ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​មួយ​នៅ​អា​ហ្វ្រិក គ្រោង​ពិឃា.ត​សត្វព្រៃ​ជាង​៧០០​ក្បាល ចែក​សាច់​ដល់​ប្រជាជន​អត់ឃ្លា.ន

3 ខែ មុន

ប្រទេស​ណា​មី​ប៊ី ៖ ប្រទេស​ណា​មី​ប៊ី គ្រោង​នឹង​សម្លាប់​សត្វព្រៃ​ជាង ៧០០​ក្បាល រួម​ទាំង​សត្វ​ដំរី ដំរីទឹក និង​សេះបង្កង់ ហើយ​ចែកចាយ​សាច់​ដល់​ប្រជាជន​របស់​ខ្លួន ដែល​កំពុង​ជួប​វិបត្តិ​សន្តិសុខ​ស្បៀងអាហារ​ធ្ងន់ធ្ងរ…

ប្រទេស​ណា​មី​ប៊ី ៖ ប្រទេស​ណា​មី​ប៊ី គ្រោង​នឹង​សម្លាប់​សត្វព្រៃ​ជាង ៧០០​ក្បាល រួម​ទាំង​សត្វ​ដំរី ដំរីទឹក និង​សេះបង្កង់ ហើយ​ចែកចាយ​សាច់​ដល់​ប្រជាជន​របស់​ខ្លួន ដែល​កំពុង​ជួប​វិបត្តិ​សន្តិសុខ​ស្បៀងអាហារ​ធ្ងន់ធ្ងរ ខណៈ​ដែល​ប្រទេស​អាហ្វ្រិក​ប៉ែក​ខាងត្បូង​មួយ​នេះ ជួប​គ្រោះ​រាំង​ស្ងួត​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈពេល​១០០​ឆ្នាំ​។

តាម​ប្រភព​ពី​សារព័ត៌មាន CNN កាលពី​ស​ប្តា​ហ៍​មុន បាន​រាយការណ៍​ថា ក្រសួងបរិស្ថាន រុក្ខា​ប្រមាញ់ និង​ទេសចរណ៍​របស់​ប្រទេស​ណា​មី​ប៊ី​បាន​ប្រកាស​ថា សត្វព្រៃ​ដែល​នឹង​ត្រូវ​សម្លាប់​រួម​មាន​ដំរី​ចំនួន ៨៣​ក្បាល ដំរីទឹក ៣០​ក្បាល ក្របី ៦០​ក្បាល ប្រឹស ៥០ ក្បាល គោព្រៃ​ពណ៌​ខៀវ​នៅ​អាហ្វ្រិក (Blue Wildebeest) ១០០ ក្បាល និង​សេះបង្កង់ ៣០០ ក្បាល​ផង​ដែរ​។ ក្រសួង​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា សត្វព្រៃ​ទាំងនោះ នឹង​ត្រូវ​នាំ​មក​ពី​ឧទ្យាន​ជាតិ និង​តំបន់​សហគមន៍ ហើយនឹង​ត្រូវ​បាន​សម្លាប់​ដោយ​អ្នក​ពិឃាតសត្វ​អាជីព​។ ក្រសួង​បាន​បន្ថែម​ថា គោលបំណង​នៃ​ការ​ពិឃាត​សត្វព្រៃ​នេះ ដើម្បី​ជួយ​សម្រាល​ផល​ប៉ះពាល់​បណ្តាល​មក​ពី​គ្រោះ​រាំង​ស្ងួត​នៅ​ក្នុង​ប្រទេស​។

ប្រទេស​ណា​មី​ប៊ី​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន កាលពី​ខែឧសភា កន្លង​ទៅ ដោយសារ​ផល​ប៉ះពាល់​នៃ​គ្រោះ​រាំង​ស្ងួត​កាន់តែ​អាក្រក់​ទៅ​ៗ​។ ប្រជាជន​ប្រមាណ ១.៤​លាន​នាក់ ប្រហែល​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​សរុប​របស់​ប្រទេស​នេះ​ជាង ៣​លាន​នាក់​នោះ ត្រូវ​បាន​រំពឹង​ថា​នឹង​ប្រឈម​មុខ​កម្រិត​ខ្ពស់​នៃ​ការ​ខ្វះខាត​អាហារ​ធ្ងន់ធ្ងរ​។

ក្រសួង​បាន​គូសបញ្ជាក់​ថា ការ​ពិឃាត​សត្វព្រៃ​នឹង​ដក​សម្ពាធ​ចេញពី​ធនធានទឹក ដោយ​កាត់​បន្ថយ​សត្វព្រៃ​ក្នុង​តំបន់ ដែល​ជា​ចំនួន​លើស​លើ​ការ​ស៊ី​ស្មៅ និង​ផឹកទឹក​។ វា​ក៏​មាន​គោលបំណង​កាត់​បន្ថយ​ជម្លោះ​រវាង​សត្វ​ដំរី និង​មនុស្ស ដែល​អាច​កើនឡើង​អំឡុង​ពេល​គ្រោះ​រាំង​ស្ងួត នៅ​ពេល​ដែល​សត្វព្រៃ​ស្វែងរក​អាហារ និង​ទឹក​អាច​នាំ​ឱ្យ​ពួក​វា​ចូល​ទៅ​កាន់​តំបន់​មនុស្ស​រស់នៅ​។

ណា​មី​ប៊ី គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ជា​ច្រើន​នៅ​ទូ​ទាំង​អាហ្វ្រិក​ប៉ែក​ខាងត្បូង​ដែល​កំពុង​តស៊ូ​ជាមួយ​គ្រោះ​រាំង​ស្ងួត​ដ៏​អាក្រក់ ដែល​ជំរុញ​ដោយ​បាតុភូត​អេ​ល​នី​ណូ (El Nino) ដែល​ជា​គំរូ​អាកាសធាតុ​ធម្មជាតិ​ដែល​បាន​នាំ​ឱ្យ​មានការ​ថយ​ចុះ​ខ្លាំង នៃ​បរិមាណ​ទឹកភ្លៀង​នៅ​ក្នុង​តំបន់ ហើយ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ដោយ​វិបត្តិ​អាកាសធាតុ​ដែល​បណ្តាល​មក​ពី​កត្តា​មនុស្ស​ផង​ដែរ​។ កង្វះ​ទឹកភ្លៀង រួម​ផ្សំ​នឹង​សីតុណ្ហភាព​ក្តៅ​ខ្លាំង បាន​នាំ​ឱ្យ​ដំណាំ​ងាប់ និង​កម្រិត​នៃ​ភាព​អត់ឃ្លាន​កើនឡើង សម្រាប់​ប្រជាជន​រាប់​សិប​លាន​នាក់​នៅ​ក្នុង​តំបន់​៕ (​ប្រភព ៖ CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ