ប្រទេសកម្ពុជាមានល្បែងប្រជាប្រិយមួយប្រភេទ គឺល្បែងទាញព្រ័ត្រដែលប្រជាជនខ្មែរចូលចិត្តនិយមលេង ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ។ ការលេងទាញព្រ័ត្រគេប្រើខ្សែដែលវែងរឹងមាំមួយ ហើយចែកដៃគូប្រកួតជាពីរក្រុមដោយមានសមាជិកច្រើន ដើម្បីចូលរួមប្រកួតទាញខ្សែនោះទៅវិញទៅមក ពោលគឺធ្វើយ៉ាងណាដណ្តើមយកឈ្នះចាញ់ ។
យ៉ាងណាមិញ បើតាមសារព័ត៌មានបរទេសនាពេលថ្មីៗនេះ បានបង្ហាញនូវភាពភ្ញាក់ផ្អើលមួយ ខណៈដែលនៅប្រទេសអូស្ត្រាលី មានការលេងល្បែងទាញព្រ័ត្រដែរ ក៏ប៉ុន្តែគេលេងតែពីរនាក់ប៉ុណ្ណោះ ដោយយកខ្សែមកថ្ពក់ជាប់នឹង.ក ហើយប្រើកម្លាំង.កនោះ ដើម្បីទាញខ្សែដែលជាប់នឹង.កនោះ ។
ទាញព្រ័ត្រ គឺជាល្បែងមួយប្រភេទដែលទទួលបាននូវការនិយមលេងពីសំណាក់ប្រជាជននៅប្រទេសអូស្ត្រាលីផងដែរ ពោលគឺល្បែងនេះត្រូវបានបង្កើតនៅក្នុងសតវត្សទី១៩ ហើយថែមទាំងមានការប្រកួតប្រជែងយកពានរង្វាន់ជាលើកទី១ នៅក្នុងឆ្នាំ១៩៨៤ ។ ការលេងទាញព្រ័ត្រនៅអូស្ត្រាលីគេបានយកខ្សែមកថ្ពក់ជាប់នឹង.ក ចំណែកដៃជើងរបស់អ្នកទាំងពីរវិញ ខំប្រឹងទប់ និងពង្រឹងជំហរកុំឱ្យដួល ។ លក្ខខណ្ឌនៃការប្រកួត ប្រសិនបើនរណាម្នាក់អាចធ្វើឱ្យដៃគូប្រកួតដួល ឬអាចទាញដៃគូប្រកួតឱ្យឆ្លងគំនូសបន្ទាត់ខ្សែនៅកណ្តាលបាន គឺម្នាក់នឹងហើយដែលអាចទទួលបានជ័យជម្នះ។
សូមបញ្ជាក់ថា ការលេងល្បែងទាញព្រ័ត្រនៅប្រទេសកម្ពុជា គ្រាន់តែជាការរូបរួមសាមគ្គីគ្នាក្នុងន័យបង្កើតបរិយាកាសសប្បាយៗតែប៉ុណ្ណោះ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិដែលប្រជាជនខ្មែរប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ។ ចំណែកប្រទេសអូស្ត្រាលីវិញ គេលេងជារៀងរាល់ឆ្នាំផងដែរ តែពួកគេលេងមិនមែនគ្រាន់តែជាការកម្សាន្តសប្បាយឡើយ ជាពិសេសនោះគឺពួកគេលេង ដើម្បីដណ្តើមយកជ័យលាភីទទួលនូវទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ប័ណ្ណសរសើរ និងមេដាយ ៕
ចែករំលែកព័តមាននេះ