Michael Hepburn ទទួលបានក្តីរីករាយជាលើកទី១ ក្នុងរដូវកាលប្រណាំងឆ្នាំថ្មី បន្ទាប់ពីរូបគេបានយកឈ្នះដំណាក់ទី៣ កម្មវិធី Tour of Qatar កាលពីថ្ងៃអង្គារ ទី១១ ខែកុម្ភៈកន្លងមកនេះ ។ ការប្រណាំងក្នុងដំណាក់នេះត្រូវបានបញ្ចប់នៅទីលានប្រណាំង Grand Prix ឈ្មោះ Lusail Circuit ប្រទេសកាតា ។
Hepburn ដែលជាអ្នកជិះកង់ឱ្យក្រុម Orica GreenEdge បានយកឈ្នះដំណាក់មានចម្ងាយផ្លូវ១០,៩គីឡូម៉ែត្រជុំវិញ Lusail Circuit ប្រទេសកាតា ដោយប្រើអស់ថិរវេលា១៣នាទីនិង២៩វិនាទីយកឈ្នះកីឡាករជើងខ្លាំងរបស់ហូឡង់ Lars Boom ជិះឱ្យក្រុម Belkin-Pro Cycling Team ដែលបានប្រើថិរវេលាច្រើនជាង១វិនាទី និងបានយកឈ្នះកីឡាករអុីតាលី Daniele Bennati ជិះឱ្យក្រុម Tinkoff-Saxo ដែលប្រើថិរវេលាច្រើនជាង៦វិនាទី ។
ថ្លែងបន្ទាប់ពីទទួលបានជ័យជម្នះកីឡាករHepburn បានបញ្ជាក់ដោយក្តីរីករាយថា ៖ «ខ្ញុំសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបាន ។ វាពិតជាមិនគួរឱ្យជឿដែលខ្ញុំអាចយកឈ្នះដំណាក់នេះ ។ ខ្ញុំពិតជាមានមោទនភាពដែលបានពាក់អាវកាក់ពណ៌បៃតងនេះ ។ ឥឡូវនេះខ្ញុំគិតថា ខ្ញុំនឹងអាចបន្តដណ្តើមបានជ័យជម្នះលើកក្រោយទៀត» ។
ឯនៅលើតារាងពេលវេលាសរុបវិញ បន្ទាប់ពីបញ្ចប់ដំណាក់ទី៣នេះ កីឡាករ Niki Terpstra ដែលបានបញ្ចប់ដំណាក់នេះក្នុងលំដាប់ទី៥ ស្ថិតនៅលើគេជាដដែលដោយប្រើថិរវេលាសរុបអស់៦ម៉ោង ៥៧នាទី និង៦វិនាទីនាំមុខកីឡាករបែលហ្ស៊ិក Jurgen Roelandts ជិះឱ្យក្រុម Lotto Belisol ដែលប្រើថិរវេលាច្រើនជាង២១វិនាទី ។ ចំណែកកីឡាករហូឡង់ Lars Boom ស្ថិតនៅលំដាប់ទី៣ ដោយប្រើអស់ថិរវេលាសរុបច្រើនជាងកីឡាករ Niki Terpstra ២៤វិនាទី ។
សូមបញ្ជាក់ថា ការប្រណាំងកម្មវិធី Tour of Qatar ឆ្នាំ២០១៤ នេះចែកចេញជា៦ដំណាក់ និងមានចម្ងាយផ្លូវសរុប៧១៤,៤គីឡូម៉ែត្រ ។ ដោយឡែក ដំណាក់ទី៤ ដែលជាដំណាក់បន្តមានចម្ងាយផ្លូវ១៣៥គីឡូម៉ែត្រចេញដំណើរពីទីក្រុង Dukhan ឆ្ពោះទៅកាន់ទីក្រុងMesaieed ប្រទេសកាតា ៕
ចែករំលែកព័តមាននេះ