ខេត្តសៀមរាប ៖ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានទទូចឱ្យអាជ្ញាធរខេត្ត និងក្រសួងទេសចរណ៍កម្ពុជា ធ្វើអន្តរាគមន៍លុបបំបាត់សកម្មភាពរបស់និគមជនវៀតណាមជិះទូកសុំទានយ៉ាងអនាធិបតេយ្យនៅលើផ្ទៃទឹកក្នុងតំបន់រមណីយដ្ឋានមាត់បឹងទន្លេសាបចុងឃ្នៀស ដែលធ្វើឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិទៅទស្សនាតំបន់នោះមានការរង្គាសចិត្តរាប់ឆ្នាំមកហើយ ។
ការអំពាវនាវនេះបានធ្វើឡើងនៅចំពោះមុខលោកប៊ុន ថាឫទ្ធិ អភិបាលរងខេត្ត លោកទ្រី ឈីវ អគ្គនាយករងក្រសួងទេសចរណ៍ និងមន្ត្រីពាក់ព័ន្ធសំខាន់ៗជាច្រើនទៀត ដែលបានចូលរួមក្នុងកិច្ចប្រជុំពង្រឹងការគ្រប់គ្រងមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែបន្តជនជាតិរុស្ស៊ី កាលពីព្រឹកថ្ងៃទី៥ កុម្ភៈ នៅសាលប្រជុំលេខ២ នៃអគាររដ្ឋបាលខេត្ត ។
អនុប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកគឹម ពលៈ ទទួលបន្ទុករួមសាខាខេត្ត បានអំពាវនាវយ៉ាងដូច្នេះថា «ខ្ញុំស្នើដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ សូមជួយអន្តរាគមន៍លុបបំបាត់សកម្មភាពជិះទូកសុំលុយភ្ញៀវនៅតំបន់ចុងឃ្នៀសផង ព្រោះសកម្មភាពអនាធិបតេយ្យទាំងនោះកំពុងជាន់ឈ្លីមុខមាត់ប្រទេស និងប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរយ៉ាងខ្លាំង» ។ លោកបានលើកឡើងនៅក្នុងអង្គប្រជុំនោះទៀតថា ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ អ្នកសុំទាននៅទន្លេសាបចេះតែមានចំនួនកើនឡើងយ៉ាងគំហុក ហើយការសុំទានទាំងនោះមិនមែនធម្មតាទេ គឺជិះទូកម៉ាស៊ីនបើកប្រដេញតាមសុំលុយពីភ្ញៀវឱ្យបានជាកំហិត ដោយពុំមានការបង្ក្រាប ឬទប់ស្កាត់ឱ្យមានប្រសិទ្ធភាពយូរអង្វែងពីសមត្ថកិច្ចនៅតំបន់នោះទាល់តែសោះ ។
លោកគឹម ពលៈ បន្តទៀតថា អ្នកសុំទានទាំងនោះសុទ្ធសឹងជាជនជាតិវៀតណាម មានក្មេងមានចាស់ចំនួនជិត១០០នាក់តាមសុំលុយ បើភ្ញៀវមិនឱ្យលុយតាមបំណងទេ ពួកគេមានវិធីរំខានភ្ញៀវដូចជាបញ្ឆេះម៉ាស៊ីនកាណូតលាន់ឮទ្រហឹងពេញផ្ទៃទឹក ធ្វើឱ្យកូនក្មេងស្រែកយំ ជាពិសេសពេលខ្លះពួកគេហ៊ានដល់ថ្នាក់ជ្រែកាណូតជះទឹកសាចទទឹកភ្ញៀវជោកក៏មានដែរ ។យោងតាមសេចក្តីរាយការណ៍ដាច់ដោយឡែកមួយទៀតបានបង្ហើបថា ក្រុមអ្នកសុំទានជាជនជាតិវៀតណាមទាំងនោះមានចំនួន៣ក្រុម ចែកគ្នាធ្វើសកម្មភាពស្ទើរគ្រប់ច្រកល្ហកនៃផ្ទៃទឹកក្នុងតំបន់ចុងឃ្នៀសរាប់ឆ្នាំមកហើយ ដោយក្រុមទី១ ជាក្រុមជិះទូកម៉ាស៊ីនតូចៗក្នុងល្បឿនលឿនតាមប្រដេញកាណូតធំៗដឹកភ្ញៀវទេសចរ រួចហើយលោតឡើងទៅលើកាណូតធ្វើសកម្មភាពសុំលុយដោយរូបភាពលក់ភេសជ្ជៈផ្សេងៗ ។
ក្រុមទី២ ភាគច្រើនជាស្ត្រីមានកូនតូចៗចាប់ពី៣ទៅ៤នាក់ មានអាយុខ្ពស់បំផុត៣ឆ្នាំ ជិះទូកចាំយ៉ាងពពាក់ពពូននៅក្បែរភោជនីយដ្ឋានបណ្តែតទឹក ឬហៅថាបែចិញ្ចឹមត្រី ឱ្យតែឃើញមានកាណូតដឹកភ្ញៀវទេសចរមកដល់ ពួកគេអុំទូកទៅក្បែរហើយស្រែកសុំជាភាសាវៀតណាម បើភ្ញៀវមិនឱ្យពួកស្ត្រីទាំងនោះមានវិធីធ្វើឱ្យកូនយំទ្រហឹងអឺងកងដើម្បីរំខាន ឬទាញចំណាប់អារម្មណ៍ពីភ្ញៀវ ។ ចំណែកក្រុមទី៣ ជាក្រុមក្មេងៗមានស្រីមានប្រុស ជិះលើចានដែកបណ្តែតទឹក ក្នុងចំណោមនោះមានក្មេងខ្លះស្ពាយសត្វពស់នៅជាប់នឹងក លោតឡើងទៅលើកាណូតទាំងខ្លួនប្រាណទទឹកជោក ធ្វើឱ្យភ្ញៀវខ្លះភ័យញាក់សាច់រហូតលោតធ្លាក់ទឹកក៏មានដែរ ។
ក្រុមអ្នកទាំងនោះភាគច្រើនមិនចេះនិយាយភាសាខ្មែរទេ គឺនិយាយភាសាវៀតណាម និងចេះភាសាអង់គ្លេសតែមួយម៉ាត់គត់គឺ One dollar ដែលជាសញ្ញាស្រែកសុំលុយពីភ្ញៀវទេសចរ។បុគ្គលិកទីភ្នាក់ងារទេសចរណ៍មួយរូបដែលមិនឱ្យបញ្ចេញឈ្មោះបានលើកឡើងថា សកម្មភាពបែបនេះបានកើតឡើងរាប់ឆ្នាំមកហើយ បុ៉ន្តែសមត្ថកិច្ចខ្មែរមិនមានលទ្ធភាពណាបង្ក្រាបបានទាល់តែសោះ ហាក់ដូចជាមិនហ៊ានប៉ះពាល់ដល់និគមជនវៀតណាមទាំងនោះទេ ។
បុគ្គលិកដដែលនោះបានបន្ថែមដោយចាត់ទុកថា តំបន់រមណីយដ្ឋានបឹងទន្លេសាប គឺជាតំបន់គោលដៅទេសចរណ៍ធំទីពីរបន្ទាប់ពីឧទ្យានប្រវត្តិសាស្ត្រអង្គរ ជាបឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍ និងមានជីវចម្រុះ ។ ដូច្នេះបើសិនជាអាជ្ញាធរនៅតែបណ្តែតបណ្តោយពុំអើពើទៅលើសណ្តាប់ធ្នាប់ ឬទុកឱ្យមានសកម្មភាពសុំទានយ៉ាងអនាធិបតេយ្យបែបហ្នឹងទៀត វានឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការអភិវឌ្ឍន៍វិស័យទេសចរណ៍ជាតិជាក់ជាមិនខាន ។
ទាក់ទិនទៅនឹងបញ្ហាកំពុងប្រឈមនៅតំបន់ចុងឃ្នៀសនេះ កាលពីរសៀលថ្ងៃទី៦ កុម្ភៈ លោកឃឹម ប៊ុនសុង អភិបាលខេត្តបានមានប្រសាសន៍ថា «ករណីហ្នឹងអាជ្ញាធរខេត្តមានវិធានការហើយ មិនអនុញ្ញាតឱ្យមានសកម្មភាពអនាធិបតេយ្យអុីចឹងទៀតបានទេ ។ កាលពីព្រឹកមិញ ខ្ញុំបានបញ្ជាទៅអភិបាលក្រុងឱ្យចុះពិនិត្យជាក់ស្តែងហើយដើម្បីរៀបចំផែនការទប់ស្កាត់ឱ្យបានប្រសើរឡើង ដោយចាត់ឱ្យកម្លាំងសមត្ថកិច្ចចាំឃ្លាំមើលនៅទីនោះ» ៕
ចែករំលែកព័តមាននេះ