អវសានពិភពលោកគឺជាប្រធានបទយូរណាស់មកហើយ មិនមែនថ្មីថ្មោងទេ តែកម្តៅរបស់វានៅតែក្តៅខ្លាំងជានិច្ច រហូតមកដល់សព្វថ្ងៃ ម្តងថាទំនាយប្រវត្តិសាស្ត្រ ម្តងថាទំនាយក្នុងខឿនវប្បធម៌នេះ វប្បធម៌នោះ ដូចយ៉ាងវប្បធម៌យ៉ាម៉ានៅអាមេរិកខាងត្បូងជាដើម ម្តងថាទំនាយរបស់ព្យាការីនេះ ព្យាការីនោះ ឬព្រះនេះ ព្រះនោះ ។ ទំនាយទាំងឡាយដែលគេលើកឡើងតែងតែធ្វើឱ្យមនុស្សគ្រប់គ្នាឈឺក្បាលពេលវាពាក់ព័ន្ធដល់ការរលត់រលាយពិភពលោក ។
ឆ្នាំ២០១៤នេះ មានការលើកឡើងពីទំនាយមួយទៀតតាមវប្បធម៌ជនជាតិ Viking នៅអឺរ៉ុបខាងជើងថាផែនដីដល់ទីអវសាននាថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០១៤ ធ្វើឱ្យមនុស្សម្នាទាំងឡាយ ពិសេសអ្នកនៅអឺរ៉ុបខាងជើងមានការភ្ញាក់ផ្អើលភិតភ័យជាថ្មី ។
សន្និដ្ឋានពីថ្ងៃអវសានរបស់ពិភពលោកតាមរយៈហេតុការណ៍
មុននេះគេហទំព័រ Dailymail បានចុះផ្សាយសម្តីអ្នកឯកទេសមួយក្រុមដែលយល់ដឹងជ្រាលជ្រៅវប្បធម៌ជនជាតិViking ។ អ្នកឯកទេសទាំងនោះមកពីមជ្ឈមណ្ឌល Viking Norvik ។ ពួកគេនិយាយថាជនជាតិ Viking ហា៊នប្រកាសកំណត់ថ្ងៃអវសាននៃពិភពលោកដោយយោងលើហេតុការណ៍ទើបកើតឡើង ថ្មីៗមួយចំនួន ។
តាមវប្បធម៌ Viking ថ្ងៃពិភពលោកដល់កំណត់រលត់រលាយគេហៅថា Ragnarok ។ ក្នុងទេវកថា នៅអឺរ៉ុបខាងជើងRagnarok មានន័យថា«ការកម្ទេចចោលរបស់ក្រុមមហាទេព»។ Ragnarok កើតឡើងក្រោយពេលមានរដូវរងាបីដង ជាប់ៗគ្នា។ ពេលនោះមហាទេព Heimdallr នឹងផ្លុំស្នែង Gjallerhorn ប្រកាសសញ្ញាថ្ងៃអវសានរបស់ផែនដីនឹងមកដល់ក្នុងរយៈពេល១០០ថ្ងៃទៀត ។ ដូច្នេះបើគិតពីថ្ងៃកើតមានហេតុការណ៍ទីមួយ គឺផែនដីត្រូវរលត់រលាយនៅថ្ងៃទី២២ កុម្ភៈ ២០១៤ ។ ពេលស្នែងGjallerhorn របស់មហាទេព Heimdalls បន្លឺស្នូរឡើង សត្វសាហាវទាំងឡាយចាប់ផ្តើមបង្ហាញវត្តមានលើភពផែនដី ហើយចចក SK oll នឹងលេបព្រះអាទិត្យចូលព្រោះ ចំណែកHati បងប្រុសរបស់ចចក Skoll នឹងលេបព្រះចន្ទចូលពោះវាដែរ ធ្វើឱ្យផែនដីងងឹតសូន្យសុង បង្កលក្ខណៈឱ្យព្រាយបិសាចលើកគ្នាទាំងហ្វូងមកបំផ្លិចបំផ្លាយតាមចិត្ត ។ ក្នុងពេលកើតមានគ្រោះថ្នាក់ធ្ងន់នោះ មហាទេព Odim ដឹកនាំមហាទេពចិត្តល្អឯទៀត និងមនុស្សលោកប្រយុទ្ធប្រឆាំងខ្មោចព្រាយបិសាច ដើម្បីរក្សាពិភពលោកឱ្យនៅគង់វង្ស ប៉ុន្តែអកុសល ក្នុងការប្រយុទ្ធដ៏សាហាវក្រៃលែងនោះពួកមហាទេពចិត្តល្អ ឬហៅថាមហាទេពសាងលោកបរាជ័យទាំងអស់ ។ មហាទេពOdim ត្រូវចចកFensisrir ស៊ីសាច់ ហើយមហាទេពកសាងលោកឯទៀតក៏ស្លាប់ ។ ទីបំផុតមនុស្សមានឌធំ Surt ចាប់សង្កត់ពិភពលោកចុះនរកភ្លើងឆេះខ្ទេចខ្ទី ។ ប៉ុន្តែទោះយ៉ាងនេះក្តី ពេលពិភពលោកត្រូវកម្ទេចនោះនៅសល់មនុស្សពីរនាក់នៅរស់ដែរ គឺប្រុសម្នាក់ស្រីម្នាក់ ។ មនុស្សប្រុសគឺLiftraser ឯមនុស្សស្រីគឺLif ។ ជាមួយការសល់មនុស្សពីរនាក់នៅរស់មហាទេពថ្មីៗ ដូចយ៉ាងប្អូនប្រុសរបស់មហាទេព Odim កូនប្រុសរបស់មហាទេព Thor ជាដើម ក៏មកដល់ដែរ ។ ក្រុមមហាទេព ថ្មីរួមកម្លាំងគ្នាបង្កើតពិភពលោកថ្មី ហើយបំពេញភារកិច្ចការពារថែរក្សាតាមលំឱនបុព្វបុរសរបស់ខ្លួន ។
ហេតុដែលជនជាតិ Viking ជ្រួលច្របល់ប្រកាសពេលវេលាអវសានរបស់ពិភពលោ កព្រោះពួកគេកត់សម្គាល់ឃើញហេតុការណ៍ចម្លែកកើតឡើង គឺហេតុនៅក្រុងយ៉ក (York )សហរដ្ឋអាមេរិកសុខៗ ស្រាប់តែមានសូរស័ព្ទស្នែងបុរាណលាន់រំពងចេញពីដំបូលផ្ទះមួយ ហើយលាន់ឡើងចំពេលបុណ្យJorvik របស់ជនជាតិ Viking កំពុងប្រារព្ធគគ្រឹកគគ្រេង ។
លោកDanielle Daglam នាយកចាត់ចែងពិធីបុណ្យជនជាតិ Viking អះអាងថាស្នូរស្នែងបុរាណដែលគេឮលាន់ចេញពីដំបូលផ្ទះមួយនោះជាស្នូរផ្លុំស្នែង Gjallerhorn របស់មហាទេព Heimdallr ប្រកាសកាលបរិច្ឆេទនៃការរលត់រលាយភពផែនដី ។ ថែមលើនេះក្នុងបណ្តុំធម៌ទំនាយមានពាក្យមួយឃ្លាថា «ព្រំដែនសព្វថ្ងៃនឹងរលំ» គឺសំដៅលើសម័យកាលបច្ចេកវិទ្យាកុំព្យូទ័រនាពេលចប្ចុប្បន្នលែងសល់ទៀតហើយ ។
តាមទំនាយក្នុងវប្បធម៌ Viking ដដែល ថ្ងៃRagnarok នឹងមកដល់ពេលណាពស់សមុទ្រ Jormungand ងើបពីបាតសមុទ្រឡើងមកបង្ហាញខ្លួនឱ្យឃើញ ។ ចៃដន្យអី ចំណុចនេះស្រាប់តែមានការគាប់ជួនគួរឱ្យចាប់អារម្មណ៍ដែលធ្វើឱ្យជនជាតិViking កាន់តែជឿថាពិភពលោកដល់ពេលវិនាសមែនហើយ នោះគឺ ថ្មីៗនេះមានត្រីធំចម្លែកពីរក្បាល រូបរាងប្រហែលសត្វពស់ដែលពីមុនគ្មានអ្នកណាធ្លាប់ឃើញសោះ មានវត្តមាននៅឆ្នេរសមុទ្រកាលីហ្វ៊័រនីយ៉ា សហរដ្ឋអាមេរិក ។ ត្រីចម្លែកទាំងនោះអ្នកមានជំនឿគិតថាជាពស់សមុទ្រ Jormungand ។
ការសង្ស័យ
មានមនុស្សជាច្រើនជឿតាមការចង្អុលបង្ហាញរបស់អ្នកឯកទេសជនជាតិViking បុ៉ុន្តែក៏មានមនុស្សមិនតិចប៉ុន្មានដែរសម្តែងការ
សង្ស័យ ។ តើស្នូរចម្លែកលាន់ចេញពីដំបូលផ្ទះមួយនៅក្រុងយ៉កនោះ ជាស្នូផ្លុំស្នែងពិតមែន ឬជាស្នូរអ្វីផ្សេង ? ឬក៏អត់មានស្នូរអីទេ ចេះតែថាមាន ? គ្មានអ្នកណាអះអាងថាបានឃើញផ្ទាល់ភ្នែក បានឮផ្ទាល់ត្រចៀកសោះ ។ នៅមានវត្តមានត្រីចម្លែកទៀត អាចជារឿងចៃដន្យក៏ថាបានពិបាកចាត់ទុកវាជាពស់សមុទ្រ Jormungand មកបង្ហាញខ្លួនជាសញ្ញានៃការរលត់រលាយពិភពលោកក្នុងពេលឆាប់ៗ ។ រឿងទាំងអស់នេះជាការផ្លុំបំប៉ោងបន្ថែមទេដឹង ?
សរុបមករឿងដែលថាពិភពលោកនឹងរលាយសាបសូន្យនាថ្ងៃទី២២ កុម្ភៈ ២០១៤ មានអ្នកជឿ ហើយក៏មានអ្នកមិនជឿដែរ ៕
ចែករំលែកព័តមាននេះ