អតីតជើងឯកប្រដាល់ទម្ងន់ធ្ងន់ពិភពលោកដេវីដ ហេ បានបដិសេធលុបចោលគម្រោងឡើងសង្វៀនប្រកួត បើទោះណាដំបូន្មានគ្រូពេទ្យតម្រូវឱ្យគេឈប់សម្រាកចូលនិវត្តន៍ក្តី ។ អាជីពរបស់កីឡាករអង់គ្លេសរូបនេះបានធ្លាក់ចូលក្នុងភាពស្រពេចស្រពឹល បន្ទាប់ពីរូបគេរបួសស្មាស្តាំ និងបានធ្វើការវះកាត់រយៈពេល៥ម៉ោងកាលពីខែវិច្ឆិកា ឆ្នាំកន្លងមក ។ របួសនោះហើយដែលបានបង្ខំឱ្យកីឡាករវ័យ៣៣ឆ្នាំរូបនេះលុបចោលការប្រកួតជាមួយកីឡាករមិត្តរួមជាតិ ថៃសាន់ ហ្វឺរី កាលពីថ្ងៃទី៨ ខែកុម្ភៈ ។
គេបានថ្លែងថា ៖«នៅពេលនេះ ខ្ញុំមិនអាចប្រើកណ្តាប់ដៃវាយចេញបានទេ ប៉ុន្តែ២-៣ខែទៀត សង្ឃឹមថា ខ្ញុំនឹងអាចធ្វើបាន ។ រឿងនេះ គេមិនអាចទស្សន៍ទាយបាននោះទេ ។ ខ្ញុំមិនអាចនិយាយថា អាចបាន ១០០%ឬមិនបាន១០០%នោះទេ ។ រយៈ២-៣ខែខាងមុខនេះ ខ្ញុំមិនអាចទស្សន៍ទាយបានទេ ពីព្រោះពេលនេះ សូម្បីតែរត់ ក៏ខ្ញុំមិនអាចធ្វើបានផង» ។ ដេវីដ ហេ ធ្លាប់បានចូលនិវត្តន៍ម្តងរួចមកហើយ កាលខែតុលា ឆ្នាំ ២០១១ ពោលគឺរយៈពេល៣ខែបន្ទាប់ពីរូបគេចាញ់កីឡាករអ៊ុយក្រែន វ្ល៉ាឌីមៀ ឃ្លីតស្កូ បាត់បង់ខ្សែក្រវាត់ស្ថាប័ន WBA ។ ប៉ុន្តែ រយៈពេល១ឆ្នាំក្រោយមក គេក៏បានប្រកាសឡើងសង្វៀនប្រកួតជាថ្មីរហូតដល់បច្ចុប្បន្ន ។
ស្ថិតក្នុងអាជីពអស់ជាង១០ឆ្នាំ ដេវីដ ហេ ធ្លាប់ឡើងសង្វៀនប្រកួតចំនួន២៨លើក ក្នុងនោះឈ្នះ២៦លើក ចាញ់២លើក ផ្តួលដៃគូឱ្យសន្លប់បានចំនួន២៤លើក ។ គេបានក្លាយខ្លួនជាជើងឯកទម្ងន់ធ្ងន់ពិភពលោកក្នុងឆ្នាំ២០០៩ ពោលគឺក្រោយពេលដែលរូបគេយកឈ្នះកីឡាកររុស្ស៊ី នីកូឡៃ វ៉ាលូអេវ ដោយពិន្ទុជាឯកច្ឆ័ន្ទ ។ នៅក្នុងបេសកកម្មប្រកួតការពារខ្សែក្រវាត់របស់ខ្លួនចំនួន២លើក ដេវីដ ហេ ធ្វើបានជោគជ័យតែ១លើកដំបូងប៉ុណ្ណោះនៅឆ្នាំ២០១០ ដោយបានផ្តួលកីឡាករអាមេរិក ចន រូស ។ ប៉ុន្តែការប្រកួតការពារលើកទី២នៅក្រុងហាំបឺក ប្រទេសអាល្លឺម៉ង់ គឺត្រូវបរាជ័យក្រោមកណ្តាប់ដៃវ្ល៉ាឌីមៀ ៕
ចែករំលែកព័តមាននេះ