មនុស្សជាង១៣០នាក់ភាគច្រើនជាប៉ូលិសបានត្រូវរបួសកាលពីថ្ងៃទី៦ កុម្ភៈ ក្នុងបាតុកម្មហិង្សាមួយនៅបូស្នី ដោយមនុស្សជាច្រើនពាន់នាក់បានធ្វើការតវ៉ានៅតាមទីក្រុងជាច្រើនប្រឆាំងការស្រុតចុះនៃសេដ្ឋកិច្ច ។ពួកបាតុករបានលើកប៉ង់កាតដែលសរសេរថា «យើងគ្មានអ្វីហូបទេ ហើយចុះអ្នកវិញ?» ។ មែនហើយនៅបូស្នី ប្រជាជនជិត១ភាគ៥ រស់នៅក្នុងភាពក្រីក្រ ។ ប្រាក់ខែមធ្យមគឺ៤២០អឺរូ៉ ហើយអត្រាអ្នកអត់ការងារធ្វើឡើងដល់ជាង៤៤% ឯណោះ ។
នៅក្រុងទូស្លាភាគឦសានប្រទេស មនុស្សប្រមាណជា៧.០០០នាក់បានធ្វើបាតុកម្មតវ៉ា២ថ្ងៃជាប់ៗគ្នា ។ នៅទីនោះការប៉ះទង្គិចគ្នារវាងពួកបាតុករ និងប៉ូលិសបណ្តាលឱ្យបាតុកររបួសប្រមាណជា៣០នាក់ រួចប៉ូលិសត្រូវរបួសដល់ទៅ១០០នាក់ ។ ពួកបាតុករបានទម្លុះរបាំងប៉ូលិសដែលរារាំងផ្លូវចូលទីស្នាក់ការរដ្ឋបាលតំបន់ ហើយបានគប់ដុំថ្ម ព្រមទាំងដុំក្រណាត់ជ្រលក់ប្រេងដុតឱ្យឆេះប្រឆាំងប៉ូលិស រួចអគាររដ្ឋបាលត្រូវគប់បែកកញ្ចក់បង្អួចអស់ ។
បាតុកម្មនៅក្រុងទូស្លានោះធ្វើឡើងតាមការផ្តួចផ្តើមគំនិតរបស់និយោជិតនៃអតីតសហគ្រាសរដ្ឋជាច្រើនដែលដួលរលំ ហើយគ្មានសមត្ថភាពបើកប្រាក់បៀវត្សឱ្យពួកគេចាប់តាំងពីច្រើនខែមកហើយ ។ បាតុកម្មដែលប្រមូលផ្តុំមនុស្សជាច្រើនរយនាក់ក៏កើតមានដែរនៅទីក្រុងសារ៉ាហ្សេវ៉ូ ក្រុងប៊ីហាក់ ក្រុងហ្សឺនីកា និងក្រុងម៉ូស្តា ។ នៅក្រុងសារ៉ាហ្សេវ៉ូ មនុស្សប្រមាណជា១០០នាក់បានគប់ពងមាន់ ពងទា និងដុំថ្មលើអគាររដ្ឋបាលតំបន់ ៕
ចែករំលែកព័តមាននេះ