រាជធានីភ្នំពេញ ៖ ដូចការរំពឹងទុកភាគីជនរងគ្រោះក្នុងរថយន្ដរបស់តារាចម្រៀងលោកខេមរៈ សិរីមន្ដ បានបន្ដឈ្នះក្ដី ពីភាគីក្រុមហ៊ុន SK ដោយសាលាឧទ្ធរណ៍បានប្រកាសសាលដីកាតម្កល់ដីកាសម្រេចរបស់តុលាការខេត្ដព្រះសីហនុទុកជាបានការដដែល ។ សាលាឧទ្ធរណ៍បានប្រកាសសាលដីការឿងក្ដីមួយនេះនៅព្រឹកថ្ងៃទី១២ កុម្ភៈ ២០១៤ ក្រោមវត្ដមានតំណាងភាគីជនរងគ្រោះលោកខេមរៈ ភារុណ តែពុំមានវត្ដមានភាគីក្រុមហ៊ុន SK ទេ ។
តំណាងមេធាវីឱ្យភាគីជនរងគ្រោះអះអាងប្រាប់កោះសន្ដិភាពតាមទូរស័ព្ទថា ក្រោយពីបានដំណើរការកាត់ក្ដីរួចមក សាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមរបស់តុលាការខេត្ដព្រះសីហនុឱ្យនៅដដែល ពោលគឺភាគីជនរងគ្រោះបន្ដឈ្នះក្ដីដដែល ។ ការសម្រេចនេះមានន័យថា រាល់ការយល់ឃើញរបស់តុលាការខេត្ដព្រះសីហនុ គឺសាលាឧទ្ធរណ៍ក៏យល់ឃើញដូចគ្នា ប៉ុន្ដែសាលាឧទ្ធរណ៍បានទុកសិទ្ធិឱ្យភាគីក្រុមហ៊ុន SK រយៈពេល១ខែចាប់ពីថ្ងៃប្រកាសសាលដីកានេះ ដើម្បីបន្ដប្ដឹងទៅតុលាការកំពូល ។ ទាក់ទងទៅនឹងការសម្រេចរបស់សាលាឧទ្ធរណ៍នេះ កោះសន្ដិភាពមិនអាចស្វែងរកជួបភាគីក្រុមហ៊ុន SK ដើម្បីបកស្រាយបានឡើយ ខណៈពេលដែលមេធាវីតំណាងឱ្យក្រុមហ៊ុន SK ដែលធ្លាប់បកស្រាយកន្លងមកនោះកំពុងជាប់ភារកិច្ចនៅបរទេស ។
ការសម្រេចរបស់សាលាឧទ្ធរណ៍ឱ្យភាគីជនរងគ្រោះក្នុងរថយន្ដតារាចម្រៀងលោកខេមរៈ សិរីមន្ដ ជាអ្នកឈ្នះនាពេលនេះ គឺជាសេចក្ដីសម្រេចមួយឆ្លើយតបតាមការចង់បានពីភាគីជនរងគ្រោះ ខណៈពេលដែលរឿងក្ដីមួយនេះអូសបន្លាយពេលអស់ជិត១ឆ្នាំមកហើយ ឯភាគីជនរងគ្រោះទាំងអស់នៅមិនទាន់បានទទួលសំណងពីភាគីពាក់ព័ន្ធណាមួយនៅឡើយទេ ។ សាលាដំបូងខេត្ដព្រះសីហនុបានសម្រេច និងប្រកាសសាលក្រមឱ្យភាគីដើមបណ្ដឹងរួមមានតារាចម្រៀងខេមរៈ សិរីមន្ដ នាយកុយ យាយណយ សំណាង និងគ្រួសារជនរងគ្រោះផ្សេងទៀតជាអ្នកឈ្នះក្ដីដោយតម្រូវឱ្យភាគីក្រុមហ៊ុន SK និងក្រុមហ៊ុនធានារ៉ាប់រងកាំមីនកូ ផ្ដល់សំណងជំងឺចិត្ដតាមសេចក្ដីសម្រេច ។ ភាគីជនរងគ្រោះបានដាក់សំណើស្នើសុំសំណងក្នុងសពម្នាក់ចំនួន២៥.០០០ដុល្លារ ខណៈពេលដែលតារាចម្រៀងលោកខេមរៈ សិរីមន្ត ទាមទារសំណងចំនួន៨៥.០០០ដុល្លារ ចំពោះការខូចខាតរថយន្ត និងពេលវេលាបំពេញភារកិច្ច ផ្សេងៗ ។
ខណៈពេលដែលក្រុមហ៊ុនធានារ៉ាប់រងកាំមីនកូ យល់ព្រមសងតាមការសម្រេចរបស់តុលាការខេត្តព្រះសីហនុនោះ បែរជាក្រុមហ៊ុន SK សម្រេចប្តឹងបន្តទៅសាលាឧទ្ធរណ៍ ដោយមិនយល់ព្រមតាមការទាមទាររបស់ភាគីជនរងគ្រោះឡើយ ។ គួរកត់សម្គាល់ថា តារាចម្រៀង លោកខេមរៈ សិរីមន្ត និងក្រុមរាំបានជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាកថុនត្រារបស់អ្នកចម្រៀងរូបនេះជាមួយរថយន្តកុងតឺន័រ ។ អ្នកជិះក្នុងរថយន្ដលោកខេមរៈសិរីមន្ដ បានស្លាប់៤នាក់ រីឯលោកខេមរៈ សិរីមន្ត និងនារីវ័យក្មេង២នាក់ទៀតរងរបួសស្រាល។ ហេតុការណ៍នោះកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី៧ មីនា ២០១៣ លើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២១១-២១២ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ៕
ចែករំលែកព័តមាននេះ