ប្រធានាធិបតីបារាំងលោកហ្វ្រង់ស្វ័រ ហូឡង់ បានចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១០ កុម្ភៈ ។
ក្នុងឱកាសនៃទស្សនកិច្ចនេះ ប្រធានាធិបតីបារាំង និងសមភាគីអាមេរិក លោកបារ៉ាក់ អូបាម៉ា បានចេញផ្សាយនាថ្ងៃទី១០ កុម្ភៈ ក្នុងកាសែតបារាំង LE MONDE និងកាសែតអាមេរិកវ៉ាស៊ីនតោនប៉ុស្តិ៍ នូវសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីបង្ហាញពីភាពជាដៃគូដែលនៅតែជិតស្និទ្ធរវាងប្រទេសទាំង២ យកធ្វើជាគំរូនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ។
ក្នុងឯកសារនោះ ដែលមានចំណងជើងថា «សម្ព័ន្ធភាពដែលផ្លាស់ប្តូរទ្រង់ទ្រាយ» ប្រមុខរដ្ឋទាំង២អះអាងថា ចាក់ឫសក្នុងមិត្តភាពមួយជាង២សតវត្សមកហើយ ភាពជាដៃគូរបស់យើងកាន់តែជិតស្និទ្ធបំផុត ជាគំរូមួយនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ។
ម្យ៉ាងវិញទៀត លោកហ្វ្រង់ស្វ័រ ហូឡង់ និងលោកបារ៉ាក់ អូបាម៉ា បានធ្វើការអំពាវនាវរួមឱ្យមានកិច្ចព្រមព្រៀងមួយស្តីពីបរិយាកាស ។ មេដឹកនាំទាំង២ សរសេរថា ខណៈដែលយើងរៀបចំសន្និសីទស្តីពីបរិស្ថាន ដែលត្រូវប្រព្រឹត្តទៅនៅទីក្រុងប៉ារីសនាឆ្នាំខាងមុខនេះ យើងបន្តអំពាវនាវដល់គ្រប់ប្រទេសទាំងអស់ឱ្យចូលរួមជាមួយការខិតខំប្រឹងប្រែងរបស់យើងក្នុងការស្វែងរកកិច្ចព្រមព្រៀងពិភពលោកប្រកបដោយមហិច្ឆតា និងជាសាកលមួយ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់តាមរយៈវិធានការជាក់ស្តែងទាំងឡាយ៕
ចែករំលែកព័តមាននេះ