អភិបាលក្រុងហូម លោកតាឡាល់ បារ៉ាហ្ស៊ី ថ្លែងថា សរុបជនស៊ីវិល៦១១នាក់ កាលពីថ្ងៃទី៩ កុម្ភៈ ត្រូវបានជម្លៀសចេញពីទីក្រុងហូមចាស់ កាន់កាប់ដោយពួកឧទ្ទាមក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងមួយដែលទើបចុះហត្ថលេខារវាងអ.ស.ប និងរដ្ឋាភិបាលស៊ីរី ។
លោកបារ៉ាហ្ស៊ី ថ្លែងបែបនេះនៅមុខទូរទស្សន៍អារ៉ាប់ AL-MAYADEEN ដោយលោកបញ្ជាក់ថា ការជម្លៀសជនស៊ីវិលចេញដោយទ្រង់ទ្រាយធំមួយកំពុងប្រព្រឹត្តទៅ ។ ភាគច្រើននៃមនុស្សដែលជម្លៀសចេញជានារី កុមារ និងមនុស្សចាស់ ដែលពួកគេមានទឹកមុខស្លេកស្លាំង ហេវហត់ រួចនឹងទទួលការពិនិត្យព្យាបាលដោយសមស្រប ។ អភិបាលក្រុងរូបនេះបន្តថា ដំណើរការជម្លៀសមនុស្សចេញអាចបន្តរយៈពេល៣ថ្ងៃទៀត ។
ការខិតខំប្រឹងប្រែងខាងមនុស្សធម៌នោះធ្វើឡើងមុនពេលធ្វើការចរចាគ្នាបន្តរវាងរបបស៊ីរីនិងពួកប្រឆាំងក្រោមការឧបត្ថម្ភរបស់អ.ស.ប នៅក្រុងហ្សឺណែវ ដោយក្នុងការចរចាវគ្គដំបូងពុំសម្រេចបានការបោះជំហានទៅមុខណាមួយសម្រាប់ការដោះស្រាយជម្លោះដែលរហូតមកទល់ពេលនេះបណ្តាលឱ្យមនុស្សស្លាប់ជាង១៣៦.០០០នាក់ ហើយមនុស្សជាច្រើនលាននាក់រត់ភៀសខ្លួនរយៈពេលជិត៣ឆ្នាំកន្លងទៅនេះឡើយ ។
អង្គការសិទ្ធិមនុស្សស៊ីរី OSDH សិ្នទ្ធពួកឧទ្ទាមគូសបញ្ជាក់ថា ជនស៊ីវិលសរុប៦១១នាក់ ក្នុងនោះមាននារី២១០នាក់ និងកុមារ១៨០នាក់ កាលពីថ្ងៃទី៩ កុម្ភៈ បានចាកចេញពីសង្កាត់ទាំងឡាយនៃក្រុងហូមចាស់ឡោមព័ទ្ធដោយកងទ័ពចាប់តាំងពីខែមិថុនា ឆ្នាំ២០១២ មក ។ យោងតាមអង្គការនោះថា ក្នុងចំណោមពួកអ្នកជម្លៀសចេញទាំងនេះ បុរសវ័យក្មេង១៣០នាក់បានប្រគល់ខ្លួនឱ្យអាជ្ញាធរស៊ីរីក្រោមការត្រួតពិនិត្យរបស់អ.ស.ប រួចពួកគេនឹងត្រូវដោះលែងក្នុងពេលឆាប់ៗ ។
ប្រតិបត្តិការជម្លៀសមនុស្សចេញនោះជួបការលំបាកដោយសារការបាញ់គ្រាប់កាំភ្លើងត្បាល់ដែលសម្លាប់មនុស្ស៦នាក់ ក្នុងនោះមានពួកឧទ្ទាម២នាក់ ៕
ចែករំលែកព័តមាននេះ