ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លឺថ្មី! សេរ៉ាឡេអូនអនុម័តច្បាប់ថ្មី ហាមប្រាមការរៀបអាពាហ៍ពិពាហ៍របស់កុមារ

5 ខែ មុន

ប្រទេសសេរ៉ាឡេអូន ៖ ប្រទេសសេរ៉ាឡេអូន (Sierra Leone) បានអនុម័តច្បាប់ថ្មី ហាមប្រាមការរៀប

ប្រទេសសេរ៉ាឡេអូន ៖ ប្រទេសសេរ៉ាឡេអូន (Sierra Leone) បានអនុម័តច្បាប់ថ្មី ហាមប្រាមការរៀបអាពាហ៍ពិពាហ៍របស់កុមារ ដោយទទួលបានការគាំទ្រ និងសាទរជាច្រើន នៅក្នុងពិធីចុះហត្ថលេខាប្រកាសប្រើប្រាស់ច្បាប់ថ្មីនេះជាផ្លូវការ ដែលរៀបចំឡើងដោយស្ត្រីទី១ នៃប្រទេសសេរ៉ាឡេអូន លោកស្រី Fatima Bio ស្ថិតក្នុងរដ្ឋធានី Freetown។ នេះបើតាមប្រភពពីសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។

ស្ត្រីទី១ នៃប្រទេសកាប់វែរ (Cape Verde) និងប្រទេសណាមីប៊ី (Namibia) ក៏បានអញ្ជើញចូលរួមក្នុងពិធីដ៏ឱឡារិកនោះ រួមជាមួយនឹងភ្ញៀងកត្តិយស អ្នកមុខអ្នកការជាច្រើននាក់ផ្សេងទៀតបានសាទរច្បាប់ថ្មីចូលជាធរមាន ដែលត្រូវបានចុះហត្ថលេខាប្រធានាធិបតីសេរ៉ាឡេអូន លោក Julius Maada Bio ដើម្បីហាមប្រាមការរៀបអាពាហ៍ពិពាហ៍របស់កុមារ។

ច្បាប់ថ្មីនោះ បានចែងថា ជនណាក៏ដោយ ដែលពាក់ព័ន្ធ ឬចូលរួមក្នុងអាពាហ៍ពិពាហ៍របស់ក្មេងស្រីដែលមានអាយុក្រោម១៨ឆ្នាំ នឹងត្រូវជាប់ពន្ធនាគារយ៉ាងហោចណាស់ ១៥ឆ្នាំ ឬពិន័យជាប្រាក់ប្រហែល៤ពាន់ដុល្លារអាមេរិក ឬអនុវត្តទោសទាំងពីរតែម្តង។ បុគ្គលប្រឈមនឹងការដាក់ទណ្ឌកម្មក្រោមច្បាប់ថ្មី រួមមានកូនកំលោះ ឪពុកម្តាយ ឬអាណាព្យាបាលកូនក្រមុំ និងសូម្បីតែអ្នកដែលបានចូលរួមក្នុងពិធីមង្គលការ។

អ្នកនាង Khadijatu Barrie និស្សិតសាកលវិទ្យាល័យ ដែលប្អូនស្រីនាងត្រូវបានបង្ខំរៀបការនៅអាយុត្រឹម១៤ឆ្នាំ បានប្រាប់ BBC ថា នាងរីករាយចំពោះច្បាប់ថ្មីនេះ ប៉ុន្តែវាយឺតពេលសម្រាប់ប្អូនស្រីរបស់នាង។ «ខ្ញុំពិតជាចង់ឱ្យវាកើតឡើងមុននេះ។ យ៉ាងហោចណាស់ខ្ញុំអាចជួយប្អូនស្រីខ្ញុំ មិត្តភ័ក្តិខ្ញុំ និងអ្នកជិតខាងផ្សេងទៀតផងដែរ»។

អ្នកនាង Khadijatu Barrie

ប្រទេសសេរ៉ាឡេអូន គឺជាសង្គមអយ្យកោ ហើយជារឿងធម្មតាសម្រាប់ឪពុក ដែលសម្រេចលើការរៀបអាពាហ៍ពិពាហ៍របស់កូនស្រីដោយបង្ខំ។ ជាក់ស្តែង Khadijatu Barrie ផ្ទាល់ បានប្រឈមនឹងការបង្ខំឱ្យរៀបការនៅអាយុត្រឹម១០ឆ្នាំ។ ប៉ុន្តែនាងបានប្រឆាំងនឹងការសម្រេចចិត្តរបស់ឪពុកនាង មុនពេលភៀសខ្លួនចេញពីផ្ទះ។ ទោះយ៉ាងណាក៏ដោយ Khadijatu Barrie គឺជាមនុស្សមានសំណាងដោយបានជួបគ្រូបង្រៀនដែលបានជួយបង់ថ្លៃសាលា និងបុគ្គលិកដែលមានការអាណិតអាសូរពីទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ ដែលបានជួយនាងកន្លងមក។

អ្នកនាង Khadijatu Barrie បានលើកឡើងថា វាពិបាកខ្លាំងណាស់ សម្រាប់អ្នករស់នៅតាមជនបទក្នុងការគោរពប្រពៃណីទំនៀមទំលាប់ ហើយសហគមន៍ទាំងអស់នឹងត្រូវជូនដំណឹងអំពីច្បាប់ថ្មីនេះ ដើម្បីការអនុវត្តមានប្រសិទ្ធភាព ហើយប្រទេសជាតិនឹងកាន់តែប្រសើរឡើង។

ក្រសួងសុខាភិបាលសេរ៉ាឡេអូនបានប៉ាន់ប្រមាណថា ក្មេងស្រី ១/៣ នៃចំនួនក្មេងស្រីសរុបនៅប្រទេសសេរ៉ាឡេអូន បានរៀបការមុនពេលពួកគេមានអាយុ១៨ឆ្នាំ ដែលស្មើនឹងចំនួនដ៏ច្រើននៃមរណភាពមាតារបស់ប្រទេសសេរ៉ាឡេអូន ក្នុងចំណោមចំនួនខ្ពស់បំផុតនៅលើពិភពលោក។

ស្ត្រីទី១ នៃប្រទេសសេរ៉ាឡេអូន លោកស្រី Fatima Bio ដែលឈានមុខគេនៅក្នុងការដឹកនាំយុទ្ធនាការប្រឆាំងនឹងការរំលោភបំពានផ្លូវភេទ ចាប់តាំងពីស្វាមីលោកស្រីបានក្លាយជាប្រធានាធិបតី កាលពី៦ឆ្នាំមុននោះ ចង់ឱ្យការចុះហត្ថលេខាលើច្បាប់ថ្មីនេះ ក្លាយជារឿងត្រូវយកចិត្តទុកដាក់បំផុតមួយ។

បណ្តាសកម្មជនសិទ្ធិមនុស្សសាទរចំពោះច្បាប់ថ្មីនេះ។ ការិយាល័យកិច្ចការអាហ្រ្វិករបស់សហរដ្ឋ​អាមេ​រិក​ក៏បានស្វាគមន៍ការអនុម័តច្បាប់ថ្មី និងសំខាន់របស់ប្រទេសឆ្នេរភាគនិរតីនៃអាហ្វ្រិកខាងលិចមួយនេះ ដោយហៅសកម្មភាពនេះថា ព្រឹត្តិការណ៍ដ៏សំខាន់មិនត្រឹមតែការពារក្មេងស្រីប៉ុណ្ណោះទេ ថែម​ទាំងលើកកម្ពស់ការការពារសិទ្ធិមនុស្សដ៏រឹងមាំផងដែរ៕ (ប្រភព ៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ