ខេត្តប៉ៃលិន ៖ សមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្ត បានចុះល្បាត ដើម្បីរកកន្លែងស្តុកឈើគ្រញូងនៅព្រៃជ្រលងដងអូរ តែបានប្រទះឃើញឈើរកា និងឈើវ័រយោង ចំនួន ៧៣សន្លឹក ក៏នាំយកទៅរក្សានៅស្នងការនគរបាលខេត្ត។ ការប្រទះឃើញឈើ ដែលត្រូវឈ្មួញលាក់ទុកនៅក្នុងព្រៃនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១ និង ៣០នាទី រសៀលថ្ងៃទី០៥ កុម្ភៈ ២០១៤ ស្ថិតនៅត្រង់ចំណុចក្បែរចម្ការខ្លឹមចាន់គ្រឹះស្នារបស់ម្ចាស់ឈ្មោះ តាខន ក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន។
ចំណែកម្ចាស់ឈើពេលសមត្ថកិច្ចទៅដល់បាននាំគ្នារត់គេចខ្លួនចូលព្រៃបាត់ស្រមោល។ ប្រភពព័ត៌មានពីមន្រ្តីសមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្ត បានឲ្យដឹងថា កងកម្លាំងបានចុះល្បាតរកមើលឈើគ្រញូងនៅតាមដងអូរ ស្រាប់តែប្រទះឃើញឈើចំនួន ៧៣សន្លឹក ដែលម្ចាស់បានកាប់អាររួចយកទៅលាក់ទុកនៅក្នុងព្រៃ គឺឈើប្រភេទរកា និងឈើវ័រយោង។
ប៉ុន្តែ ពេលសមត្ថកិច្ចទៅដល់កន្លែងស្តុកឈើទាំងនេះ បានសួរនាំរកម្ចាស់មិនមាននរណាម្នាក់ហ៊ានអះអាងថា ជាឈើរបស់ខ្លួននោះទេ។ ទាក់ទិននឹងការលួចកាប់ឈើខុសច្បាប់នេះ សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានយកឈើទាំងនេះ មករក្សាទុកនៅស្នងការនគរបាលខេត្ត ដើម្បីរៀបចំទុកដាក់ប្រើប្រាស់នៅក្នុងអង្គភាព។
សូមបញ្ជាក់ថា នៅត្រង់ចំណុចដែលឈ្មួញស្តុកទុកឈើទាំងនោះ ជាកន្លែងដែលក្រុមកម្មករចេញចូលនាំគ្នាទៅធ្វើសកម្មភាពស៊ីឈ្នួលកាប់ឈើគ្រញូងនៅប្រទេសថៃ ដែលជាកន្លែងមានគ្រោះថ្នាក់ដល់អាយុជីវិត ដោយចាញ់បោកមេខ្យល់ ឬថៅកែលួងលោមថា ហើយក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនយកមកអប់រំជារឿយៗ ដោយភាគច្រើនជាអ្នកដែលរស់នៅតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជា មិនបានយល់ដឹងពីអ្វីទាំងអស់៕
ចែករំលែកព័តមាននេះ