ខេត្តកំពង់ចាម ៖ លោកឧត្តមសេនីយ៍ បែន រ័ត្ន ស្នងការនគរបាលខេត្ត នៅរសៀលថ្ងៃទី១២ កុម្ភៈ ២០១៤ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសកិ្តមន្រ្តីនគរបាលជាតិ ចំនួន ១១២រូប នៅសាលប្រជុំ នៃស្នងការដ្ឋាននគរបាលខេត្ត។
កញ្ញាអនុសេនីយ៍ឯក ហៃ ឡាលីន តំណាងឲ្យមន្រ្តីនគរបាលជាតិ ដែលទើបនឹងទទួលការប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិថ្មី បានធ្វើការប្តេជ្ញាចិត្តថា រយៈពេលកន្លងមកនេះ ក្នុងការងារបំពេញភារកិច្ចជូនអង្គភាព ក៏ដូចជាជូនរាជរដ្ឋាភិបាល រូបនាងបានយកអស់ស្មារតីយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្ត និងទទួលខុសត្រូវ រាល់គ្រប់ផែនការការងារ ដែលអង្គភាពបានប្រគល់ឲ្យប្រកបដោយជំហរមោះមុត ស្មារតីស្មោះត្រង់ បម្រើផលប្រយោជន៍ជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ទទួលបានលទ្ធផលល្អជាបន្តបន្ទាប់។
កញ្ញាបានបន្តថា ឆ្លើយតបចំពោះសមានចិត្ត សកម្មភាពដ៏ល្អប្រពៃ និងឧត្តុងឧត្តមរបស់ថ្នាក់លើចំពោះរូបនាងផ្ទាល់ សូមប្តេជ្ញាចិត្ត ស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ គោរព និងប្រតិបត្តិឲ្យបានល្អ តាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា គោរព និងអនុវត្តន៍ឲ្យបានល្អរាល់បទបញ្ជាផ្សេងៗ និងបំពេញកាតព្វកិច្ច ជានាយនគរបាលជាតិដ៏ល្អ។
បន្ទាប់មក លោកឧត្តមសេនីយ៍ បែន រ័ត្ន បានមានប្រសាសន៍សំណេះសំណាលឲ្យដឹងដែរថា កាសែត វិទ្យុ និងទូរទស្សន៍ ត្រូវផ្សព្វផ្សាយនូវព័ត៌មានស្ថិតក្នុងកម្រិតណា ដើម្បីកុំឲ្យប៉ះពាល់ដល់នីតិវិធីស្រាវជ្រាវរបស់សមត្ថកិច្ច ដែលកំពុងតែប្រតិបត្តិការស៊ើបអង្កេតតាមចាប់ជនសង្ស័យ។ លោកមានប្រសាសន៍បន្តថា កាលពីយប់ថ្ងៃទី១១ កុម្ភៈ ស្រុកបាធាយ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយស្រ្តី ២នាក់ ជិះម៉ូតូទៅបុកដែករបាំងស្លាកសញ្ញា ហើយបានផ្លោងខ្ទាតចូលទៅក្រោមរថយន្តដឹកចេក កិនស្លាប់ទាំង ២នាក់ គួរឲ្យរន្ធត់ណាស់។
កត្តានេះ បណ្តាលមកក្រុមហ៊ុនការដ្ឋានធ្វើផ្លូវមានការធ្វេសប្រហែសមិនដាក់ភ្លើងបំភ្លឺ។ លោកលើកឡើងថា ចំពោះដីអគារសាលប្រជុំនៅស្នងការដ្ឋានផ្នែកខាងកើត ដែលកំពុងធ្វើពិធីនេះ គ្រាដែលរូបលោកដល់ចូលកាន់តំណែងថ្មីៗ លេចឮថា គេលក់ទៅហើយ តែពេលឲ្យជំនួយការផ្ទាល់ចុះសួរនាំឧកញ៉ាម្នាក់នៅក្រុងកំពង់ចាម បានបដិសេធថា មិនមានការទិញដូរអ្វីនោះទេ៕
ចែករំលែកព័តមាននេះ