ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់បានលេបថ្នាំសម្លាប់ខ្លួនចោលប្តី និងកូនតូចៗ ឱ្យនៅកំព្រារហង់ ដែលតាមក្រុមគ្រួសារអះអាងថា ដោយគ្រាន់តែខឹងបងប្អូនមិនបានបបួលទៅលេងក្រុងបាងកក ប្រទេសថៃ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១០ កុម្ភៈ នៅក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និងបង្កឱ្យមានការភ្ញាក់ផ្អើលពេញភូមិតែម្តង ។
តាមបុរសជាប្តីឈ្មោះ សួរ ប៊ុនឡេង អាយុ២៦ឆ្នាំ ជាអ្នកបើកបររថយន្តដឹកដី និយាយថា ប្រពន្ធគាត់ឈ្មោះ វែង លីសៀន អាយុ៣២ឆ្នាំ ។ ពួកគាត់ទាំងពីរនាក់បានរៀបការជាមួយគ្នាច្រើនឆ្នាំមកហើយ និងមានកូនស្រីតូចៗចំនួន២នាក់ ។ ប្តីប្រពន្ធគាត់មិនដែលឈ្លោះប្រកែកគ្នាទេ តាំងពីចាប់ដៃគ្នាមក ស្រាប់តែពេលនេះប្រពន្ធគាត់លេបថ្នាំសម្លាប់ខ្លួន ព្រោះតែតូចចិត្តបងប្អូនមិនបានបបួលទៅលេងក្រុងបាងកក ។ គាត់និយាយទាំងទឹកភ្នែកថា កាលពី២ទៅ៣ថ្ងៃមុន បងប្អូនខាងប្រពន្ធត្រូវទៅប្រទេសថៃ តែមិនបានបបួលប្រពន្ធគាត់ទៅលេងទេ ក៏មានចិត្តខឹង និងតូចចិត្តខ្លួនឯង រហូតមិននិយាយស្តីជាមួយនរណាម្នាក់ សូម្បីតែរូបគាត់ ។
បុរសជាប្តីនិយាយទៀតថា នៅពេលគាត់ត្រឡប់មកផ្ទះវិញវេលាម៉ោងជាង៩យប់ ថ្ងៃទី៩ កុម្ភៈ បានឃើញប្រពន្ធប្រកាច់ និងបែកពពុះមាត់ ភ្លាមនោះរូបគាត់បានស្ទុះទៅជួយ ក្រោយមកប្រពន្ធបានប្រាប់ទាំងខ្សាវៗថា លេបថ្នាំ ។ ពេលនោះ គាត់ក៏នាំទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ហើយគ្រូពេទ្យបានលាងក្រពះ ប៉ុន្តែថ្នាំបានជ្រាបពេញសរសៃឈាមអស់ទៅហើយ បណ្តាលឱ្យនាងដេកស្តូកស្តឹង រហូតដល់ម៉ោង៤ទៀបភ្លឺ ថ្ងៃទី១០ កុម្ភៈ ក៏ស្លាប់ចោលប្តី និងកូនតូចៗតែ ម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍បានចុះធ្វើកោសល្យវិច័យឃើញថា ស្ត្រីរូបនេះពិតជាលេបថ្នាំសម្លាប់ខ្លួនមែន ដោយសារលេបច្រើន និងជ្រាបពេញរាងកាយ ទើបមិនអាចជួយសង្គ្រោះទាន់ពេល ។ សពត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ