ខេត្តពោធិ៍សាត់ ៖ លោក ទាវ សុគន្ធ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា កាលពីរសៀលថ្ងៃទី១២ កុម្ភៈ ២០១៤ បាននាំយកថវិកាចំនួន ២០លានរៀល របស់សមាគមអតីតយុទ្ធជនកម្ពុជា មកប្រគល់ជូនគ្រួសារអតីតយុទ្ធជនកម្ពុជា ចំនួន ៥នាក់ ដែលបានប្រារព្ធធ្វើនៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ខេត្តពោធិ៍សាត់។
លោក ញ៉ឹក សារ៉េត ប្រធានមន្ទីរ បានជម្រាបជូនថា សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ បានបង្កើតឡើងដោយមហាសន្និបាតនៅឆ្នាំ២០០៧ បានដំណើរការ និងផ្ដល់ប្រាក់មរណៈសង្គ្រោះ ចាប់ពីឆ្នាំ២០០៨ តទៅ។ បច្ចុប្បន្ន អតីតយុទ្ធជនដែលទទួលរបបឧបត្ថម្ភគោលនយោបាយ មានចំនួន ៤៦៥០នាក់ ក្នុងនោះ ជនពិការ ១៣២៦នាក់ និវត្តន៍ជន ៩១១នាក់ ជនបាត់បង់សមត្ថភាពការងារ ៧៦នាក់ ពលី ២១៧៣នាក់ ជនមរណៈ ១៦៤នាក់ អ្នកក្នុងបន្ទុកសរុប ១០៥៦៣នាក់។
សមាជិកបានទទួលមរណៈភាព និងបំពេញបែបបទផ្ញើទៅអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការកណ្ដាលសអក ចំនួន ២០២នាក់ បានធ្វើពិធីប្រគល់ប្រាក់មរណៈសង្គ្រោះក្នុងឆ្នាំ២០១៣ ចំនួន ៦លើក ស្មើនឹង ២២នាក់ ឆ្នាំ២០១៤ បាន ២លើក ស្មើនឹង ៩នាក់។ សរុបមកដល់ពេលនេះ បានធ្វើពិធីប្រគល់ប្រាក់មរណៈសង្គ្រោះ ចំនួន ១១៣នាក់ហើយ ស្មើនឹងទឹកប្រាក់សរុប ៤៥២លានរៀល ចំនួនសមាជិកមិនទាន់បានទទួលនៅសល់ ៨៩នាក់ទៀត។
លោក ទាវ សុគន្ធ បានលើកឡើងពីការយឺតយ៉ាវកន្លងមក ដោយសារយើងមានមូលហេតុជាច្រើន ប៉ុន្តែ យើងនៅតែខិតខំប្រឹងប្រែងបើកជូនបានជាបន្តបន្ទាប់ ហើយនៅក្នុងអាណត្តិទី៥ នេះ រាជរដ្ឋាភិបាលនឹងរៀបចំឲ្យកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ ទៅបើកបៀរវត្យនៅឯធនាគារវិញ។ ការបង្កើតសមាគមនេះ ដើម្បីជួយគ្នាទៅវិញទៅមក ដែលជាគំនិតផ្ដួចផ្ដើមរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងការយកចិត្តទុកដាក់គិតគូរចំពោះជនពិការ និងអតីតយុទ្ធជន។
លោកផ្ដាំផ្ញើដល់គ្រួសារអតីតយុទ្ធជនទាំង ៥នាក់ ដែលទទួលបានថវិកាមរណៈសង្គ្រោះម្នាក់ ៤លានរៀល របស់សមាគមនាពេលនេះ សូមយកទៅប្រើប្រាស់ឲ្យបានចំគោលដៅ ដូចជា យកទៅធ្វើបុណ្យឲ្យសព ពង្រីកមុខរបរ ឬបង្កើតមុខរបរ ចិញ្ចឹមកូនរៀនជាដើម ជៀសវាងយកទៅលេងល្បែង ឫបម្រើការសប្បាយផ្សេងៗ ខុសពីលក្ខន្តិកៈរបស់សមាគម៕
ចែករំលែកព័តមាននេះ