ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លន់​​រថយន្ដ​​តាក់ស៊ី ចោរ​​ជួល​ជិះ​ទៅ​កាស៊ីណូ​​នៅ​គិរី​វង់​បា.ញ់​ប្លន់​លើ​ផ្លូវ​ជាតិ​​លេខ​​២

11 ឆ្នាំ មុន

ខេត្ត​​តាកែវ​ ៖​​ ជន​រង​គ្រោះ​ជា​ម្ចាស់​រថយន្ដ​កាមរី​បាឡែន​បាន​រង​របួស​យ៉ាង​ធ្ងន់​ ត្រូវ​បាន​រថយន្ដ​សង្គ្រោះ​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ដ​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែកខេត្ដ​ ខណៈ​ដែល​បុរស​រង​គ្រោះ​ជា​អ្នក​រត់​តាក់ស៊ី​ត្រូវ​ពួក​ចោរ​មាន​គ្នា​ចំនួន​៣​នាក់​ បាន​ធ្វើ​សកម្ម​ភាព​បា.ញ់​ប្លន់​យក​រថយន្ដ​ ហើយ​ជិះ​គេច​ខ្លួន​បាត់​ ។

ខេត្ត​​តាកែវ​ ៖​​ ជន​រង​គ្រោះ​ជា​ម្ចាស់​រថយន្ដ​កាមរី​បាឡែន​បាន​រង​របួស​យ៉ាង​ធ្ងន់​ ត្រូវ​បាន​រថយន្ដ​សង្គ្រោះ​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ដ​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែកខេត្ដ​ ខណៈ​ដែល​បុរស​រង​គ្រោះ​ជា​អ្នក​រត់​តាក់ស៊ី​ត្រូវ​ពួក​ចោរ​មាន​គ្នា​ចំនួន​៣​នាក់​ បាន​ធ្វើ​សកម្ម​ភាព​បាញ់​ប្លន់​យក​រថយន្ដ​ ហើយ​ជិះ​គេច​ខ្លួន​បាត់​ ។​ ចំណែក​សមត្ថកិច្ច​បាន​ត្រឹម​តែ​តាម​ប្រមាញ់​​ និង​ទប់​ស្កាត់​នៅ​គ្រប់​ច្រក​ល្ហក​ តែ​មិន​ប្រទះ​​ឃើញ​ស្រមោល​រថយន្ដ​ទេ​ ។​

ហេតុការណ៍​ចោរ​ប្លន់​រថយន្ដ​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៥​និង​៣០​​នាទី​ល្ងាច​ថ្ងៃ​ទី​១១​ កុម្ភៈ​ ស្ថិត​​ក្នុង​ភូមិ​ប្រាំ​បី​មុំ​ ឃុំ​ប្រាំ​បី​មុំ​ ស្រុក​ទ្រាំង​ ។​ លោក​ ប៉ិច​ វណ្ណា​ អធិការ​រង​នគរ​បាល​ស្រុក​ទ្រាំង​បាន​ឱ្យ​ដឹង​ថា​ អ្នក​រត់​តាក់​ស៊ី​ប្រភេទ​រថយន្ដ​ទំនើប​ដែល​ចោរ​បាញ់​ប្លន់​យក​ទៅ​បាត់​នោះ​ឈ្មោះ​ ទេព​ ផល្លី​ ភេទ​ប្រុស​ អាយុ​ ៤៨​ឆ្នាំ​ រស់​នៅ​ភូមិ​សុវ​ណ្ណ​សាគរ​ សង្កាត់​កំពង់​កណ្ដាល​ ក្រុង​កំពត​ ខេត្ដ​កំពត​ ត្រូវ​ចោរ​បាញ់​ចំ​ថ្គាម​ខាង​ស្ដាំ​១​គ្រាប់​ រង​របួស​ធ្ងន់​ ហើយត្រូវ​បាន​រថយន្ដ​សង្គ្រោះ​របស់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ដ​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ដ​ ។​ ចំណែក​រថយន្ដ​ត្រូវ​ក្រុម​ចោរ​ប្លន់​យក​ រួច​ជិះ​គេច​ខ្លួន​បាត់​ស្រមោល​ ។​ លោក​អធិការ​រង​ស្រុក​បន្ដ​ថា​ រថយន្ដ​ដែល​ចោរ​ប្លន់​ម៉ាក​កាមរី​បាឡែន​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ បាត់​ដំបង​2A-8562 ចំណែក​ក្រុម​ចោរ​មាន​គ្នា​៣​នាក់​ ។​ លោក​បន្ត​ថា​ មុន​ពេល​កើត​ហេតុ​ ក្រុម​ចោរ​បាន​ទូរស័ព្ទ​ហៅ​រថយន្ដ​តាក់ស៊ី​របស់​ជន​រង​គ្រោះ​ដែល​កំពុង​ចត​នៅ​ចំណត​ផ្សារ​ដើម​គ ឱ្យ​ទៅ​យក​ពួក​គេ​នៅមាត់​ទន្លេ​មុខ​ព្រះ​បរម​រាជ​វាំង​ ដើម្បី​ឱ្យ​ជូន​ពួក​គេ​ទៅ​លេង​កាស៊ីណូ​នៅ​ច្រក​ទ្វារ​អន្ដរជាតិ​ភ្នំដិន​ ស្រុក​គិរីវង់​។​នៅ​ពេល​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២​ ដល់​ចំណុច​គីឡូម៉ែត្រ​លេខ​៩៤​និងលេខ​៩៥​ ក្រុម​ចោរ​ប្លន់​បាន​ឱ្យ​រថយន្ដ​ឈប់​ រួច​ដក​កាំភ្លើង​ខ្លី​មិន​ស្គាល់​ម៉ាក​បាញ់​អ្នក​បើក​បរ​១​គ្រាប់​ចំ​ថ្គាម​ខាង​ស្តាំ​ បណ្ដាល​ឱ្យ​របួស​ រួច​ធាក់​ជន​រង​គ្រោះ​ទម្លាក់​ដី​ ហើយ​បើក​គេច​ខ្លួន​ទៅ​ទិស​ខាង​លិច​បាត់​ស្រមោល​ ។

នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ដ​ លោក​ ទេព​ ផល្លី​ ម្ចាស់​រថយន្ដ​បាឡែន​ដែល​ចោរ​ប្លន់​យក​ទៅ​បាត់​និយាយ​ថា​ គាត់​មាន​មុខ​របរ​រត់​តាក់​ស៊ី​រាប់​ឆ្នាំ​មក​ហើយ​ ដោយ​ដឹក​មនុស្ស​ពី​ខេត្ដ​កំពត​មក​ភ្នំពេញ​ និង​ពី​ភ្នំពេញ​ទៅ​ខេត្ដ​កំពត​ ។​ មុន​ពេល​កើត​េហតុ​ គាត់​កំពុង​ចាប់​ម៉ូយ​នៅ​ចំណត​រថយន្ដ​ផ្សារ​ដើម​គ​ ក្រុម​ចោរ​បាន​ទូរស័ព្ទ​មក​ឱ្យ​​គាត់​ទៅ​យក​ពួក​គេ​នៅមុខ​ព្រះ​បរម​រាជ​វាំង​សួន​ច្បារ​មាត់​ទន្លេ​ ។ ​នៅ​ពេល​គាត់​បើក​រថយន្ដ​ទៅ​ដល់​ ពួក​គេ​បាន​ឱ្យ​ជូន​ទៅលេង​កាស៊ីណូ​នៅច្រក​ទ្វារ​អន្ដរជាតិ​ភ្នំដិន​ ស្រុក​គិរី​វង់​ ខេត្ដ​តាកែវ​ ។​ ពេល​នោះ​ គាត់​ប្រាប់​ថា​ យក​តម្លៃ​១០០​ដុល្លារ​ តែ​ពួក​គេ​បាន​ធ្វើ​ជា​ត​ថ្លៃ​ឱ្យ​៦០​ដុល្លារ​ ហើយ​គាត់​ក៏​យល់​ព្រម​ជូន​ពួក​គេ​ទៅ ។ ​នៅ​ពេល​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២​ ពួក​គេ​តែង​តែ​សួរ​នាំ​ពី​នេះ​ពី​នោះ​មិន​ចេះ​ចប់​ លុះ​នៅ​ពេល​មកដល់​ចំណុច​កើត​ហេតុ​ ជាទី​វាល​ឆ្ងាយ​ពី​ផ្ទះ​អ្នក​ភូមិ​ ពួក​គេ​បាន​ឱ្យ​គាត់​ឈប់​រថយន្ត​ដោយប្រាប់​ថា ចុះ​បត់​ជើង​ គ្រាន់​តែ​រថយន្ត​ឈប់​ភ្លាម​ ពួក​គេ​បាន​ដក​កាំ​ភ្លើង​ខ្លី​បាញ់​១​គ្រាប់​បណ្តាល​ឱ្យ​គាត់​ត្រូវ​របួស រួច​ធាក់​គាត់​ទម្លាក់​ពី​រថយន្ត​ ហើយ​បើក​​គេច​ខ្លួន​ទៅ​ទិស​ខាង​លិច​បាត់ ពេល​នោះ​គាត់​បានខំ​ប្រវេ​ប្រវា​ងើប​ដើរ​មក​រាយ​ការណ៍​ទៅ​សមត្ថ​កិច្ច​បុ៉ស្តិ៍​រដ្ឋ​បាល​ឃុំ​ប្រាំ​បី​មុំ​ ដែល​នៅ​ក្បែរ​នោះ​ រួច​ក៏​មាន​ការ​ឆោ​ឡោ​ឡើង​ តែ​រក​មិន​ឃើញ​សោះ ។​
លោក​ឧត្តម​សេនីយ៍​ត្រី​ អុ៊ក​ សំណាង​ ស្នង​ការ​​នគរបាល​ខេត្ដ​ឱ្យ​ដឹង​ថា​ ក្រុមចោរ​ក្រោយ​ពី​ប្លន់​បាន​រថយន្ត​ហើយ​ក៏​បើក​ទៅ​ទិស​ខាង​លិច​ និង​ដោះស្លាក​លេខ​រថយន្ត​ចោល រួច​ក៏​បើក​មក​ទិស​ខាងជើង​សំដៅ​ចូល​ទៅ​រាជ​ធានី​ភ្នំពេញវិញ​ ។​

ទោះបី​ជាបែប​ណា​ តាម​ការស្រាវ​ជ្រាវ​របស់​ប៉ូលិស​ជំនាញ​​កំណត់​មុខ​សញ្ញា​បាន​ហើយ​ និង​កំពុងតែ​ស្វែង​រក​ចាប់​ខ្លួន​យក​មក​ផ្តន្ទា​ទោស​ទៅ​តាមច្បាប់​ ៕​