(ស៊េអូល)៖ ក្រសួងសុខាភិបាល និងសុខុមាលភាពកូរ៉េបានផ្តល់មេដាយដល់ស្ត្រីពីរនាក់ ដែលក្នុងម្នាក់ៗសម្រាលបានកូន១៣នាក់។ ម្នាក់ក្នុងចំណោមនោះគឺម្ដាយរបស់តារាសម្ដែង Nam Bo-ra។

តារាសម្ដែង Nam Bo-ra
លោកស្រី Eom Gye-suk (អាយុ៦០ឆ្នាំ) បានទទួលមេដាយ Seongnyu ថ្នាក់ទី៥ សម្រាប់អ្នកដែលរួមចំណែកដល់ប្រទេសដែលមានសមិទ្ធិផលលេចធ្លោក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម ការអប់រំ ឬការសិក្សា។ លោកស្រី សម្រាលបានកូនប្រុស៥នាក់និងកូនស្រី៨នាក់នៅចន្លោះឆ្នា១៩៨៦និង២០០៧ដោយកូនគាត់ពេលនេះ ៩នាក់មានការងារធ្វើ ២នាក់រៀននៅមហាវិទ្យាល័យ និង២នាក់រៀននៅវិទ្យាល័យ។

លោកស្រី Lee Yeong-mi (អាយុ ៥៩ឆ្នាំ) គឺជាម្តាយជនជាតិកូរ៉េម្នាក់ទៀតដែលមានកិត្តិយសនៅក្នុងពិធីនេះ។ លោកស្រីសម្រាលកូន១៣ដង ចាប់ពីគាត់មានអាយុ២៣ឆ្នាំ រហូតដល់អាយុ ៤៤ឆ្នាំ បានចិញ្ចឹមកូនរបស់គាត់ ដើម្បីរួមចំណែកក្នុងវិស័យជាច្រើនក្នុងសង្គម។ ហើយកូនគាត់ម្នាក់ដែលល្បីជាងគេគឺតារាសម្ដែង Nam Bo-ra។ចំណែកកូនៗផ្សេងទៀតរួមមាន វិចិត្រករ ធនាគារិក អ្នកស្រាវជ្រាវ និងទន្តបណ្ឌិត ដែលជាកូនពៅដែលនៅរៀនវិទ្យាល័យនៅឡើយ។

សូមរម្លឹកថាបច្ចុប្បន្ននេះអត្រាកំណើតនៅកូរ៉េខាងត្បូងបានធ្លាក់ចុះយ៉ាងខ្លាំង ខណៈពលរដ្ឋកាន់តែច្រើនឡើងៗផ្តើមមានគំនិតលែងចង់បានកូន ឬយកកូនក្នុងចំនួនតិចតួចបំផុត ក៏ព្រោះតែបញ្ហាសេដ្ឋកិច្ច និងសម្ពាធពីសង្គម៕ ប្រភព៖ THE STAR

ចែករំលែកព័តមាននេះ