ និងបើកចំហរទីផ្សារហិរញ្ញវត្ថុដល់វិនិយោគិនបរទេស ៕
ចែករំលែកព័តមាននេះ