ជនឆ្វេងនិយមអេហ្ស៊ីបលោកហាមឌីនសាបបាហ៊ី ប្រកាសកាលពីថ្ងៃទី៨ កុម្ភៈថា លោកនឹងឈរឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខនេះ ដែលប្រមុខកងទ័ពសេនាប្រមុខអាប់ដែលហ្វាតាហ៍ អាល់ស៊ីសស៊ី នឹងជាបេក្ខជនមានប្រជាប្រិយភាពជាងគេ ។
លោកសាបបាហ៊ី ជាឥស្សរជននយោបាយសំខាន់មួយរូបដំបូងគេប្រកាសឈរឈ្មោះបេក្ខជន ។ លោកប្រកាសឈរឈ្មោះក្នុងពេលថ្លែងសុន្ទរកថាមួយចំពោះពួកអ្នកគាំទ្រលោក ។ លោកមានប្រសាសន៍ថា ការសម្រេចចិត្តរបស់ខ្ញុំនឹងញ៉ាំងឱ្យបណ្តាយុវជនមានក្តីរីករាយ ហើយខ្ញុំនឹងឆ្លើយតបចំពោះសំណើទាំងឡាយរបស់ពួកគេ ។
ដោយប្រកាសថា លោកជាអ្នកបន្តមរតកពីប្រធានាធិបតីហ្គាម៉ាល់ អាប់ដែល ណាស៊ែរ លោកសាបបាហ៊ី កាលពី ក្នុងការបោះឆ្នោតប្រធានាធិបតីនាខែមិថុនា ឆ្នាំ២០១២ ទទួលបានសំឡេងមួយផ្នែកធំពីពួកយុវជន និងពីពួកអ្នកបដិវត្តន៍ដែលតតាំងប្រឆាំងរបបលោកមូបារ៉ាក់។ ក្នុងការបោះឆ្នោតនោះដែលលោកម័រស៊ី ដណ្តើមបានជ័យជម្នះ លោកសាបបាហ៊ី ស្ថិតក្នុងលំដាប់ទី៣ ក្នុងការបោះឆ្នោតប្រធានាធិបតីជុំទីមួយ ។ បន្ទាប់មកលោកក្លាយទៅជាអ្នកប្រឆាំងសំខាន់មួយចំពោះលោកម័រស៊ី ដែលលោកចោទប្រកាន់ថា ប្រព្រឹត្តអយុត្តិធម៌សង្គម និងប្រកាន់អំណាចផ្តាច់ការនៃសករាជលោកមូបារ៉ាក់ ៕
ចែករំលែកព័តមាននេះ