ខេត្តកំពង់ចាម ៖ រថយន្តប្រភេទកាមរីគូទស្វិត១គ្រឿងម្ចាស់ស្រវឹងស្រាជោកបានបោះពួយបុកចូលរោងការមួយកន្លែងស្ថិតនៅភូមិកន្ទួត ឃុំរំចេក ស្រុកមេមត់ធ្វើឱ្យភ្ញៀវកូនកម្លោះ ក្រមុំរត់ជាន់ជើងគ្នាទាំងព្រលឹងចុងសក់ ហើយត្រូវម្ចាស់ដើមការចោទប្រកាន់ថា ដកកាំភ្លើងបាញ់សំដៅភ្ញៀវឱ្យរបួសម្នាក់ទៀតផង។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី១២ កុម្ភៈ ២០១៤ ។
លោកវរសេនីយ៍ត្រី ប៉េង អេងហាក់ អធិការនគរបាលស្រុកមេមត់បានឱ្យដឹងថា អ្នកបើកបររថយន្តបង្កឈ្មោះសុង ឌុល ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិស្រែលើ សង្កាត់វិហារហ្លួង ក្រុងសួង ចំណែកជនរងគ្រោះឈ្មោះប៉ុក នេត ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិទួលស្នួល ឃុំទួលស្នួល ស្រុកក្រូចឆ្មារ របួសគល់ភ្លៅខាងស្តាំត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពចំការចេក។
ក្រោយពីកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំរំចេករាយការណ៍ហេតុការណ៍នេះមក លោកអធិការនគរបាលស្រុកមេមត់ក៏បានដឹកនាំកម្លាំងចុះទៅជាបន្ទាន់ដើម្បីពិនិត្យកន្លែងកើតហេតុ មិនឃើញមានក្បាលគ្រាប់កាំភ្លើងទេ និងបានជួបជាមួយនឹងអ្នករងគ្រោះ ពេលដែលមើលស្លាកស្នាមឃើញថា ជនរងគ្រោះមិនមែនត្រូវរបួសដោយគ្រាប់កាំភ្លើងទេ អាចរបួសដោយការប៉ះទង្គិចត្រូវនឹងអ្វីមួយ ចំណែកអ្នកបើករថយន្តឈ្មោះសុង ឌុល ក៏គ្មានកាំភ្លើងដែរ ករណីនេះសមត្ថកិច្ចនឹងស្រាវជ្រាវបន្ថែមទៀត។
លោកវរសេនីយ៍ត្រី ប៉េង អេងហាក់ បានបន្ថែមឱ្យដឹងទៀតថា អ្នកបង្កខាងលើត្រូវជាភ្ញៀវកូនកំលោះបានមកចូលរួមហូបការនៅភូមិកន្ទួត ឃុំរំចេកនៅពេលល្ងាចថ្ងៃទី១២ កុម្ភៈ លុះក្រោយមកប្រពន្ធបានទូរស័ព្ទហៅឱ្យទៅឌុបនៅរោងការមួយកន្លែងផ្សេងទៀតនៅក្រុងសួង។ រហូតដល់វេលាម៉ោង៩ និង៤០នាទីយប់ជនសង្ស័យបានត្រឡប់មករោងការនៅភូមិកន្ទួតវិញទាំងស្រវឹងធ្លាក់ភ្នែកក៏បើករថយន្តបុកចូលរោងការតែម្តង៕
ចែករំលែកព័តមាននេះ