ប្រទេសចិនកាលពីថ្ងៃទី១១ កុម្ភៈ បានសម្តែងពីការគាំទ្ររបស់ខ្លួនចំពោះប្រទេសស្រីលង្កា ខណៈដែលសហរដ្ឋអាមេរិកបានសម្រេចដាក់នាខែមីនា ជូនក្រុមប្រឹក្សាសន្តិសុខអ.ស.ប នូវដំណោះស្រាយទី៣មួយ ស្តីពីសភាពការណ៍សិទ្ធិមនុស្សក្នុងប្រទេសនេះ ។ពេលជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសស្រីលង្កា លោក ហ្គាមីនី ឡាក់ស្មាន ពឺអុីរីស នៅក្រុងប៉េកាំងលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនថ្លែងកាលពីថ្ងៃទី១១ កុម្ភៈ ថា ប្រទេសចិនប្រឆាំងការជ្រៀតជ្រែករបស់ប្រទេសមួយចំនួនចូលកិច្ចការផ្ទៃក្នុងរបស់ស្រីលង្កា ក្រោមការបិទបាំងពីការការពារសិទ្ធិមនុស្ស ។
លោកបន្តថា ចិនគាំទ្រឆន្ទៈរបស់រដ្ឋាភិបាលស្រីលង្កា ថែរក្សាឯករាជ្យភាពជាតិ អធិបតេយ្យភាពនិងបូរណភាពដែនដី ។ យើងជឿជាក់ថា គតិបណ្ឌិត និងសមត្ថភាពរបស់ប្រជាជនស្រីលង្កា ពិតជាអាចគ្រប់គ្រងកិច្ចការប្រទេសខ្លួនបាន ។ប្រទេសស្រីលង្កា ជាកម្មវត្ថុនៃការគាបសង្កត់យ៉ាងខ្លាំងពីសំណាក់បណ្តាប្រទេសលោកខាងលិច និងបណ្តាអង្គការសិទ្ធិមនុស្សដែលចោទពីបទឧក្រិដ្ឋកម្មសង្គ្រាម កាលពីអំឡុងពេលនៃបណ្តាខែចុងក្រោយនៃសង្គ្រាមប្រឆាំងពួកឧទ្ទាមខ្លាតាមិល ។
សង្គ្រាមស៊ីវិលនោះបានបញ្ចប់កាលពីខែឧសភា ឆ្នាំ២០០៩ តាមរយៈបរាជ័យរបស់ពួកឧទ្ទាមខ្លាតាមិល ក៏ប៉ុន្តែបណ្តាអង្គការសិទ្ធិមនុស្សយល់ថាជនស៊ីវិលជាច្រើនពាន់នាក់ត្រូវស្លាប់ក្នុងការប្រយុទ្ធចុងក្រោយទាំងឡាយ ៕
ចែករំលែកព័តមាននេះ