ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយរៀបការជាមួយកូនចិញ្ចឹម ​មិនដល់១ឆ្នាំ បញ្ចប់​ដោយការលែងលះ ព្រោះតែមូលហេតុ​នេះ​

3 ខែ មុន

ប្រទេសរុស្ស៊ី ៖ ស្ត្រីជនជាតិរុស្សីម្នាក់ ដែលបានបង្កការភ្ញាក់ផ្អើល និងហួសចិត្តនៅលើប្រព័ន្ធជុំវិញ

0:00
0:00

ប្រទេសរុស្ស៊ី ៖ ស្ត្រីជនជាតិរុស្សីម្នាក់ ដែលបានបង្កការភ្ញាក់ផ្អើល និងហួសចិត្តនៅលើប្រព័ន្ធជុំវិញពិភពលោក នៅពេលសម្រេចចិត្តរៀបការជាមួយកូនប្រុសចិញ្ចឹមអាយុ២៣ឆ្នាំរបស់ខ្លួននោះ កាលពីពេលថ្មីៗនេះ បានប្រកាសដាក់ពាក្យលែងលះហើយ។ នេះបើតាមគេហទំព័រព័ត៌មាន LADbible របស់ចក្រភពអង់គ្លេស ចេញផ្សាយកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។

លោកស្រី Aisylu Chizhevskaya Mingalim មានអាយុ៥៤ឆ្នាំ រស់នៅសាធារណរដ្ឋតាតាកស្ដង់ (Tatarstan) នៃសហព័ន្ធរុស្ស៊ី បានជួបកុមារា Daniil Chizhevsky ជាលើកដំបូង នៅពេលលោកស្រីធ្វើការជាគ្រូបង្រៀនច្រៀង នៅមណ្ឌលកុមារកំព្រាដែល Daniil រស់នៅ។ នៅពេលនោះ Daniil ទើបមានអាយុ១៣ឆ្នាំប៉ុណ្ណោះ។ ដោយជានិស្ស័យ មិនយូរប៉ុន្មាន លោកស្រី Aisylu បានស្នើសុំ Daniil យកទៅចិញ្ចឹមនៅពេលគេមានអាយុ១៤ឆ្នាំ។

រឿងដ៏ភ្ញាក់ផ្អើលក៏បានកើតឡើង ដោយ៨ឆ្នាំក្រោយមក Aisylu ដែលជាម្តាយចិញ្ចឹម និង Daniil ជាកូនប្រុសចិញ្ចឹម បានសម្រេចចិត្តភ្ជាប់ចំណងស្នេហាជាមួយគ្នាក្នុងពិធីមង្គលការមួយ ដែលធ្វើឡើងនៅទីក្រុងកាហ្សាន (Kazan) យ៉ាងរីករាយ។ ប៉ុន្តែផ្ទុយទៅវិញ បន្ទាប់ពីរៀបការរួច គូស្នេហ៍មួយគូនេះ រងការរិះគន់ និងការប្រមាថយ៉ាងខ្លាំងពីសំណាក់មហាជន។

មន្ត្រីសុខុមាលភាពកុមារសម្តែងការហួសចិត្តយ៉ាងខ្លាំង ចំពោះអាពាហ៍ពិពាហ៍នេះ។ មិនត្រឹមតែប៉ុណ្ណោះ មន្ត្រីសុខុមាលភាពកុមារបានយកកូនចិញ្ចឹម៥នាក់ផ្សេងទៀតរបស់លោកស្រី Aisylu ដែលមានក្មេងប្រុសម្នាក់ និងក្មេងស្រី ៤នាក់ ចេញពីការថែទាំរបស់លោកស្រី ហើយក្មេងៗទាំងនោះត្រូវបានបញ្ជូនទៅផ្ទះថែទាំរដ្ឋ ឬត្រឡប់ទៅជួបជុំសាច់ញាតិគ្រួសារពួកគេវិញ។ ចំណែកលោកស្រី Aisylu និង Daniil បានគេចខ្លួនទៅរស់នៅទីក្រុងមូស្គូ បន្ទាប់ពីអ្នកស្រុកដែលអ្នកទាំងពីររស់នៅបានតវ៉ាប្រឆាំងនឹងវត្តមានអ្នកទាំងពីរ។

លោកស្រី Aisylu ក៏បានចែករំលែកអំពីរបៀបដែលអាពាហ៍ពិពាហ៍របស់លោកស្រី និងអតីតកូនប្រុសចិញ្ចឹមបានបំផ្លាញទំនាក់ទំនងលោកស្រីជាមួយនឹងក្រុមគ្រួសារលោកស្រី យ៉ាងដូច្នេះថា «ឥឡូវនេះ ទាំងឪពុក និងពូដែលស្រឡាញ់ខ្ញុំបំផុត ក៏មិនទទួលស្គាល់ និងដើរចេញខ្ញុំផងដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្វីៗហាក់ដូចជាចាប់ផ្តើមទៅបានល្អរវាងគូស្នេហ៍មួយគូនេះ ដែលបានផ្លាស់ប្តូរភាពមត់​ចត់ពីម្តាយ និងកូនប្រុសចិញ្ចឹមទៅជាប្តីប្រពន្ធ ដោយលោកស្រី Aisylu បាននិយាយថា ល្អឥតខ្ចោះ និងមានសុភមង្គល បើទោះបីជាត្រូវរស់នៅឯកោតែ២នាក់ក៏ពិតមែន។

យ៉ាងណាមិញ កំពុងតែមានសុភមង្គលសុខៗ ស្រាប់តែអ្វីៗប្រែទៅជាល្វីងជូរចត់យ៉ាងខ្លាំង លោកស្រី Aisylu ដែលខូចចិត្តបានលាតត្រដាងថា អ្នកទាំងពីរបានចែកផ្លូវគ្នា ពោលមិនដល់១ឆ្នាំផង បន្ទាប់ពីរៀបការ ដោយសារតែលោកស្រីបានដឹងថា Daniil កំពុងត្រៀមណាត់ជួបនារីផ្សេងទៀត ដែលគេស្គាល់នៅក្នុងគេហទំព័រណាត់ជួបគូស្នេហ៍មួយ។ ដូច្នេះលោកស្រីគិតថា គ្មានជម្រើសអ្វីផ្សេងទៀត ក្រៅពីការលែងលះគ្នានោះទេ។ លោកស្រីបានសារភាពថា «ខ្ញុំមានការខ្មាស់អៀនក្នុងការសារភាពរឿងនេះខ្លាំងណាស់»។

គួរបញ្ជាក់ថា ច្បាប់ស្តីពីការស្មុំកូន និងកុមារឆ្នាំ ២០០២ នៃរដ្ឋមួយចំនួនបានចែងថា កូនចិញ្ចឹមត្រូវប្រព្រឹត្តតាមផ្លូវច្បាប់ដូចជា កូនបង្កើតរបស់អ្នកសុំ ឬអ្នកចិញ្ចឹមដែរ។ ដូច្នេះ បុគ្គលនោះមិនអាចរៀបការជាមួយឪពុកម្តាយចិញ្ចឹមរបស់ខ្លួនបានទេ ហើយផ្ទុយមកវិញ បើពួកគេព្យាយាមរៀបការ មង្គលការនោះនឹងត្រូវចាត់ទុកជាមោឃៈដោយស្វ័យប្រវត្តិតែម្តង។ ទោះយ៉ាងណាក៏ដោយ កូនចិញ្ចឹមត្រូវបានអនុញ្ញាតឱ្យរៀបការជាមួយសមាជិកគ្រួសារចិញ្ចឹមពួកគេ រួមទាំងបងប្អូនប្រុសស្រី។ ប៉ុន្តែច្បាប់ស្តីពីទំនាក់ទំនងដែលបានអនុម័តអាចមានភាពខុសប្លែកគ្នា ទៅតាមប្រទេសនីមួយៗ៕ (ប្រភព ៖ LADbible)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ