រាជធានីភ្នំពេញ ៖ ដើម្បីការពារដល់បរិស្ថាន ឬការអភិវឌ្ឍន៍ដែលមិនប៉ះពាល់ដល់បរិស្ថាន ធនាគារកម្ពុជាប្រមាណជិត ៥០ បានយល់ព្រម និងប្ដេជ្ញាថាខ្លួននឹងផ្ដល់កម្ចីណាយកទៅអភិវឌ្ឍន៍ដែលមិនប៉ះពាល់ដល់បរិស្ថានក្នុងគោលបំណងទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុនៅកម្ពុជា និងពិភពលោកទាំងមូល ។
ដើម្បីប្រាកដថាធនាគារពាណិជ្ជទាំងអស់អនុវត្តន៍នូវគោលការណ៍នេះមានប្រសិទ្ធិភាព សមាគមធនាគារកម្ពុជា ដែលមានសមាជិកប្រមាណជិត ៥០ ធនាគារ បានសម្រេចចុះហត្ថលេខាជាមួយអាជ្ញាធរកម្ពុជាចំនួនពីរ និងស្ថាប័នអន្តរជាតិចំនួនមួយ ដើម្បីឃ្លាំមើលនូវការអនុវត្តន៍នេះ ។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខារវាងធនាគារជាតិនៃកម្ពុជា ក្រសួងបរិស្ថាន និង USAID លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារកម្ពុជា បានមានប្រសាសន៍ថា យោងតាមការសម្រេចជារួមរវាងបណ្ដាធនាគារស្ទើរតែអស់នៅកម្ពុជា ដែលជាសមមាជិកសមាគមធនាគារកម្ពុជា ទើបសមាគមសម្រេចចុះអនុស្សរណរវាងអាជ្ញាធរកម្ពុជា ដែលមានធនាគារជាតិនៃកម្ពុជា ក្រសួងបរិស្ថាន និងអង្គការ USAID ដើម្បីការពារបរិស្ថានរបស់កម្ពុជា ។
លោកបន្តថា ខ្លឹមសារសំខាន់នៅក្នុងកិច្ចព្រមព្រៀងរវាងភាគីពាក់ព័ន្ធទាំងអស់មាន ៤ ដែល រួមមាន៖ ទី១ សមាជិកទាំងអស់ត្រូវមានប្រព័ន្ធដើម្បីធ្វើការងារ, ទី ២ ពង្រឹងសមត្ថភាពរបស់សមាជិកទាំងអស់ ដោយត្រូវពង្រឹងលើធនធានមនុស្សរបស់បុគ្គលិកធនាគារទាំងអស់, ទី ៣ សមាជិកទាំងអស់ត្រូវពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យបានកាន់តែទូលំទូលាយ និងទី ៤ ត្រូវពង្រីកការផ្សព្វផ្សាយឱ្យបានទូលំទូលាយទូទាំងប្រទេស ។ លោកថា ៖ «គោលដៅធំរបស់យើង គឺចង់ឱ្យកម្ពុជាក្លាយជាប្រទេសដំបូងគេនៅតាមដងទន្លេមេគង្គ ដែលមានការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ការពារដល់បរិស្ថាន ហើយយើងរំពឹងថាយើងនឹងទទួលបានជោគជ័យលើកិច្ចការនេះ » ។ លោកបានបន្ថែមថា វិស័យធនាគារជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់មួយសម្រាប់ការលូតលាសនៃប្រទេសជាតិនីមួយៗ ព្រោះធនាគារគឺជាអ្នកផ្ដល់ហិរញ្ញវត្ថុសម្រាប់ឱ្យមានការលូតលាស់ដល់សេដ្ឋកិច្ច ដូច្នេះបើសិនជាធនាគារមានការយកចិត្តទុកដាក់ទៅលើអតិថិជន មានគុណវុឌ្ឍគ្រប់គ្រាន់ ពោលគឺអតិថិជនដែលយកហិរញ្ញវត្ថុពីធនាគារទៅប្រើប្រាស់ហើយមិនប៉ះពាល់ដល់បរិស្ថាន ។
លោកបញ្ជាក់ទៀតថា៖ «ចាប់ពីពេលនេះតទៅបណ្ដាប្រតិបត្តិករ ធនាគារ ដែលជាសមាជិករបស់សមាគមធនាគារកម្ពុជា ត្រូវគិត និងព្យាយាមអនុវត្តន៍មុននឹងផ្ដល់កម្ចីដល់អតិថិជនទៅអភិវឌ្ឍន៍ ត្រូវមើលថាតើហិរញ្ញវត្ថុដែលអតិថិជនយកទៅប្រើប្រាស់នោះធ្វើឱ្យរីកចម្រើនដល់បរិស្ថាន ឬធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន» ។ លោកបញ្ជាក់ថាសម្រាប់ការងារនេះគឺមានភាគីពាក់ព័ន្ធច្រើនសម្រាប់តាមដាន ក្នុងនោះមានក្រសួងបរិស្ថានសម្រាប់ឱ្យដឹងថាតើប្រភេទអាជីវកម្មណាប៉ះពាល់ដល់បរិស្ថាន ហើយអង្គការ USAID ជាអ្នកជួយតាមដាន និងមានធនាគារជាតិនៃកម្ពុជា ដែលជាអាណាព្យាបាលរបស់ធនាគារពាណិជ្ជទាំងអស់នៅកម្ពុជា ជាអ្នកជួយណែនាំបន្តនៅពេលមានការផ្ដល់កម្ចីខុសគោលដៅ និងប៉ះពាល់ដល់បរិស្ថាន ។
លោកស្រី Lay Rachana អគ្គនាយិការងនៃធនាគារពាណិជ្ជក្រៅប្រទេស ( FTB ) បានមានប្រសាសន៍ផងដែរថា នៅពេលគម្រោងនេះ ចាប់ផ្ដើមអនុវត្តន៍បណ្ដាធនាគារដែលបានយល់ព្រមនូវកិច្ចព្រមព្រៀងនេះ ត្រូវមានរបាយការណ៍ដើម្បីរាយការណ៍ ទៅកាន់សមាគមធនាគារពិនិត្យ និងមើលថាតើធនាគារល្មើសនឹងបទបញ្ញត្តិដែរ ឬទេ ? តែបើសិនជាគាត់ល្មើសក៏សមាគមមិនមានសិទ្ធិទៅចាប់ទោសធនាគារនោះដែរ គឺអាជ្ញាធរមានសមត្ថកិច្ចទេដែលជាអ្នកចាប់ទោស ឬត្រូវណែនាំយ៉ាងណានោះ ។
លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា ការចូលរួមជាមួយសមាគមធនាគារកម្ពុជា នៅពេលនេះជាឧទាហរណ៍គំរូមួយបង្ហាញពីកិច្ចសហប្រតិបតិ្តការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដើម្បីប្រទេសកម្ពុជា និងការការពារភពផែនដី ព្រមទាំងដើម្បីជាប្រយោជន៍របស់ធនាគារជាសមាជិកក្នុងការទាក់ទាញមូលនិធិអន្តរជាតិនានា ជាមួយអត្រាការប្រាក់ទាបផងដែរ ។ លោកថា៖ «ក្នុងកិច្ចការនេះ ក្រសួងបរិស្ថានមានមុខងារសំខាន់មួយក្នុងចំណោមមុខងារសំខាន់ៗដទៃទៀត គឺជួយសម្របសម្រួលធនាគារ ឬស្ថាប័ននានា ក្នុងការដាក់ពាក្យសុំដើម្បីក្លាយខ្លួនជាអង្គភាពមានគុណវុឌ្ឍគ្រប់គ្រាន់ស្នើសុំជំនួយ ឬ មូលនិធិពីមូលនិធិអាកាសធាតុបៃតង ឬ ស្ថាប័នអន្តរជាតិផ្សេងទៀត» ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ