ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​​ធ្វើ​ផ្លូវ​ម្នាក់​ត្រូវ​បណ្តេញ​ពី​ការងារ ក្រោយ​​បន្ទោស​កណ្តុរ​ធ្វើ​ឱ្យ​មាន​ជង្ហុក​ដ៏​ធំ​មួយ

2 ខែ មុន

ប្រទេស​ឥណ្ឌា ៖ បុគ្គលិក​ក្រុមហ៊ុន​សាងសង់​ផ្លូវ​ម្នាក់ ដែល​ស្ថិត​ក្នុង​ផ្នែក​មួយ​នៃ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ដេ​លី​-​ម៉ុម​បៃ​របស់​ប្រទេស​ឥណ្ឌា (Delhi-Mumbai Expressway) ត្រូវ​បាន​បណ្តេញ​ចេញពី​ការងារ ក្រោយ​និយាយ​ថា សត្វ​កណ្តុរ​គឺជា​ដើមហេតុ​នាំ​ឱ្យ​កើត​មាន​ជង្ហុក​​ដ៏​ធំ​មួយ​នៅ​កណ្តាលផ្លូវ​ត្រង់​ចំណុច​ទីក្រុង​ដុល​សា (Dausa)…

ប្រទេស​ឥណ្ឌា ៖ បុគ្គលិក​ក្រុមហ៊ុន​សាងសង់​ផ្លូវ​ម្នាក់ ដែល​ស្ថិត​ក្នុង​ផ្នែក​មួយ​នៃ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ដេ​លី​-​ម៉ុម​បៃ​របស់​ប្រទេស​ឥណ្ឌា (Delhi-Mumbai Expressway) ត្រូវ​បាន​បណ្តេញ​ចេញពី​ការងារ ក្រោយ​និយាយ​ថា សត្វ​កណ្តុរ​គឺជា​ដើមហេតុ​នាំ​ឱ្យ​កើត​មាន​ជង្ហុក​​ដ៏​ធំ​មួយ​នៅ​កណ្តាលផ្លូវ​ត្រង់​ចំណុច​ទីក្រុង​ដុល​សា (Dausa) នៅ​ក្នុង​រដ្ឋ​រ៉ា​ចា​ស្ថាន (Rajasthan) ភាគ​ពាយ័ព្យ​ប្រទេស​ឥណ្ឌា​។

យោង​តាម​ប្រភព​ពី​សារព័ត៌មាន India Today កាលពី​ស​ប្តា​ហ៍​មុន​បានឱ្យ​ដឹង​ថា បុគ្គលិក​ដែល​ត្រូវ​បណ្តេញ​ពី​ការងារ​ខាងលើ ដើម​ឡើយ​ត្រូវ​បាន​អះអាង​ថា គឺជា​អ្នកគ្រប់គ្រង​ផ្នែក​ថែទាំ​ផ្លូវ​របស់​ក្រុមហ៊ុន KCC Buildcon​។ ប៉ុន្តែ​ក្រុមហ៊ុន​បាន​បញ្ជាក់​ពី​រឿង​នេះ​ក្នុង​លិខិត​មួយ​ទៅ​កាន់​អាជ្ញាធរ​ផ្លូវជាតិ​ឥណ្ឌា​ថា ការ​លើក​ឡើង​ដ៏​ហួសចិត្ត​ដោយ​បុគ្គលិក​វ័យក្មេង​ម្នាក់ ដែល​គ្មាន​ការ​យល់​ដឹង​អំពី​បច្ចេកទេស​ទាក់ទង​នឹង​គម្រោង​នេះ​ឡើយ ហើយ​បាន​បញ្ជាក់​ថា បុគ្គលិក​រូប​នោះ​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ហើយ​។ ក្រុមហ៊ុន​បាន​បញ្ជាក់​ក្នុង​លិខិត​មួយ​ថា «​បុគ្គលិក​រូប​នោះ​មិនមែន​ជា​អ្នកគ្រប់គ្រង​ផ្នែក​ថែទាំ​ផ្លូវ​នោះ​ទេ ហើយ​ការ​អះអាង​របស់​បុគ្គល​រូប​នោះ គឺ​មិន​ផ្អែក​លើ​ការ​យល់​ដឹង​ផ្នែក​បច្ចេកទេស​ឡើយ​»​។

គួរ​រំលឹក​ថា មុន​ត្រូវ​បាន​បណ្តេញ​ពី​ការងារ បុគ្គលិក​រូប​នោះ​បាន​ប្រាប់​សារព័ត៌មាន India Today ថា ​ជង្ហុកដ៏​ធំ​នៅ​កណ្តាលផ្លូវ​ទំនង​មក​ពី​សត្វ​កណ្ដុរ ឬ​សត្វ​តូច​ៗ​មួយ​ចំនួន​ផ្សេង​ទៀត​បាន​កាយ​រន្ធ ហើយ​ក្រោយមក​ធ្វើ​ឱ្យ​ទឹក​ជ្រាប​ចូល​។ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ បើ​តាម​លោក បាវ​វី យ៉ា​ដាវ (Balveer Yadav) ដែល​ជា​ប្រធាន​គម្រោង​ផ្លូវ​ល្បឿន​លឿនទី​ក្រុង​ដូ​វ​សាបាន​អះអាង​ថា ការ​កើត​មាន​​ជង្ហុក​ដ៏​ធំ​កណ្តាលផ្លូវ ដោយសារ​តែ​ទឹក​ហូរ​ច្រោះ​ដី មិនមែន​ដោយសារ​មក​ពី​សត្វ​កណ្តុរ​នោះ​ទេ​។ លោក​បន្ត​ថា ពេល​ដែល​អ្នកម៉ៅការ​ទទួល​បាន​ព័ត៌មាន​ពី​បញ្ហា​នោះ គាត់​បាន​ចុះ​ទៅ​បិទ​តំបន់​នោះ​ភ្លាម ហើយ​​ជង្ហុក​នោះ​ត្រូវ​បាន​ជួសជុល​រួច​ហើយ​។

ផ្លូវ​ល្បឿន​លឿន​ដេ​លី​-​ម៉ុម​បៃ​មាន​ប្រវែង ១,៣៨៦​គីឡូម៉ែត្រ គឺជា​ផ្លូវ​ល្បឿន​លឿន​បំផុត​របស់​ប្រទេស​ឥណ្ឌា ដែល​ត្រូវ​បាន​សាងសង់​ឡើង ដើម្បី​កាត់​បន្ថយ​ពេលវេលា​ធ្វើ​ដំណើរ​រវាង​ទីក្រុង​ទាំង​ពីរ​ពី​២៤​ម៉ោង មក​នៅ​ត្រឹម​១២​ទៅ​១៣​ម៉ោង​ប៉ុណ្ណោះ​។ ផ្លូវ​ល្បឿន​លឿន​នេះ​ឆ្លងកាត់​រដ្ឋ​ជា​ច្រើន រួម​មាន ហារី​យ៉ា​ណា (Haryana), រ៉ា​ចា​ស្ថាន (Rajasthan), ម៉ា​ដ​យ៉ា ប្រា​ដេ​ស (Madhya Pradesh), ហ្គូ​ចា​រ៉ាត (Gujarat) និង​រដ្ឋ​ម៉ា​ហា​រ៉ា​ស្ត្រា (Maharashtra)​។

លោក នី​ទី​ន ហ្គា​ដ​ការី (Nitin Gadkari) រដ្ឋមន្ត្រីក្រសួង​ដឹក​ជញ្ជូន​ផ្លូវគោក និង​ផ្លូវ​ហា​យ​វេ​ប្រទេស​ឥណ្ឌា​បាន​ធ្វើ​បច្ចុប្បន្នភាព កាលពី​ខែកក្កដា​កន្លង​ទៅ ថា ៨០%​នៃ​គម្រោង​ត្រូវ​បាន​បញ្ចប់​ហើយ ដោយ​យ៉ាង​ហោច​ណាស់​ត្រូវការ​រយៈពេល​១​ឆ្នាំ​បន្ថែម​ទៀត សម្រាប់​ការ​បញ្ចប់​ពេញលេញ​នៃ​ផ្លូវ​ល្បឿន​លឿន​ដេ​លី​-​ម៉ុម​បៃ​៕ (​ប្រភព ៖ India Today)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ