ខេត្តរតនគិរី ៖ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសេដា រងការចោទប្រកាន់ថា បានធ្វើទារុណកម្មយ៉ាងធ្ងន់លើបុរសចំនួន៣នាក់ ដែលមានជម្លោះក្នុងកម្មវិធីផឹកសុីថ្ងៃសែនព្រេនគូស្វាមីភរិយាថ្មីរបស់បងប្អូនជនជាតិទំពួន កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១១ កុម្ភៈ ស្ថិតក្នុងភូមិប៉ាទាត់ឃុំសេដា ស្រុកលំផាត់ ។
បុរសទាំង៣នាក់នេះមាន ១-ឈ្មោះ ហុីម ធឿន អាយុ២០ឆ្នាំ ២-ឈ្មោះ ឌួង ដេត អាយុ២៨ឆ្នាំ និង៣-ឈ្មោះ ណុប រី អាយុ២៣ឆ្នាំ ទាំងអស់គ្នាមានស្រុកកំណើតនៅក្នុងភូមិទឹកជុំ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង តែបានមករស់នៅក្នុងភូមិប៉ាទាត់ ដើម្បីប្រកបមុខរបរកសិកម្ម ។ ទាក់ទិននឹងការចាប់វាយដំធ្វើទារុណកម្មពីសំណាក់មន្ត្រីនគរបាលមកលើពួកគេនេះ ត្រូវបានឈ្មោះ ណុប រី និយាយថា កាលពីកន្លះខែមុន មានកម្មវិធីឡើងផ្ទះប្រជាពលរដ្ឋក្នុងភូមិ ហើយខ្លួនមានទំនាស់ជាមួយមន្ត្រីនគរបាលឃុំសេដា ពេលនោះមន្ត្រីនគរបាលដែលមានគ្នា៣ទៅ៤នាក់ បានចាប់វាយខ្លួនរហូតដល់សន្លប់ម្តងហើយ ដោយសាររឿងផឹកស្រវឹង ។ លុះមកដល់ថ្ងៃទី១១ កុម្ភៈ មានកម្មវិធីសែនព្រេនគូស្វាមីភរិយាថ្មីរបស់បងប្អូនជនជាតិទំពួន ខ្លួនក៏ទៅចូលរួម និងឃើញមន្ត្រីនគរបាល៣ទៅ៤នាក់នោះ ទៅចូលរួមដែរ ។
ប្រភពដដែលនិយាយទៀតថា ពេលនោះខ្លួនក៏ទៅសួរមន្ត្រីនគរបាលដែលធ្លាប់វាយធ្វើបាបខ្លួនថា បងឯងទាំងប៉ុន្មាននាក់ហ្នឹងហើយដែលធ្លាប់វាយធ្វើបាបខ្ញុំកាលពីពេលមុន តើខ្ញុំខុសអ្វី ? គ្រាន់តែនិយាយមិនទាន់ចប់ស្រួលបួលផង ស្រាប់តែមន្ត្រីនគរបាលទាំងនោះ ហក់មកវាយ ទាត់ធាក់ខ្លួនស្ទើរស្លាប់ ស្ទើររស់ ហើយបានចាប់ដាក់ខ្នោះដៃទៅក្រោយ ដឹកតាមម៉ូតូបង្ហោះតាមផ្លូវ ធ្វើឱ្យខ្លួនធ្លាក់ពីលើម៉ូតូ ៣ទៅ៤ដង ទាំងដៃជាប់ខ្នោះ ។ ក្រោយមកទៀត ក៏ចាប់ខ្លួនពួកគេ២នាក់ថែមទៀត មកប៉ុស្តិ៍នគរបាល ។
តាមប្រភពព័ត៌មានឱ្យដឹងថា ពេលមន្ត្រីនគរបាលចាប់មកដល់ប៉ុស្តិ៍ភ្លាម បានដាក់ខ្នោះដៃទៅក្រោយ ឯជើងដាក់ច្រវាក់ជាប់នឹងជើងតុ ហើយមន្ត្រីនគរបាល៤ទៅ៥នាក់ បាននាំគ្នាវាយ ទាត់ធាក់ ទះកំផ្លៀង និងជេរប្រមាថមួយយប់ទល់ភ្លឺ ព្រមទាំងយកស្រាបៀរមកស្រោចលើក្បាលទៀតផង លុះពេលអស់ស្រាបៀរ ក៏ដងទឹកជះបន្ត ។ បុរសទាំង៣នាក់បានត្រូវមន្ត្រីនគរបាលឃុំបញ្ជាឱ្យដោះអាវ ស្រាតខោនៅសល់តែខោខ្លី ហើយចំពេលរដូវរងាផង ពួកគេរងាស្ទើរតែរឹងពោះស្លាប់ទៅហើយ ។ ក្រុមជនរងគ្រោះនិយាយទៀតថា ពួកគេទាំង៣នាក់ មិនសុខចិត្តទេ ដោយសារតែអ្នកអនុវត្តច្បាប់វាយធ្វើបាបពួកគេតាមអំពើចិត្ត ទាំងពួកគេគ្មានទោសកំហុសអ្វីសោះ ។ ពួកគេនឹងដាក់ពាក្យបណ្តឹងទៅអគ្គស្នងការដ្ឋាននគរបាលជាតិ និងទៅសាលាដំបូងខេត្តរតនគិរី ដើម្បីរកយុត្តិធម៌ចំពោះរឿងរ៉ាវទាំងនេះ ។
ដោយឡែក ម្ចាស់កម្មវិធីឈ្មោះ ជឹម មឿង ភេទប្រុស អាយុ២៧ឆ្នាំ ជាជនជាតិគ្រឹង និយាយថា ខ្លួនបានធ្វើកម្មវិធីសែនព្រេនប្អូនស្រីជាគូស្វាមីភរិយាថ្មីនេះ ដើម្បីឱ្យចាស់ទុំក្នុងភូមិដឹងឮ ហើយមានអ្នកភូមិចូលរួមយ៉ាងច្រើនកុះករ ។ ខណៈកំពុងតែផឹកស៊ីសប្បាយ ស្រាប់តែមានមន្ត្រីនគរបាលប៉ុស្តិ៍មកចាប់អ្នកចូលរួមដាក់ខ្នោះចំនួន៣នាក់ វាយធ្វើបាបនៅកន្លែងកម្មវិធីទាល់តែអស់ចិត្ត ទើបនាំទៅកាន់បុ៉ស្តិ៍ ហើយមន្ត្រីនគរបាលខាងលើ មិនត្រូវបានម្ចាស់កម្មវិធីអញ្ជើញឱ្យចូលរួមទេ ។ ទាក់ទិនរឿងមន្ត្រីនគរបាលប៉ុស្តិ៍មានជម្លោះជាមួយប្រជាពលរដ្ឋ និងចាប់វាយដំ ទាត់ធាក់យ៉ាងឃោរឃៅនោះ ត្រូវបានលោក សុវណ្ណ កាយ ជានាយបុ៉ស្តិ៍ឃុំសេដា ឱ្យដឹងថា មុនដំបូងមន្ត្រីនគរបាលបុ៉ស្តិ៍របស់លោកចាប់ខ្លួនតែម្នាក់ទេ គឺឈ្មោះ ណុប រី ដែលមានជម្លោះជាមួយមន្ត្រីនគរបាលប៉ុស្តិ៍របស់លោក ។ ពេលចាប់មកដល់បុ៉ស្តិ៍នគរបាលភ្លាម ក៏មានគ្នា២នាក់មកតាម ហើយស្រែកឡូឡាពេញបុ៉ស្តិ៍នគរបាលទាំងយប់ ឃើញដូច្នេះ មន្ត្រីនគរបាលបុ៉ស្តិ៍ក៏ចាប់ជនទាំង២នាក់នោះតែម្តង ពីបទបង្កការអុកឡុក និងក្មេងទំនើង ។
ឯការដែលអ្នកទាំង៣នាក់នោះចោទថា មន្ត្រីនគរបាលប៉ុស្តិ៍របស់លោក បានវាយទាត់ធាក់ពួកគេនោះ លោកមិនបានដឹងពីរឿងនេះទេ ព្រោះលោកមិនបាននៅកន្លែងនាយប់នោះ ៕
ចែករំលែកព័តមាននេះ