យោងតាមគេហទំព័របរទេសចេញផ្សាយកាលពីថ្ងៃទី២៨ មករា ឆ្នាំ២០១៤ ឱ្យដឹងនិស្សិតចិន២រូបមកពីសាកលវិទ្យាល័យកសិកម្ម និងរុក្ខាប្រមាញ់ក្នុងខេត្ត ហ៊ូយាន់ គឺកញ្ញា Cheng Tang វ័យ២០ឆ្នាំ និងមិត្តរួមថ្នាក់របស់នាងម្នាក់ទៀត គឺនាង Hang Lu វ័យ២១ឆ្នាំ បានជ្រើសរើសយកវិធីសាស្ត្រយកដង្កៀបចងសក់ព្យួរឡើងលើ ដើម្បីការពារកុំឱ្យងងុយគេង ខណៈដែលពួកគេទន្ទេញមេរៀនយប់ជ្រៅត្រៀមប្រឡង ។
ពួកគេទាំងពីរនាក់បាននិយាយថា វិធីសាស្ត្រនេះគឺសាមញ្ញតែទទួលបានប្រសិទ្ធភាពខ្ពស់ បើសិនជាអ្នករៀនសូត្រទាំងអស់មានភាពអត់ធ្មត់ចំពោះការឈឺចាប់បន្តិច ។ កញ្ញា Cheng Tang បានពន្យល់ថា ដំបូងត្រូវយកដង្កៀបមកគៀបសក់បន្ទាប់មកចងព្យួរឡើងលើក្នុងកម្ពស់សមល្មម ដែលអាចឱ្យយើងអង្គុយមើលសៀវភៅបាន ។ ការធ្វើដូចនេះ គឺកាត់បន្ថយការគេងលក់មួយស្របក់ ពីព្រោះពេលយើងងក់ឱនក្បាលចុះក្រោមធ្វើឱ្យយើងឈឺចាប់ហើយភ្ញាក់ដឹងខ្លួនឡើងវិញ ។ ចំណែកឯគេហទំព័រចិន Weibo និយាយថា នេះគ្រាន់តែជាការព្យាយាមមួយរយៈពេលមុនការប្រឡងជិតឈានចូលមកដល់តែប៉ុណ្ណោះ ហើយពួកគេមិនអាចតស៊ូធ្វើរហូតនោះទេ ព្រោះវាមានការប៉ះពាល់ដល់កោសិកាសក់ និងសុខភាពផងដែរ ។
គួររំលឹកដែរថា នៅក្នុងប្រទេសកម្ពុជា ចាស់បុរាណធ្លាប់តំណាលប្រាប់ថា មានសិស្សមួយចំនួនបានជ្រើសរើសយកវិធីគេងកើយត្រឡោកមុនពេលប្រឡង ដើម្បីមានឱកាសមើលមេរៀនបានច្រើន ពីព្រោះថាគេងកើយត្រឡោកគឺមិនសូវលក់ទេ ដូច្នេះគេអាចភ្ញាក់ទន្ទេញមេរៀនបានច្រើន ៕
ចែករំលែកព័តមាននេះ