បរទេស ៖ ការលែងលះគ្នា តែងតែបង្កើតបានជាចំណងជើងសម្រាប់ហេតុផលផ្សេងៗគ្នា។ ពេលខ្លះដោយសារការរស់នៅមិនចុះសម្រុងគ្នា ពេលខ្លះក៏ពាក់ព័ន្ធនឹងភាពល្បីល្បាញរបស់បុគ្គលម្នាក់ៗ រឿងអាស្រូវទៀតសោត អំពើផិតក្បត់ ហើយពេលខ្លះទៀត ការលែងលះគ្នាក៏ដោយសារតែលុយផងដែរ។ បើយោងតាមប្រភពពីសារព័ត៌មាន Yahoo Finance កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ បានចេញផ្សាយអំពីបញ្ជី ការលែងលះគ្នាទាំង ៥ ដែលមានតម្លៃថ្លៃបំផុតលើពិភពលោក ៖
លោក Harold Hamm និងលោកស្រី Sue Ann Arnall ចំនួន ៩៧៥លានដុល្លារ
ការលែងលះរបស់មហាសេដ្ឋីប្រេងជនជាតិអាមេរិករូបនេះ ជាមួយប្រពន្ធដែលជាមេធាវី និងសេដ្ឋវិទូ បានតទល់គ្នានៅក្នុងតុលាការដ៏ជូរចត់រយៈពេល៣ឆ្នាំ មុនពេលលែងលះដាច់ស្រេចក្នុងឆ្នាំ ២០១៥ ។ លោក Hamm បានបញ្ចប់ការលែងលះទាំងស្រុង នៅពេលគាត់បានយល់ព្រមចេញសែកដល់អតីតប្រពន្ធក្នុងចំនួន ៩៧៥លានដុល្លារ ដែលស្មើនឹង ១.៣ពាន់លានដុល្លារ នៅពេលបច្ចុប្បន្ន។

លោក Bill Gross និងលោកស្រី Sue J. Frank ចំនួន ១.៣ពាន់លានដុល្លារ
វិនិយោគិន និងអ្នកគ្រប់គ្រងមូលនិធិជនជាតិអាមេរិក លោក Bill Gross ដែលបានបង្កើតទ្រព្យសម្បត្តិតាមរយៈក្រុមហ៊ុនគ្រប់គ្រងការវិនិយោគប៉ាស៊ីហ្វិក PIMCO ដែលគាត់ជាសហស្ថាបនិកក្នុងឆ្នាំ ១៩៧១។ លោកបានរៀបការជាមួយលោកស្រី Sue J. Frank ប្រពន្ធទី២ ដែលជាបុគ្គលធ្វើការងារសប្បុរសធម៌ក្នុងឆ្នាំ ១៩៨៥ ។
ការប្តឹងផ្តល់រវាងអ្នកទាំងពីរចាប់ផ្តើមនៅឆ្នាំ ២០១៦ ហើយបានលែងលះដាច់ស្រេចនៅឆ្នាំ ២០១៨ ដោយលោកស្រី Sue Gross ដើរចេញជាមួយទ្រព្យសម្បត្តិ ១.៣ពាន់លានដុល្លារ ដែលបច្ចុប្បន្នតម្លៃស្មើនឹង ១.៦ពាន់លានដុល្លារ រួមទាំងផ្ទះទំហំ ១,២៨៣ម៉ែត្រការ៉េ នៅតំបន់ Laguna Beach រដ្ឋកាលីហ្វ័រញ៉ា ដែលមានតម្លៃ ៣៦លានដុល្លារផងដែរ។

លោក Alec Nathan Wildenstein និងលោកស្រី Jocelyn Perisset ចំនួន ២.៥ពាន់លានដុល្លារ
លោកស្រី Jocelyn Perisset បុគ្គលសង្គមនិយមស្វីស ដែលប្រជាជនអាមេរិកស្គាល់យ៉ាងច្បាស់សម្រាប់រឿងធំពីរគឺ ទី១ ចំណង់ចំណូលចិត្តលោកស្រីលើការវះកាត់កែសម្ផស្ស និងទី២ រឿងរ៉ាវលែងលះដ៏កក្រើកជាមួយនឹងអតីតស្វាមី លោក Alec Nathan Wildenstein មហាសេដ្ឋីអាមេរិកដើមកំណើតបារាំងក្នុងឆ្នាំ ១៩៩៩។
អ្នកទាំងពីរបានទៅរស់នៅទីក្រុងឡាសវេហ្គាស សហរដ្ឋអាមេរិក ហើយរៀបការនៅក្នុងឆ្នាំ ១៩៧៨។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ដំណើរការលែងលះដ៏ស្មុគស្មាញបានចាប់ផ្តើមនៅឆ្នាំ ១៩៩៧ បន្ទាប់ពីលោក Alec រងការចោទប្រកាន់ថាភ្ជង់កាំភ្លើងដាក់ប្រពន្ធ នៅពេលដែលប្រពន្ធតាមទាន់លោកកំពុងនៅជាមួយនារីម្នាក់ទៀត។
បណ្តាសារព័ត៌មានអន្តរជាតិធំៗ បានចេញផ្សាយព័ត៌មានលម្អិតអំពីការលែងលះរបស់អ្នកទាំងពីរ ដោយលោក Alec ត្រូវបង់លើការទូទាត់សម្រាប់ការលែងលះចំនួន ២.៥ពាន់លានដុល្លារ ដែលបច្ចុប្បន្នស្មើនឹង ៤.៩ពាន់លានដុល្លារ។ លោកស្រី Jocelyn ក៏ទទួលបានការទូទាត់ប្រាក់ប្រចាំឆ្នាំចំនួន ១០០លានដុល្លារបន្ថែមទៀត សម្រាប់រយៈពេល១៣ឆ្នាំបន្ទាប់។ លោកស្រី Jocelyn ក៏ត្រូវបានអ្នកព័ត៌មានថតជាប់ពេលមកដល់តុលាការ សម្រាប់ដំណើរការលែងលះជាមួយមិត្តប្រុសថ្មីរបស់លោកស្រីផងដែរ។

លោក Bill Gates និងលោកស្រី Melinda Ann French ចំនួន ៦.២ពាន់លានដុល្លារ
បន្ទាប់ពីរៀបការបានរយៈពេល ២៧ឆ្នាំ លោក Bill Gates មហាសេដ្ឋីអាមេរិក និងជាសហស្ថាបនិកក្រុមហ៊ុន Microsoft រួមនឹងភរិយា Melinda French បានប្រកាសពីការសម្រេចចិត្តលែងលះគ្នា កាលពីខែឧសភា ឆ្នាំ ២០២១។ ហើយ៣ខែក្រោយមក អ្នកទាំងពីរបានដាច់ស្រេចនឹងគ្នាជាផ្លូវការ ប៉ុន្តែបានបញ្ជាក់ថានឹងបន្តដំណើរការអង្គការសប្បុរសធម៌ Bill & Melinda Gates Foundation ជាដៃគូសហការដដែល។
យោងតាមទស្សនាវដ្តីពាណិជ្ជកម្មអាមេរិក Forbes កាលពីឆ្នាំ ២០២២ បានឱ្យដឹងថា លោកស្រី Melinda French បានដើរចេញជាមួយនឹងភាគហ៊ុននៅក្នុងក្រុមហ៊ុនផ្សេងៗដែលមានតម្លៃយ៉ាងហោចណាស់ ៦.២ពាន់លានដុល្លារ។ ប៉ុន្តែប្រភពមួយចំនួនផ្សេងទៀតបានអះអាងថា ការទូទាត់សរុបរបស់លោក Bill Gates មានចំនួនច្រើនជាងនេះ។

លោក Jeff Bezos និងលោកស្រី MacKenzie Scott ចំនួន ៣៥ពាន់លានដុល្លារ
លោកស្រី MacKenzie Scott និងលោក Jeff Bezos មហាសេដ្ឋីអាមេរិក និងជាស្ថាបនិកក្រុមហ៊ុន Amazon បានស្គាល់គ្នាពេលកំពុងធ្វើការនៅមូលនិធិការពារហានិភ័យ ដែលស្ថិតនៅក្នុងទីក្រុងញូវយ៉ក ហើយរៀបការនៅឆ្នាំ ១៩៩៣ មុនពេលបង្កើតក្រុមហ៊ុនលក់ទំនិញ Amazon នៅក្នុងឆ្នាំ ១៩៩៤។
អាពាហ៍ពិពាហ៍អ្នកទាំងពីរបានប្រះឆាគ្នា ហើយដំណើរការលែងលះបានបង្កើតជាចំណងជាប្រវត្តិសាស្ត្រពិភពលោក ដែលជាការលែងលះមានតម្លៃថ្លៃបំផុតគ្រប់ពេល។ ជាផ្នែកមួយនៃដំណោះស្រាយការលែងលះក្នុងឆ្នាំ ២០១៩ លោកស្រី Scott ទទួលបាន ៤% នៃភាគហ៊ុនក្រុមហ៊ុន Amazon ដែលនៅពេលនោះមានតម្លៃ ៣៥ពាន់លានដុល្លារ ប៉ុន្តែបានឡើងថ្លៃបន្ទាប់ពីភាពជោគជ័យរបស់ក្រុមហ៊ុន អំឡុងពេលជំងឺរាតត្បាតកូវីដ-១៩។ ហើយ ៣៥ពាន់លានដុល្លារនៅពេលនោះ ស្មើនឹង ៤៣ពាន់លានដុល្លារនៅពេលបច្ចុប្បន្ននេះ។
បច្ចុប្បន្ន លោកស្រី MacKenzie Scott មានទ្រព្យសម្បត្តិសរុបប្រមាណ ៣៣.៣ពាន់លានដុល្លារ (24.5 ពាន់លានដុល្លារ)។ លោកស្រីត្រូវបានគេជឿថាបានបរិច្ចាគច្រើនជាង១៦ពាន់លានដុល្លារ ដើម្បីសកម្មភាពមនុស្សធម៌។ ចំណែក លោក Jeff Bezos ដែលជាអតីតស្វាមី បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបក្នុងតំបន់ចំនួន ១៩៧ពាន់លានដុល្លារ និងឈរជាបុគ្គលមានបំផុតទី២ នៅលើពិភពលោក៕ (ប្រភព ៖ Yahoo Finance)

ចែករំលែកព័តមាននេះ