អ.ស.ប រាយការណ៍កាលពីព្រឹកថ្ងៃទី៨ កុម្ភៈ ថា ចំនួនជនរងគ្រោះស៊ីវិលនៃជម្លោះនៅប្រទេសអាហ្វហ្គានីស្ថាន មានការកើនឡើងដល់ទៅ១៤% ក្នុងឆ្នាំ២០១៣ ដែលប៉ះពាល់កាន់តែខ្លាំងដល់នារី និងកុមារ ។ នេះជាការកើនឡើងគួរឱ្យព្រួយបារម្ភ ខណៈជិតដល់ពេលដកថយរបស់កងទាហានអូតង់ចេញពីប្រទេសនោះ ។
យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់បេសកកម្ម អ.ស.ប នៅអាហ្វហ្គានីស្ថាន UNAMA ថា ជម្លោះរវាងពួកតាលីបង់ និងកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ព្រមទាំងកងកម្លាំងចម្រុះអន្តរជាតិ បណ្តាលឱ្យមនុស្សស្លាប់ដល់ទៅ២.៩៥៩នាក់ ដែលមានការកើនឡើង៧% បើប្រៀបធៀបទៅនឹងឆ្នាំ២០១២ ហើយមនុស្សដល់ទៅ៥.៦៥៦នាក់ ត្រូវរបួស ក្នុងនោះ១៧% ដោយសារស្នាដៃរបស់ពួកឧទ្ទាមតាលីបង់ ។
UNAMA គូសបញ្ជាក់ថា ចំនួនជនស៊ីវិលដែលស្លាប់ ឬរបួសក្នុងឆ្នាំ២០១៣ មានការកើនឡើងច្រើនជាងកាលពីឆ្នាំ២០១២ ។ ចំនួនអ្នកស្លាប់ក្នុងឆ្នាំ២០១៣ មានជិតដល់ប្រហាក់ប្រហែលគ្នានឹងកាលពីឆ្នាំ២០១១ ដែលមាន៣.១៣៣នាក់ ។ ការកើនឡើងនេះបណ្តាលមកជាពិសេសពីការប្រើគ្រឿងផ្ទុះកាន់តែច្រើនក្នុងជម្លោះមកពីការដកថយជាបន្តបន្ទាប់នៃកងកម្លាំងអូតង់ ដែលក្នុងឆ្នាំ២០១៣ បានបង្ហើយការផ្ទេរការទទួលខុសត្រូវខាងសន្តិសុខរបស់ប្រទេសឱ្យដល់កងកម្លាំងអាហ្វហ្គានីស្ថាន ដែលពិតណាស់មានចំនួនដល់៣៥០.០០០នាក់ ក៏ប៉ុន្តែជាកងកម្លាំងដែលផុយស្រួយ ហើយពុំមានសម្ភារយោធាសំបូរបែបផង ។
UNAMA បន្តថា ការបិទបណ្តាមូលដ្ឋានយោធាអន្តរជាតិ និងការកាត់បន្ថយប្រតិបត្តិការតាមអាកាស និងតាមជើងគោករបស់អូតង់ បានផ្តល់ឱកាសដល់កងកម្លាំងប្រឆាំងរដ្ឋាភិបាល ងាយក្នុងការចល័តចុះឡើង រួចក្នុងតំបន់មួយចំនួនមានសមត្ថភាពវាយប្រហារកងកម្លាំងអាហ្វហ្គានីស្ថាន ដែលការវាយប្រហារបែបនោះមានកាន់តែច្រើនជាងពីឆ្នាំមុនៗ ។
លោក JAN KUBIS ប្រមុខរបស់ UNAMA ក្នុងសេចក្តីប្រកាសមួយគូសបញ្ជាក់ថា ពេលមានការប៉ះទង្គិចគ្នានៅលើដីកាន់តែច្រើននោះ ជនស៊ីវិលស្លាប់ និងរបួសក៏កើនខ្ពស់ដែរ មកពីរងការវាយប្រហារទាំង២ខាង ។
មានប្រតិកម្មចំពោះការចេញផ្សាយរបាយការណ៍នោះ ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន បានចោទប្រកាន់ពួកបះបោរថា ប្រើប្រាស់ជនស៊ីវិលជាខែលមនុស្ស ដោយធានាថា នឹងចាត់វិធានការសមស្របទាំងឡាយសំដៅការពារជនស៊ីវិល។
ចំណែកអ្នកនាំពាក្យរបស់ពួកតាលីបង់ លោកហ្សាប៊ីអ៊ុលឡាហ៍ មូចាហ៊ីប វិញ បានបដិសេធការសន្និដ្ឋានរបស់របាយការណ៍នោះដោយអះអាងថា បណ្តាជនស៊ីវិលភាគច្រើនរងគ្រោះដោយសារការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងរបស់អាមេរិក ។
ផលប៉ះពាល់នៃជម្លោះអាហ្វហ្គានីស្ថាន មានកាន់តែច្រើនដល់ជនស៊ីវិល នាំឱ្យមានការចោទសួរលើសមត្ថភាពរបស់កងកម្លាំងអាហ្វហ្គានីស្ថានលើការធានាសន្តិសុខរបស់ប្រទេស ខណៈដែលកងទាហានអូតង់ប្រមាណជា៥០.០០០នាក់ ត្រូវចាកចេញពីអាហ្វហ្គានីស្ថាន នាដំណាច់ឆ្នាំ២០១៤នេះ ៕
ចែករំលែកព័តមាននេះ