ខេត្តសៀមរាប ៖ ប្រធានមន្ទីរទេសចរណ៍ខេត្ត បានព្រមាននឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍មួយចំនួនដែលប្រើប្រាស់ជនបរទេសឱ្យដើរបកស្រាយពន្យល់ពីប្រវត្តិសាស្ត្រខ្មែរនៅតាមប្រាសាទបុរាណ ឬរមណីយដ្ឋាននានាដោយផ្ទាល់ទៅកាន់ភ្ញៀវទេសចររបស់ខ្លួន ។ ការព្រមានបែបនេះបានធ្វើឡើងក្រោយពេលមានសេចក្តីរាយការណ៍ថា មានជនជាតិរុស្ស៊ី និងកូរ៉េជាច្រើននាក់ត្រូវបានចាត់តាំងឱ្យដើរបកស្រាយផ្ទាល់ទៅកាន់ភ្ញៀវដែលដើរទស្សនាតាមប្រាសាទបុរាណនានា ដោយទុកឱកាសឱ្យកូនខ្មែរដែលមានតួនាទីជាមគ្គុទ្ទេសក៍ពិតប្រាកដដើរកាន់ស្បែកជើង និងយួរទឹកបរិសុទ្ធឱ្យទៅវិញ ។
ប្រធានមន្ទីរទេសចរណ៍ខេត្ត លោកង៉ូវ សេងកាក់ បានថ្លែងនៅក្នុងបទសម្ភាសន៍មួយកាលពីព្រឹកថ្ងៃទី៨ កុម្ភៈថា លោកបានស្នើទៅគណៈអភិបាលខេត្តរួចហើយដើម្បីបង្កើតគណៈកម្មការចម្រុះមួយសម្រាប់ចុះទប់ស្កាត់សកម្មភាពរបស់ទីភ្នាក់ងារទេសចរណ៍បរទេសមួយចំនួន ដែលអនុញ្ញាតឱ្យជនបរទេសដើរបកស្រាយដោយផ្ទាល់ទៅកាន់ភ្ញៀវនៅតាមប្រាសាទបុរាណនានា។ គណៈកម្មការនោះ មានសមាសភាពចូលរួមដោយមន្ត្រីអាជ្ញាធរខេត្ត មន្ទីរទេសចរណ៍ អាជ្ញាធរអប្សរាដែលគ្រប់គ្រងរមណីយដ្ឋានអង្គរ និងអង្គភាពនគរបាលទេសចរណ៍ផងដែរ ។ លោកប្រធានមន្ទីរបានបន្ថែមថា បេសកកម្មនេះនឹងធ្វើរយៈពេលវែង ដោយដំណាក់កាលដំបូងៗយើងចាប់យកវិធានការអប់រំ និងធ្វើកិច្ចសន្យា មុននឹងឈានទៅដល់វិធានការតាមផ្លូវច្បាប់ដែលតម្រូវឱ្យមានការផាកពិន័យជាទឹកប្រាក់ចាប់ពី២លានរៀលឡើងទៅ ។ ដូច្នេះក្នុងនាមមន្ទីរទេសចរណ៍ សូមធ្វើការព្រមានដល់បណ្តាក្រុមហ៊ុន ទីភ្នាក់ងារទេសចរណ៍ទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពយកជនបរទេសដែលមានសិទ្ធិត្រឹមតែជាអ្នកបកប្រែបន្តទៅធ្វើសកម្មភាពជំនួសមគ្គុទ្ទេសក៍ខ្មែរទាំងស្រុងបែបហ្នឹង ។
យោងតាមឯកសារថតចម្លងមួយច្បាប់ដែលផ្តល់ជូនដោយមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តកាលពីពេលថ្មីៗនេះបង្ហាញថា នៅក្នុងខេត្តសៀមរាបទាំងមូលមានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ចំនួន៩ ដោយមានមគ្គុទ្ទេសក៍ទេសចរណ៍សរុបចំនួន៤.១៤៣នាក់ ក្នុងនោះស្រី៥៦៣នាក់ មានអាជ្ញាប័ណ្ណ៣.៤៩៥នាក់ (ស្រី៤០០នាក់) ចែកចេញជា១២ភាសា ។ លោកងូ៉វ សេងកាក់ បានបញ្ជាក់ថា តាមផ្លូវច្បាប់មគ្គុទ្ទេសក៍ទេសចរណ៍ត្រូវតែជាជនជាតិខ្មែរ មិនអាចឱ្យជនបរទេសបានទេ បុ៉ន្តែដោយសារតែស្ថានភាពទេសចរកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យមានកង្វះមគ្គុទ្ទេសក៍ទេសចរណ៍ផ្នែកភាសាមួយចំនួន ជាពិសេសភាសាកូរ៉េ និងរុស្ស៊ីតែម្តង ទើបអនុញ្ញាតឱ្យជនបរទេសមានសិទ្ធិធ្វើជាអ្នកបកប្រែបន្តទៅកាន់ភ្ញៀវតាមពីក្រោយមគ្គុទ្ទេសក៍ខ្មែរមួយរូបនិយាយភាសាដែលខ្លួន (អ្នកបកប្រែ) ចេះ ។ ទោះជាយ៉ាងនេះក្តី នៅក្នុងកិច្ចប្រជុំកាលពីពេលថ្មីៗនេះ មានការរិះគន់ទៅលើក្រុមជនជាតិរុស្ស៊ី និងជនជាតិកូរ៉េ ដែលបានទទួលសិទ្ធិអនុញ្ញាតធ្វើជាអ្នកបកប្រែបន្តភាគច្រើនបានរំលោភទៅនឹងព្រំកំណត់របស់ខ្លួន ដោយធ្វើសកម្មភាពបកប្រែត្រង់ៗនូវប្រវត្តិសាស្ត្រខ្មែរទៅកាន់ភ្ញៀវទេសចរ ចំណែកជនជាតិខ្មែរម្ចាស់ប្រទេសម្ចាស់ប្រវត្តិសាស្ត្របានក្លាយទៅជាអ្នកយួរស្បែកជើង ឬកាន់ដបទឹកបរិសុទ្ធឱ្យភ្ញៀវទៅវិញ ។
ក្រុមអ្នករិះគន់ខាងលើបញ្ជាក់ថា មូលហេតុដែលមគ្គុទ្ទេសក៍ខ្មែរបណ្តោយខ្លួនឱ្យក្លាយទៅជាអ្នកកាន់ស្បែកជើង ឬកាន់ទឹកបរិសុទ្ធឱ្យភ្ញៀវបែបហ្នឹង ដោយសារតែពួកគាត់មិនមានជំនាញពិតប្រាកដ ហើយត្រូវបានគេជួលជាកម្រៃ២០ទៅ៣០ដុល្លារក្នុងមួយថ្ងៃដើម្បីបង្គ្រប់កិច្ច ។ ការធ្វើបែបហ្នឹងវាមិនបានចំណេញអ្វីសូម្បីតែបន្តិចមកប្រជាពលរដ្ឋខ្មែរទេ ព្រោះការទិញដូរហូបចុកផ្សេងៗត្រូវបានអ្នកបកប្រែទាំងនោះបញ្ចុះបញ្ចូលទៅរកហាងរបស់ជនបរទេសស្ទើរទាំងអស់ ។ ទាក់ទិនទៅនឹងករណីនេះដែរ កាលពីបុ៉ន្មានឆ្នាំមុននេះ មានការបញ្ចេញជាទស្សនៈជាច្រើនបែបស្តីបន្ទោស និងរិះគន់ពីសំណាក់អ្នកនយោបាយ និងក្រុមអ្នកប្រវត្តិសាស្ត្រខ្មែរទៅលើក្រសួងទេសចរណ៍ដែលជាអ្នកចេញគោលការណ៍អនុញ្ញាតឱ្យជនបរទេសមានសិទ្ធិដើរអត្ថាធិប្បាយជូនភ្ញៀវទេសចរ នាំឱ្យមានកំហុសឆ្គងនៃការបកស្រាយខុសនូវប្រវត្តិសាស្ត្រខ្មែរ ជាពិសេសធ្វើឱ្យធ្លុះធ្លាយសម្រាប់កូនខ្មែរក្នុងការស្រូបយកចំណូលបានមកពីវិស័យទេសចរណ៍ ។
គួរបញ្ជាក់ថា ខេត្តសៀមរាបត្រូវចាត់ទុកថា ជាតំបន់ប៉ូលនៃវិស័យទេសចរណ៍ជាតិ និងស្រូបយកចំនួនភ្ញៀវទេសចរប្រមាណ៦០% នៃចំនួនទេសចរសរុបលើសពី៣លាននាក់ទូទាំងប្រទេសកាលពីឆ្នាំ២០១៣ កន្លងទៅ ដោយបានបង្កើតនូវចំណូលជាច្រើនពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ បុ៉ន្តែចំណូលទាំងនោះត្រូវជនបរទេសមួយចំនួនមកដណ្តើមយកទៅវិញស្ទើរទាំងស្រុង ជាពិសេសជនជាតិកូរ៉េ និងជនជាតិរុស្ស៊ីតែម្តង តាមរយៈក្រុមហ៊ុនទេសចរណ៍ ភោជនីយដ្ឋានធំៗ សេវាកម្មស្នាក់នៅ ដឹកជញ្ជូន ហាងលក់វត្ថុអនុស្សាវរីយ៍ កន្លែងចាប់សរសៃ (ហាងម៉ាស្សា) រហូតដល់សេវាកម្មនាំភ្ញៀវនៅតាមប្រាសាទបុរាណទៀត ។
ក្រុមអ្នកប្រវត្តិសាស្ត្រថ្លែងយ៉ាងដូច្នេះថា «ពួកជនបរទេសទាំងមិននោះមិនចេះនិយាយ ឬអានអក្សរខ្មែរទេ និងមិនចាំរឿងរ៉ាវប្រវត្តិសាស្ត្រខ្មែរដែលមានអាយុកាលរាប់ពាន់ឆ្នាំឆ្លាក់ជាប់នៅតាមជញ្ជាំងប្រាសាទបុរាណទាំងនោះទេ ដូច្នេះការបកស្រាយរបស់ពួកគេនាំឱ្យមានការព្រួយបារម្ភពីកំហុសឆ្គងផ្នែកប្រវត្តិសាស្ត្រខ្មែរផងដែរ»៕
ចែករំលែកព័តមាននេះ