ខេត្តព្រះវិហារ ៖ លោកយាយ ឈីវ លាង អាយុ ៧០ឆ្នាំ ដែលមានដីលំនៅឋានទំហំ៣៣ម៉ែត្រគុណនឹង៦៥ម៉ែត្រ ជាប់នឹងព្រំប្រទល់ដីមន្ទីរពេទ្យខេត្ដ ត្រូវមន្ទីរសុខាភិបាលខេត្ដប្រើល្បិចរឹបអូសយកប្រៀបដូចប្លន់ តាមផ្លូវច្បាប់កាលពីថ្ងៃទី១១ កុម្ភៈ ២០១៤ បន្ទាប់ពីក្ដីក្ដាំគ្នាអស់រយៈពេល៩ឆ្នាំកន្លងមក ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់មហាជនគ្រប់មជ្ឈដ្ឋាននៅក្រុងព្រះវិហារ ។
ក្រោយពេលកោះសន្ដិភាពចេញផ្សាយមួយឈុតម្សិលមិញនេះ លោក អុំ ម៉ារ៉ា អភិបាលខេត្ដព្រះវិហារបានប្រាប់អ្នកឆ្លើយឆ្លងព័ត៌មានកោះសន្ដិភាពប្រចាំខេត្ដថា លោកសោកស្ដាយណាស់ ប្រសិនបើលោកនៅ លោកអត់ឱ្យគេអនុវត្ដន៍សាលដីកាទេ ប៉ុន្ដែថ្ងៃអនុវត្ដសាលដីកានោះ លោកជាប់បំពេញភារកិច្ចទទួលព្រះមហាក្សត្រ ដែលទ្រង់យាងទៅខេត្ដព្រះវិហារ ។ ទោះជាយ៉ាងណាក៏ដោយចុះ វាជាអំពើអយុត្ដិធម៌ដ៏កំពូលមួយ ដែលអាជ្ញាធរខេត្ដប្លន់យកដីរាស្រ្ដឆៅៗបែបនេះ ផ្ដល់នូវការឈឺចាប់ឥតឧបមាដល់ជនស្លូតត្រង់ឱ្យគ្នាឈឺចាប់ និងរងគ្រោះ ។ អ្នកក្រុងព្រះវិហារនិយាយពីមាត់មួយទៅមាត់មួយថា ទោះជាអាជ្ញាធរឈ្នះក្ដីដ៏អយុត្ដិធម៌តាមផ្លូវច្បាប់ក៏ដោយ ប៉ុន្ដែច្បាប់ឋានលើមិនទុកឱ្យមនុស្សកាន់អំណាចអាក្រក់នៅឋានមនុស្សលោកប្រព្រឹត្ដផ្ដេសផ្ដាសបែបនេះទេ ។ អ្នកខេត្ដព្រះវិហារ ទីណាក៏គ្រវីក្បាលចំពោះទង្វើរបស់អ្នកកាន់អំណាចខេត្ដនេះដែរ ។
សេចក្ដីរាយការណ៍ពីខេត្ដព្រះវិហារ បញ្ជាក់ជាថ្មីទៀតថា ពេលនេះលោកយាយ ឈីវ លាង ជាមួយចៅ បន្ទាប់ពីកូនផ្ទះ និងផលដំណាំត្រូវបានមន្ដ្រីប៉ូលិសរួមជាមួយមន្ដ្រីបុគ្គលិកពេទ្យ ប្រមាណ១០០នាក់ បានឡោមព័ទ្ធប្រដាប់ដោយអាវុធនិងកាំបិត ពូថៅ បន្ទាប់ពីបណ្ដេញដោយចាប់បង្ខំ រួចមកក៏បានកាប់រុះរើបំផ្លាញលំនៅឋាន និងដំណាំហូបផ្លែអស់គ្មានសល់ទេ ដូចជា ដូង ស្វាយ អំពឹល ដំឡូង ដែលលោកយាយធ្លាប់តែបានអាស្រ័យផលជារៀងរាល់ឆ្នាំ តែពេលនេះក្លាយជាវាលរហោឋានអស់ទៅហើយ។ ដោយសារតែនឹកស្រណោះដីដែលធ្លាប់រស់នៅ និងគ្មានដីនៅផង លោកយាយក៏បានសម្រេចចិត្ដប្រក់តង់កៅស៊ូនៅលើដីនេះទ្រាំរស់ជាមួយចៅយ៉ាងកំសត់បំផុតតទៅទៀត ។ ព្រឹកថ្ងៃទី១២ កុម្ភៈ បន្ទាប់ពីបានបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិលោកយាយហើយ លោកយាយបានទទួលដំណឹងពីប្អូនថ្លៃថា អាជ្ញាធរខេត្ដនឹងចេញសំណងជូនលោកយាយផ្ដល់ជូនដីមួយកន្លែងដែលមានទំហំក្បាលដីប្រវែង៥ម៉ែត្រ នៅជនបទ ប៉ុន្ដែលោកយាយមិនព្រមទទួលយក។
លោកយាយ ឈីវ លាង បានបញ្ជាក់ឱ្យដឹងទៀតថា មន្ទីរសុខាភិបាលខេត្ដ បើចង់បានដីរបស់គាត់ដែលរស់នៅសព្វថ្ងៃ គួរតែរកដីកណ្ដាលក្រុងឱ្យគាត់បានសមរម្យ ដែលមានតម្លៃប្រហាក់ប្រហែលនឹងដីរបស់គាត់រស់នៅសព្វថ្ងៃ បើពុំដូច្នោះទេ រូបគាត់ពុំចាកចេញពីដីនេះទេ ស៊ូស្លាប់លើដីដ៏កំសត់របស់គាត់ ។ លោក ជួន ប៊ុនណា មន្ដ្រីមន្ទីរសុខាភិបាលខេត្ដ បាននិយាយថា ការកាប់បំផ្លាញផលដំណាំនៅក្នុងលំនៅឋានរបស់លោកយាយ គឺមានបញ្ជាពីលោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងសាលាដំបូងខេត្ដ ដែលជាអ្នកចុះទៅអនុវត្ដ ។ ដោយឡែក រឿងខាងលើនេះ លោក ឡុង ស៊ីថា បានប្រាប់កោះសន្ដិភាពថា លោកពុំបានបញ្ជាឱ្យកាប់បំផ្លាញផលដំណាំទេ គឺលោកអនុវត្ដតាមសាលដីកាឱ្យរុះរើតែប៉ុណ្ណោះ ។ លោក នុត សុភ័ណ្ឌ អភិបាលក្រុងព្រះវិហារ ពាក់ព័ន្ធនឹងការអនុវត្ដសាលដីកាខាងលើបានឆ្លើយថា រូបលោកពុំបានដឹងទេក្នុងសាច់រឿងនេះ ដោយហេតុថា លោកបានមកកាន់តំណែងក្រោយគេ ។
អ្នករស់នៅក្រុងព្រះវិហារ ជិតមន្ទីរពេទ្យខេត្តនិយាយស្ទើរគ្រប់គ្នាថា ពេលមន្ទីរពេទ្យខេត្តចាប់កំណើតដីមន្ទីរពេទ្យធំទូលាយណាស់ បុ៉ន្តែមកពីកាលនោះមេៗមានមារយាទល្អណាស់ បានលក់ដីនៅភាគខាងលិចឆៀងខាងត្បូងអស់មួយជ្រុងធំ បានប្រាក់រាប់ម៉ឺនដុល្លារ និងលក់អស់មួយជ្រុងទៀតនៅភាគខាងលិចឆៀងខាងជើង បានតម្លៃរាប់ម៉ឺនដុល្លារដែរ ។ លក់ដីមន្ទីរពេទ្យអស់ទៅ បែរជាមកពង្រីកទីតាំងប្លន់យកដីលោកយាយទុរគតជនទៅវិញ ដែលជាដីក្រៅរបង ។ដីដែលលោកយាយរស់នៅនេះ តាំងពីសង្គមមកជាដីឯកជនមានរបងថ្មសល់ពីដើមមក ជាដីឡូត៍ ស្ថិតនៅក្រៅបរិវេណមន្ទីរពេទ្យ មិនមែនជាដីរបស់ដែលហៅថា ដីរដ្ឋដូចអស់លោកប្រធានមន្ទីរលោភលន់ចង់បាននេះទេ ។
អ្នកក្រុងព្រះវិហារនិយាយថា បើខេត្តចង់បានពង្រីកទីតាំង គួរតែធ្វើល្អដោយរកដីទីណាមួយក្នុងក្រុង ដោះដូរតាមការព្រមព្រៀងនោះ ទើបហៅថារដ្ឋអំណាចល្អ ឬអ្នកកាន់អំណាចល្អ មិនមែនក្លាយទៅជារឿង«ប្លន់»បែបនេះឡើយ៕
ចែករំលែកព័តមាននេះ