ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស​ សារិទ្ធិ​ និង​សុខ​ ចំរើន​ស្រ៊ុន​ វាយ​គ្នា​ឯង​កក្រើក​សង្វៀន​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ជំនួប​កីឡាករ​មាស​ សារិទ្ធិ​ មក​ពី​ក្លិប​រកា​ខ្នុរ​គុន​ខ្មែរ​បង្ក្រាប​គ្រឿង​ញៀន​ និង​កីឡា​ករ​សុខ​ ចំរើន​ស្រ៊ុន​ មក​ពី​មជ្ឈ​មណ្ឌល​សកម្ម​ភាព​កម្ចាត់​មីន​កម្ពុជា​ កាល​ពី​ថ្ងៃ​សុក្រ​ ទី​៧ កុម្ភៈ​ បាន​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ខណៈ​ដែល​ពួកគេ​ទាំង​ពីរ​ជា​អតីត​សិស្ស​រួម​គ្រូ​ រួម​ក្លិប ហើយ​ត្រូវ​មក​ប៉ះ​គ្នា​លើ​រេញ​ តែ​ការ​វាយ​គ្នា​មាន​សភាព​រស់​

រាជ​ធានី​ភ្នំពេញ​ ៖ ជំនួប​កីឡាករ​មាស​ សារិទ្ធិ​ មក​ពី​ក្លិប​រកា​ខ្នុរ​គុន​ខ្មែរ​បង្ក្រាប​គ្រឿង​ញៀន​ និង​កីឡា​ករ​សុខ​ ចំរើន​ស្រ៊ុន​ មក​ពី​មជ្ឈ​មណ្ឌល​សកម្ម​ភាព​កម្ចាត់​មីន​កម្ពុជា​ កាល​ពី​ថ្ងៃ​សុក្រ​ ទី​៧ កុម្ភៈ​ បាន​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ខណៈ​ដែល​ពួកគេ​ទាំង​ពីរ​ជា​អតីត​សិស្ស​រួម​គ្រូ​ រួម​ក្លិប ហើយ​ត្រូវ​មក​ប៉ះ​គ្នា​លើ​រេញ​ តែ​ការ​វាយ​គ្នា​មាន​សភាព​រស់​រវើក ។​

មួយ​រយៈ​មុន​ អ្នក​ណា​ក៏​ដឹង​ថា​ កីឡាករ​មាស​ សារិទ្ធិ​ និង​កីឡាករ​សុខ ចំរើន​ស្រ៊ុន​ ជា​អតីត​សិស្ស​ប្រចាំ​ក្លិប​យុវ​កីឡា​ខេត្ត​កណ្តាល​តែ​មួយ ។​ ក្រោយ​មក​បើ​ទោះ​ជា​ពួក​គេ​ជ្រក​ក្នុង​ក្លិប​ខុសគ្នា​ ក៏​ពួក​គេ​ហ្វឹក​ហាត់​ជា​មួយ​គ្រូ​ម្នាក់​ ឬ​២​នាក់​ដូចគ្នា ។​ ដោយសារ​តែ​ក្នុង​ពិភព​កីឡា​ប្រដាល់​ គ្រូ​ម្នាក់​បង្វឹក​កីឡាករ​មិន​តិច​ជាង​៣​ក្លិប​ផ្សេង​គ្នា​នោះ​ឡើយ​ អុីចឹង​ហើយ​ទើប​ជំនួប​រវាង​កីឡាករទាំង​ពីរ​នាក់​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​គួរសម​នៅ​លើ​សង្វៀន​ប្រដាល់​ស្ទឹង​មាន​ជ័យ​។​ ក្រុម​អ្នក​​ដឹង​ពី​ប្រវត្តិ​ដើម​របស់​ពួក​គេ​ ហាក់​ស្រឡាំង​កាំង​នៅ​ពេល​ឃើញ​អ្នក​ទាំង​ពីរ​វាយ​ប្រយុទ្ធគ្នាបាន​ល្អ ដោយ​សូម្បី​តែ​កន្លង​មក​ពួក​គេគឺ​ជា​សិស្ស​ និង​ជា​កីឡាករ​ដែល​មាន​ទម្រង់​ស្នៀត​ និង​ការវាយ​ប្រយុទ្ធ​មាន​លំនាំ​តែ​មួយ ។ អ្វីដែល​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ថែម​ទៀត​ គឺ​កីឡាករ​បង្គោល​ក្រហម​ មាស​ សារិទ្ធិ​ និង​កីឡាករ​បង្គោល​ខៀវ​ សុខ ចំរើន​ស្រ៊ុន​ មិន​បាន​ទុក​មុខ​ឱ្យ​គ្នា​ទាល់​តែ​សោះ​ និងបាន​ទាំង​បង្ហាញ​សភាព​វាយ​សន្ធាប់​ដាក់​គ្នា​យ៉ាង​ពេញ​ទំហឹង​ធ្វើ​ឱ្យ​មាន​ការ​ជក់​ចិត្ត ។​ បើ​ទោះ​ជា​ធាតុ​ពិត​អ្នក​ទាំង​ពីរ​អាច​នឹង​ដាក់​វេន​សម្រុក​គ្នា​ ប៉ុន្តែ​អ្វី​ដែល​គេបាន​ឃើញ​នោះ​គឺ​សម​ភ្នែក ​។ តាំង​ពី​ទឹក​ទី​១​ រហូត​ដល់​ទឹក​ចុង​ក្រោយ​ កីឡា​ករ​បង្គោល​ខៀវ និង​បង្គោល​ក្រហម​ ប្រើ​អស់​​ពី​កម្លាំង​កាយ​តែ​ម្តង​ជាមួយ​នឹង​ការ​ធ្វើ​ឱ្យ​កីឡាករ​បង្គោល​ខៀវ​ទក់​សាច់​ដោយ​កណ្តាប់​ដៃ​ឆ្វេង​ស្តាំ​ និង​រ​ន្ទះ​ជើង​ផុត​ដល់​ចុង​សក់​នោះ​ផង ។​ ទោះបី​យ៉ាង​ណា​ កីឡា​ករ​បង្គោល​ខៀវ​ សុខ​ ចំរើន​ស្រ៊ុន​ ក៏​មិន​បាន​ទុក​ស្នៀត​ និង​ដៃ​ជើង​ដែល​គ្រូ​និង​ម្តាយ​ចែក​ឱ្យ​នៅ​ទំនេរ​នោះ​ដែរ​ ដោយ​គេ​បាន​ប្រើ​អស់​ដូច​គ្នា ។​ គាប់​ជួន​ជា​កីឡាករ​ទាំង​ពីរ​​ហាក់​ចេញ​គ្រឹះ​ពី​កន្លែង​ហ្វឹក​ហាត់​តែ​មួយ​ផង ទើប​ធ្វើ​ឱ្យ​ការវាយ​សម្រុក​របស់​ពួកគេ​មាន​ភាព​ល្អ​ឥត​ខ្ចោះ​ក្នុង​រយៈ​ពេល​៥​ទឹក ។​ ក្រុម​អ្នក​ទស្សនា​លើក​ឡើង​ថា​ បើ​ពួកគេ​មិន​ចេញ​ពី​ប្រភព​តែ​មួយ ហើយ​មិន​ធ្លាប់​មាន​ទំនាក់​ទំនង​ស្អិត​រមួត​ជា​មួយ​គ្នា​នៅ​ក្រៅ​ឆាក​ទេ ប្រាកដ​ជា​ល្អ​មើល​ជាង​នេះ​ឆ្ងាយ​ណាស់ ។​ សភាព​វាយ​លុក​របស់​ពួកគេ បើ​ទោះ​ជា​មាន​ចំណុច​ខ្លះ​ហាក់​ចន្លោះ​ប្រហោង​ ឬទុក​មុខ​ឱ្យ​គ្នា​ ប៉ុន្តែ​ក៏​ក្លាយ​ជា​គំរូ​មួយ​ដែល​អាច​និយាយ​បាន​ថា​ ចេញ​ពី​ទឹកចិត្ត​ពិតប្រាកដ​ក្នុង​នាម​ជា​កីឡា​ករ​ដែល​នៅ​ក្រៅ​សង្វៀនគឺ​ជា​រឿង​ផ្សេង​ លុះ​នៅ​ក្នុង​សង្វៀន​ត្រូវតែវាយ​គ្នា​ដោយ​មិន​ឱ្យ​អ្នក​ទស្សនា​ខក​បំណង ។​ រវាង​កីឡា​ករ​ទាំងពីរ​ បង្គោល​ក្រហម​មាស​ សារិទ្ធិ​ បាន​ក្លាយជាអ្នក​ឈ្នះ​ពិន្ទុ​ ខណៈដែល​លទ្ធ​ផល​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម​អ្នក​ទស្សនា​ភាគច្រើន​អបអរ​សាទរ​ ។​

នៅ​លើ​សង្វៀន​នោះដែរ​ កីឡាករ​ចៅ​ ផល​ឌឿ​ ជើង​ខ្លាំង​មក​ពី​ក្លិប​សំរោង​កោង​បាន​បង្ហាញ​អារម្មណ៍​ស្រងាក​ចិត្ត​តិច​តួច​ បន្ទាប់​ពី​ត្រូវ​ចាញ់​ពិន្ទុ​កីឡាករ​ហេង​ វិច្ឆ័យ​ មក​ពី​ក្លិប​កង​ពល​តូច​លេខ​៧០​ ដោយ​អាម៉ាស់ ។​ បើ​ទោះ​ជា​ ហេង វិច្ឆ័យ​ មាន​រូងរាង​ខ្ពស់​ និង​មាន​ដៃ​ជើង​វែងៗ​ ប៉ុន្តែ​គ្រប់​ពេល​ចូល​កៀក​ គេ​រមែង​ត្រូវ​កីឡា​ករ​ចៅ ផលឌឿ​ ផ្តួល​ឱ្យ​បះ​ជើង​ច្រងាប់​ច្រងិល​បំផុត​ចាប់​តាំងពី​ទឹក​ទី​១ ។​ ស្ទើរ​គ្រប់​ទឹក​កីឡាករ​បង្គោល​ខៀវ​មិនត្រឹម​តែ​ដួល​ផ្ងារ​ជើង​ប៉ុណ្ណោះ​ទេ​ សូម្បីតែ​មុខ​ និងដង​ខ្លួន​ ក៏​ត្រូវ​កណ្តាប់​ដៃ​របស់ ចៅ​ ផលឌឿ​ ឡើងសុស​សាច់​ដូចគ្នា ។​ ត្រង់​ហ្នឹង​ហើយ​ដែល​លទ្ធ​ផល​នៅ​វគ្គ​ចុង​ក្រោយ​បាន​ក្លាយ​ជា​រឿង​ស្រងាក​ចិត្ត​ ដែល​ចៅ ផលឌឿ​ និង​អ្នក​គាំទ្រ​មិន​អស់​ចិត្ត ។​ ទោះ​បី​យ៉ាងណា​ កីឡា​ករ​ហេង វិច្ឆ័យ​ ថ្វី​បើ​មាន​ឱកាស​វាយចេញ​តិច​ ប៉ុន្តែ​ក៏​ត្រូវ​ចំ​គោល​ដៅ​បាន​ល្អ​ដែរ ។​

ក្រុម​អ្នក​​ផ្តល់​ពិន្ទុ​បាន​អះអាង​ថា​ នោះ​គឺជា​លទ្ធ​ផល​ដោយសារ​តែបង្គោល​ខៀវ​វាយ​ចេញ​តិច​ ប៉ុន្តែត្រូវ​ច្រើន​ ដែល​ក្នុង​មួយ​ស្នៀតៗ​គឺសុទ្ធ​សឹង​តែ​ជា​ចំណុច​ចំ​គោល​ដៅ​នៃ​ការប្រមូល​ពិន្ទុ ។​ ការ​ប្រកាស​ឱ្យ ចៅ ផលឌឿ​ ចាញ់​ពិន្ទុ​បាន​ធ្វើ​ឱ្យ​មាន​ការ​រិះគន់​ខ្លះ​ក្នុង​ចង្កោម​អ្នក​គាំទ្រ​ ប៉ុន្តែ​ក៏ធ្វើ​ឱ្យ​អ្នក​ចេះ​វិភាគ​ពីការ​ប្រដាល់​ទាំង​មូល​អស់​ចិត្ត។​ ក្រុម​អ្នក​ទស្សនា​មួយ​ក្រុម​ទៀត​ក៏​លើក​ហេតុ​ផល​ដូចគ្នា​ ស្រប​នឹង​ការ​អះ​អាង​របស់​ក្រុម​គណៈ​កម្មការ​ដែល​បាន​ការពារ​ចំពោះ​សេចក្តី​សម្រេច​របស់​ខ្លួន ។​ ភាគី​មួយ​ក្រុម​នោះ​​លើក​ឡើង​ថា​ នោះ​ជា​រឿង​សក្តិ​សម​ដែល​ ចៅ ផលឌឿ​ វាយ​បាន​ល្អ​មែន​ បុ៉ន្តែ​ក៏​ត្រូវ​ទក់​សាច់​ដោយ​ការ​វាយ​ឆ្មក់​របស់​កីឡា​ករ​បង្គោល​ខៀវ​គ្រប់​លើក ។ គណៈ​កម្មការ​រៀបចំ​ការប្រកួត​បាន​ប្រាប់​ថា​ នឹង​​ផ្តល់​ឱកាស​ឱ្យ​ ចៅ ផល​ឌឿ​ ឡើង​សង​សឹក​ឆាប់ៗ​ដើម្បី​បំបាត់​មន្ទិល​សង្ស័យ​របស់​អ្នក​គាំទ្រ​មក​ពី​ការ​កាត់​ក្តី​របស់​ពួកគេ​ឱ្យ​ជ្រះ​ស្រឡះ ។​ នៅ​លើ​សង្វៀន​នោះ​ដែរ កីឡាករ​ផាន់​ ពិសិដ្ឋ​ មក​ពី​ក្លិប​គជ​សារ​កីឡា​ ស្មើ​ពិន្ទុ​ជា​មួយ​កីឡាករ​ស៊ឹម​ ប៊ុន​ឆៃ​ មក​ពី​ក្លិប​ព្រៃ​ទទឹង​ខេត្ត​​បាត់​ដំបង​ និង​កីឡា​ករ​អៀង​ ចាន់​ល័ក្ខ​ មក​ពី​ក្លិប​កង​ទ័ព​ជើង​គោក​ ផ្តួល​កីឡាករ​សល់​ អាម៉ា​ មក​ពី​ក្លិប​កុសល​កីឡា​ឱ្យ​សន្លប់​​ក្នុង​ទឹក​ទី​៣​ ៕​