ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពលរដ្ឋក្នុង​ឃុំចន្ទ្រា ចោទ​អាជ្ញាធរ​ ប៉ូលិស ​ទាហាន ​យកពន្ធស្រែ​ក្នុង1​ហិកតា​40$

11 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង​ ៖ ​ប្រជា​ពលរដ្ឋ​ជាង​១០០​គ្រួសារ​ រស់​នៅ​ភូមិ​គោក​តែក​ និង​ភូមិ​ចន្ទ្រា​ ឃុំ​ចន្ទ្រា​ ស្រុក​ចន្ទ្រា​ បាន​ខឹង​សម្បា​យ៉ាង​ខ្លាំង​ និង​សុំ​ឱ្យ​អ្នក​សារ​ព័ត៌​មាន​​​ជួយ​ផ្សព្វ​ផ្សាយ​​​ ដោយ​ពួក​គាត់​ចោទ​ថា​ មាន​ប៉ូលិស​ ទាហាន​​ វរ​កាពារ​ព្រំ​ដែន​ព្រម​ទាំង​អាជ្ញា​ធរ​ឃុំ​​ចន្ទ្រា​ ​គាប​សង្កត់​ និង​ទារ​យក​ប្រាក់​​​ពី​ប្រជា​ពលរដ្ឋ​ដែល​ធ្វើ​ស្រែ​ប្រាំង​តាម​បណ្តោយ​​ព្រំដែន​កម្ពុជា​-​វៀត​ណាម​ ក្នុង​១​ហិកតា​ចំនួន​៤០​ដុល្លារ​ និង​សូម​ឱ្យ​​លោក​អភិ​បាល​​​ខេត្ត​ មេត្តា​​ជួយ​ដោះ​ស្រាយ​​ករណី​នេះ​ ។

ខេត្ត​ស្វាយ​រៀង​ ៖ ​ប្រជា​ពលរដ្ឋ​ជាង​១០០​គ្រួសារ​ រស់​នៅ​ភូមិ​គោក​តែក​ និង​ភូមិ​ចន្ទ្រា​ ឃុំ​ចន្ទ្រា​ ស្រុក​ចន្ទ្រា​ បាន​ខឹង​សម្បា​យ៉ាង​ខ្លាំង​ និង​សុំ​ឱ្យ​អ្នក​សារ​ព័ត៌​មាន​​​ជួយ​ផ្សព្វ​ផ្សាយ​​​ ដោយ​ពួក​គាត់​ចោទ​ថា​ មាន​ប៉ូលិស​ ទាហាន​​ វរ​កាពារ​ព្រំ​ដែន​ព្រម​ទាំង​អាជ្ញា​ធរ​ឃុំ​​ចន្ទ្រា​ ​គាប​សង្កត់​ និង​ទារ​យក​ប្រាក់​​​ពី​ប្រជា​ពលរដ្ឋ​ដែល​ធ្វើ​ស្រែ​ប្រាំង​តាម​បណ្តោយ​​ព្រំដែន​កម្ពុជា​-​វៀត​ណាម​ ក្នុង​១​ហិកតា​ចំនួន​៤០​ដុល្លារ​ និង​សូម​ឱ្យ​​លោក​អភិ​បាល​​​ខេត្ត​ មេត្តា​​ជួយ​ដោះ​ស្រាយ​​ករណី​នេះ​ ។

​​បើតាម​តំណាង​ប្រជា​ពលរដ្ឋ​​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​​​ប្រាប់​ឱ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​រស់​នៅ​ភូមិ​គោក​​តែក និង​ភូមិ​ចន្ទ្រា​ដែល​មាន​ដី​ស្រែ​ជិត​​ព្រំ​ដែន​ បាន​ធ្វើ​ស្រែ​ប្រាំង​ប្រមាណ​ជា​១.០០០​ហិកតា​​ ដោយ​សុំបូម​ទឹក​ប្រឡាយ​ពី​ប្រទេស​វៀត​ណាម ហើយ​ភាគី​វៀត​ណាម​គេ​ពុំ​ដែល​ទារ​យក​ប្រាក់​ទេ ។ ​ប៉ុន្តែ​​សមត្ថ​កិច្ច​នគរ​បាល​ការពារ​ព្រំ​ដែន​​ ​ទាហាន​វរ​ការពារ​ព្រំ​ដែន​ និង​អាជ្ញាធរ​ឃុំ​ចន្ទ្រា​​ បាន​មក​ទារ​ប្រាក់​ពី​ប្រជា​ពលរដ្ឋ​យ៉ាង​តឹង​រុឹង​បំផុត​ ដោយ​តម្រូវ​ឱ្យ​ប្រជា​ពលរដ្ឋ​​បង់​ប្រាក់​ឱ្យ​ពួកគេ​ទាំង​៣​ស្ថាប័ន​ខាង​លើ​  សរុប​ក្នុង​១​ហិកតា​​៤០​ដុល្លារ​ សរុប​ទាំង​អស់​​១.០០០​ហិកតា​ គឺ​ត្រូវ​បង់​៤​មុឺន​ដុល្លារ​ ។ ករណី​នេះ​បាន​កើត​ឡើង​អស់​រយៈ​ពេល​១​ស​ប្តាហ៍​មក​ហើយ​​​ គិត​រហូត​មក​ដល់​ថ្ងៃ​ទី​១១ កុម្ភៈ ។

​ប្រភព​​ដដែល​បន្ត​ទៀត​ថា ក្នុង​នោះ​​ប៉ូលិស​ការពារ​ព្រំដែន​​​​យក​១​ហិកតា​​​​២៥​ដុល្លារ​ យោធា​វរ​ការពារ​ព្រំដែន​​​​​យក​១​ហិកតា​​១០​ដុល្លារ​ ចំណែក​លោក​មេឃុំ​ចន្ទ្រា​យក​១​ហិកតា​៥​​ដុល្លារ ។ ឯ​ពួកគាត់​ធ្វើ​ស្រែ​ប្រាំង​ចំណាយ​ដើម​ទុន​អស់​ជា​ច្រើន​ទៅ​លើ​ពូជ ​ជី ទឹក និង​ថ្នាំ​កសិ​កម្ម​ ពិសេស​អ្នក​បច្ចេក​ទេស​ថែ​ទាំ​ ក្នុង​១​គ្រួសារៗ​​ធ្វើ​ស្រែ​១​ហិកតា​​ទៅ​២​ហិក​តា​ប៉ុណ្ណោះ ​​គ្រាន់​បាន​​ផ្គត់​ផ្គង់​ជីវ​ភាព​ និង​មាន​ប្រាក់​ចំណូល​​​សម្រាប់​គ្រួសារ​​ ។ ចំណែក​អ្នក​ខ្លះ​ពេល​ចុង​រដូវ​ ប្រាក់​ក៏​​ចង់​អស់​ បណ្តាល​ឱ្យ​ខ្វះ​ប្រាក់​សម្រាប់​ច្រូត​កាត់​ និង​ផ្គត់​ផ្គង់​ជីវភាព​​​​​ទៀត​ផង​ ស្រាប់​តែ​​មាន​គេ​នាំ​គ្នា​​មក​​ជំរិត​ទា​រ​ប្រាក់​​ក្នុង​​១​ហិក​តា​៤០​ដុល្លារ​​យ៉ាង​ស្រួល​ទៅ​  វិញ ។ ចំពោះ​ប្រជា​ពលរដ្ឋ​បាន​ច្រូត​កាត់​​ផល​ស្រូវ​ រួច​ដឹក​យក​ទៅ​លក់​ដើម្បី​យក​ប្រាក់​សង​ថ្លៃ​ពូជ​ស្រូវ​ ជី ថ្នាំ​កសិ​កម្ម ថ្លៃ​ច្រូត​បោក​បែន​ ក៏ត្រូវ​សមត្ថ​កិច្ច​នគរបាល​វរ​ការពារ​ព្រំដែន​​ប៉ុស្តិ៍​ចន្ទ្រា​​ ​ទារ​លុយ​ក្នុង​១​គោយន្ត​១សែន​ដុង​ រថយន្ត​កែ​ច្នៃ​១​គ្រឿង​​១៥​មុឺន​ដុង​ទៀត​ ។ តើ​ការ​​​ជំរិត​ទារ​ប្រាក់​នេះ ​យក​ទៅ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ឬ​យក​ទៅ​ដាក់​ហោប៉ៅ ?

ប្រជា​ពលរដ្ឋ​​បាន​​សំណូម​ពរ​​ទៅ​​រាជ​រដ្ឋា​ភិបាល​ ដែល​មាន​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន​ ​ជា​ប្រមុខ​ មេត្តា​ជួយ​អន្តរា​គមន៍​ដល់​គណៈ​កម្មា​ធិការ​កំណែ​ទម្រង់​ថ្នាក់​ជាតិ​ មេត្តា​អញ្ជើញ​ចុះ​​មក​ជួប​ប្រជា​ពលរដ្ឋ​រង​គ្រោះ​នៅ​ឃុំ​ចន្ទ្រា​ ស្រុក​ចន្ទ្រា​​ ដើម្បី​ឱ្យ​ទទួល​បាន​យុត្តិ​ធម៌​ផង​ កុំ​ឱ្យ​ជន​ឆ្លៀត​ឱកាស​ និង​មន្ត្រី​ខិល​ខូច​​ធ្វើ​ព្យុះ​​ធ្វើ​ភ្លៀង​ រក​មាន​បាន​​លើ​ទឹក​​ភ្នែក​អ្នក​ស្រែ​​​ នៅ​ជន​បទ​ ។ ​ទាក់​ទិន​​នឹង​ការ​ចោទ​ប្រកាន់​​នេះ​ យើង​ពុំ​អាច​រក​ការ​បំភ្លឺ​ពី​ស្ថាប័ន​ទាំង​៣​ខាង​លើ​បាន​នៅ​ឡើយ​ទេ ។

លោក ជា​ យឿង​ អភិបាល​ស្រុក​ចន្ទ្រា​ បាន​មាន​ប្រសាសន៍​តាម​​ទូរ​ស័ព្ទ​នៅថ្ងៃ​ទី​១២ កុម្ភៈ​ វេលា​ម៉ោង​១០​ព្រឹក​ថា​ រូប​លោក​ពុំ​បាន​ដឹង​រឿង​​នេះ​ទេ ​ហើយ​លោក​នឹង​ចុះ​ទៅ​ពិនិត្យ​​ស្រាវ​ជ្រាវ​ករណី​ចោទ​ប្រកាន់​ខាង​លើ​​​​​តើ​វា​ជា​ការ​ពិត​ឬ​បែប​ណា​ ព្រោះ​នេះ​​ជា​ទង្វើ​ប៉ះ​ពាល់​ដល់​គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិបាល​ធ្ងន់​ធ្ងរ​ណាស់ ដែល​តែង​​លើក​ឡើង​ថា​​រដ្ឋ​មិន​យក​ពន្ធ​លើ​ដី​ស្រែ​ពី​កសិករ​នោះ ៕