ខេត្តកំពង់ធំ ៖ ខណ្ឌរដ្ឋបាលជលផលកំពង់ធំ នៅដើមឆ្នាំ២០១៤ នេះ បានប្រើកណ្តាប់ដៃដែកចាត់វិធានការចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ បានចំនួន ១៣ករណី គិតចាប់ពីថ្ងៃទី០១ មករា ដល់ថ្ងៃទី០៨ កុម្ភៈ ២០១៤។
លោក ប៉ែន វណ្ណារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានមានប្រសាសន៍ឲ្យដឹងថា គិតចាប់ពីថ្ងៃទី០១ មករា ដល់ថ្ងៃទី០៨ កុម្ភៈ ២០១៤ កម្លាំងចម្រុះ រួមមាន នគរបាល កងរាជអាវុធហត្ថ តំបន់សឹករងកំពង់ធំ ដឹកនាំដោយផ្នែកជំនាញរដ្ឋបាលជលផល ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ (ឆក់ត្រី) បានចំនួន ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ១២នាក់ ដុំឆក់ ១៣គ្រឿង អាគុយ ១២វុល ៤០អាំពែ ចំនួន ៣០អាគុយ ម៉ូតូ ៨គ្រឿង ម៉ាស៊ីនសាកអាគុយ ២គ្រឿង។
ជាក់ស្តែង នៅវេលាម៉ោង ៩ និង ៥០នាទី ព្រឹកថ្ងៃទី០៨ កុម្ភៈ ២០១៤ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ លី រ៉ូ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិស្រយ៉ូវជើង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន កំពុងធ្វើសកម្មភាពឆក់ត្រីនៅចំណុចតំបន់អាចារ្យប៊ុត ស្ថិតក្នុងភូមិសាស្រ្តសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ដកហូតបានវត្ថុតាងអាគុយ ១២វុល ៤០អាំពែ ចំនួន២ ដុំភ្លើងឆក់ ១គ្រឿង និងម៉ូតូសង់កូរ៉េ ១គ្រឿង។
កាលពីថ្ងៃទី០៦ កុម្ភៈ ២០១៤ កម្លាំងរបស់យើងក្រោមកិច្ចសហប្រតិបត្តិការល្អ បានចុះបង្រ្កាបបទល្មើសឆក់ត្រី និងបានរឹបអូសម៉ាស៊ីនសាកអាគុយចំនួន ២គ្រឿង រួមជាមួយអាគុយជាច្រើនគ្រឿង ដែលជនល្មើសកំពុងលួចលាក់ធ្វើសកម្មភាពសាកអាគុយប្រើប្រាស់នៅក្នុងព្រៃសម្រាប់ប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ឆក់ត្រី នៅក្នុងទឹកដីស្រុកកំពង់ស្វាយ រួចបាននាំយកមកកាន់ផ្នែកសង្កាត់រដ្ឋបាលជលផលក្រុងស្ទឹងសែន នៅវេលាថ្ងៃត្រង់ នាថ្ងៃទី០៧ កុម្ភៈ ២០១៤។
ជនសង្ស័យ រួមជាមួយនិងវត្ថុតាងទាំងអស់ ត្រូវបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ធំ ចាត់ការតាមផ្លូវច្បាប់។ លោក ប៉ែន វណ្ណរិទ្ធ បានឲ្យដឹងទៀតថា កន្លែងសាកអាគុយនៅក្នុងព្រៃដែលយើងបង្ក្រាបបាននោះ គឺវាសំខាន់ណាស់សម្រាប់ចែកចាយធ្វើសកម្មភាពប្រព្រឹត្តបទល្មើសនេសាទឆក់ត្រី លោកសូមអំពាវនាវយ៉ាងទទូចម្តងហើយ ម្តងទៀតថា សូមបងប្អូនប្រជាពលរដ្ឋឈប់នាំគ្នាប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ (ឆក់ត្រី) នេះទៀត ព្រោះវានាំឲ្យមានទោសដល់ខ្លួន ហើយវាក៏ជាការបំផ្លិចបំផ្លាញដ៏ធំមួយទៅដល់ពពួកមច្ឆាជាតិ បើមិនត្រូវស្លាប់ទេនោះ ក៏ធ្វើឲ្យពពួកមច្ឆាជាតិខកខានពងកូនបន្តពូជជាច្រើនឆ្នាំទៀតផង។
ចំណែកខណ្ឌរដ្ឋបាលជលផលកំពង់ធំ នឹងធ្វើសកម្មភាពឲ្យដូចជាភ្លៀងរលឹម ដោយត្រូវបានប្រើប្រាស់កម្លាំងចម្រុះសហការជួយគ្នា ដើម្បីចុះប្រតិបត្តិការបង្រ្កាបបទល្មើសណា ដែលប្រើប្រាស់នូវឧបករណ៍នេសាទខុសច្បាប់ទាំងអស់នេះ៕
ចែករំលែកព័តមាននេះ