ប្រទេសកូរ៉េខាងជើងជាថ្មីម្តងទៀតស្នើដល់សហរដ្ឋអាមេរិកកាលពីថ្ងៃទី៩ កុម្ភៈ ឱ្យបោះបង់ចោលសមយុទ្ធយោធានៅកូរ៉េខាងត្បូង ដោយចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា ចង់ធ្វើការវាយប្រហារនុយក្លេអ៊ែរមួយប្រឆាំងខ្លួន ។
សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងនឹងចូលរួមក្នុងសមយុទ្ធយោធាប្រចាំឆ្នាំឈ្មោះKEY RESOLVE និង FOAL EAGLE នាដំណាច់ខែកុម្ភៈនេះ ។ កាសែតកូរ៉េខាងជើងRODONG SINMUN សរសេរថា ប្រសិនបើសហរដ្ឋអាមេរិកពិតជាចង់បានសន្តិភាពនិងការរំសាយអាវុធនុយក្លេអ៊ែរប្រាកដមែន នោះខ្លួនពុំចាំបាច់ប៉ុនប៉ងធ្វើការវាយប្រហារនុយក្លេអ៊ែរមួយប្រឆាំងកូរ៉េខាងជើងនោះឡើយ ។ សហរដ្ឋអាមេរិកត្រូវតែផ្អាកជាបន្ទាន់នូវសមយុទ្ធសង្គ្រាមនុយក្លេអ៊ែរដែលខ្លួនគ្រោងធ្វើនៅកូរ៉េខាងត្បូង ។
កាសែតនោះពុំបានបញ្ជាក់ថា តើសមយុទ្ធសង្គ្រាមនុយក្លេអ៊ែរមានន័យថាខ្លួនចង់សំដៅពិតប្រាកដលើសមយុុទ្ធKEY RESOLVE និង FOAL EAGLE ឬយ៉ាងណាឡើយ។ ម្យ៉ាងទៀត កាសែតនេះបានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថាប៉ុនប៉ងប្រែក្លាយកូរ៉េខាងត្បូង និងជប៉ុន ទៅជាប៉ុស្តិ៍ជួរមុខសម្រាប់អាវុធនុយក្លេអ៊ែររបស់ខ្លួន និងដើម្បីសង្គ្រាមនុយក្លេអ៊ែរមួយនៅឧបទ្វីបកូរ៉េ ៕
ចែករំលែកព័តមាននេះ