ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ច្រឡំ​ទារក​នៅ​ថៃ​! មន្ទីរពេទ្យ​ព្រម​ផ្តល់​សំណង​ដល់​គ្រួសារ​ជនជាតិ​ថៃ និង​មី​យ៉ា​ន់​ម៉ា

2 អាទិត្យ មុន

ប្រទេស​ថៃ ៖ បើ​តាម​ប្រភព​ពី​កាសែត​ថៃ បាងកក​ប៉ុស្តិ៍ នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា​នេះ បានឱ្យ​ដឹង​ថា មន្ទីរពេទ្យ​មួយ​ស្ថិត​ក្នុង​ខេត្ត​សា​មុត​សា​ខន (Samut Sakhon)…

ប្រទេស​ថៃ ៖ បើ​តាម​ប្រភព​ពី​កាសែត​ថៃ បាងកក​ប៉ុស្តិ៍ នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា​នេះ បានឱ្យ​ដឹង​ថា មន្ទីរពេទ្យ​មួយ​ស្ថិត​ក្នុង​ខេត្ត​សា​មុត​សា​ខន (Samut Sakhon) បាន​យល់ព្រម​ផ្តល់​សំណង​ដល់​គ្រួសារ​ចំនួន ២ បន្ទាប់​ពី​សារភាព​កំហុស​រឿង​ប្រគល់​ទារក​ច្រឡំ​គ្នា​ពេល​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ បន្ទាប់​ពី​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ កាលពី​ខែ​មុន​។

ការ​សម្រេចចិត្ត​នេះ ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ដែល​ចុះហត្ថលេខា​ដោយ​លោក​វេជ្ជបណ្ឌិត Surawit Sakdanuparb ពី​ការិយាល័យ​សុខភាព​សាធារណៈ​ខេត្ត​សា​មុត​សា​ខន និង​លោក​វេជ្ជបណ្ឌិត Thammawit Kuakoonkiat ប្រធាន​មន្ទីរពេទ្យ Krathumbaen ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​នេះ​។ លោក​វេជ្ជបណ្ឌិត Surawit បាន​អះអាង​ថា ការ​ច្រឡំ​ទារក​គ្នា​បាន​កើតឡើង​កាលពី​ខែ​មុន ដែល​បាន​បណ្តាល​ឱ្យ​ទារក​ជនជាតិ​ថៃ​ម្នាក់​ត្រូវ​បាន​ប្រគល់​ឱ្យ​ឪពុក​ម្តាយ​ជនជាតិ​មី​យ៉ា​ន់​ម៉ា ហើយ​កូន​របស់​ពួក​គេ បែរជា​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​ឪពុក​ម្តាយ​ជនជាតិ​ថៃ​ទៅ​វិញ​។

បើ​យោង​តាម​សេចក្តីថ្លែងការណ៍​បានឱ្យ​ដឹង​ថា ទារក​ទាំង​ពីរ​ដែល​ទើបនឹង​កើត​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​ផ្នែក​ពិសេស​មួយ ដើម្បី​ទទួល​ការ​ព្យាបាល​សម្រាប់​ការ​ឆ្លង​មេរោគ​។ អំឡុង​ពេល​នោះ ខ្សែដៃ​សម្គាល់​អត្តសញ្ញាណ​ពួក​គេ​ត្រូវ​បាន​កាត់​ចេញ​ដោយ​គិលានុបដ្ឋាយិកា​ដែល​ងូតទឹក​ឱ្យ​ពួក​គេ​ផ្ទាល់ មុន​ពេល​ពាក់​ខ្សែដៃ​ថ្មី ហើយ​ច្រឡំ​គ្នា​តែ​ម្តង​។

នៅ​ពេល​មក​ដល់​ផ្ទះ​វិញ ឪពុក​ម្តាយ​ជនជាតិ​ថៃ​បាន​សង្កេត​ឃើញ​ថា ទារក​ដែល​ខ្លួន​នាំ​មក​ផ្ទះ មាន​កាយសម្បទា​ខុស​ប្លែក​ពី​ធម្មតា ទើប​ធ្វើ​ឱ្យ​ពួក​គេ​ត្រឡប់​ទៅ​មន្ទីរពេទ្យ​វិញ​។ ពួក​គេ​បាន​ស្នើ​សុំ​ការ​ធ្វើតេស្ត​ឌី​អិន​អេ (DNA) ហើយ​លទ្ធផល​បង្ហាញ​ថា ទារក​ដែល​ពួក​គេ​នាំ​យក​ទៅ​ផ្ទះ​គឺ​ពិតជា​មិនមែន​កូន​របស់​ពួក​គេ​មែន​។

នៅ​ក្នុង​ការ​ធ្វេសប្រហែស​នេះ លោក​វេជ្ជបណ្ឌិត Surawit Sakdanuparb បាន​បញ្ជាក់​ថា ខាង​មន្ទីរពេទ្យ Krathumbaen នឹង​ត្រូវ​ផ្តល់​សេវា​ព្យាបាល​ដោយ​ឥត​គិតថ្លៃ​ដល់​ទារក​ទាំង​ពីរ​ដើម្បី​ជា​សំណង​៕ (​ប្រភព ៖ បាងកក​ប៉ុស្តិ៍​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ