ខេត្តប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អ៊ី ឈាន អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត កាលពីថ្ងៃទី០៥ កុម្ភៈ ២០១៤ អមដំណើរដោយសមាជិក សមាជិការ សាខា អនុសាខា ស្រុកសាលាក្រៅ ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តប៉ៃលិន និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះត្រួតពិនិត្យសំណង់ប្រព័ន្ធលូទឹកស្អុយនៅជុំវិញផ្សារសាមគ្គី ហៅប៉ាហ៊ី និងលំនៅដ្ឋានជាច្រើនខ្នង ដែលកំពុងសាងសង់ជូនប្រជាពលរដ្ឋ ដែលរងការខូចខាតទាំងស្រុងដោយសារគ្រោះទឹកជំនន់ កាលពីចុងឆ្នាំ២០១៣ កន្លងទៅ ស្ថិតនៅក្នុងភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អ៊ី ឈាន បានមានប្រសាសន៍ថា ការសាងសង់លំនៅដ្ឋានជូនបងប្អូនប្រជាពលរដ្ឋ ដែលរងការខូចខាតដោយសារគ្រោះទឹកជំនន់នាពេលនេះ គឺធ្វើឡើងក្នុងក្របខណ្ឌទូទាំងខេត្ត ប៉ុន្តែ ក្នុងជំហានដំបូងនេះ គឺត្រូវបានគិតគូរជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំស្ទឹងត្រង់ ដែលរងការប៉ះពាល់ និងខូចខាតខ្លាំងជាងគេជាមុនសិន ក្នុងចំណោម ៨ឃុំ-សង្កាត់ ទូទាំងខេត្ត។
លោកជំទាវបានបញ្ជាក់ថា ការសាងសង់លំនៅដ្ឋាននេះ គឺក្រោមគម្រោងចំណាយថវិកាផ្ទាល់របស់ សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំនួន ៧០ខ្នងផ្ទះ និងតាមរយៈការប្រមូលគៀងគរថវិកាពីសំណាក់ លោក អ៊ី ឈាន អភិបាលខេត្តប៉ៃលិន និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងតាមរយៈលោកជំទាវផ្ទាល់ ចំនួន ៥០ខ្នងផ្ទះ ថែមទៀត។
លំនៅដ្ឋានដែលបាននិងកំពុងតែមានដំណើរការសាងសង់នេះ មានទំហំទទឹង ៥ម៉ែត្រ បណ្តោយ ៧ម៉ែត្រ ធ្វើពីបេតុងប្រក់ដំបូលស័ង្កសី មានសភាពល្អគត់ម៉ត់ និងស្អាតបាត ដែលអាចផ្តល់ជូនបងប្អូនប្រជាពលរដ្ឋយើងរស់នៅមានភាពសមរម្យ និងមានផាសុខភាព។ លោកជំទាវបន្តទៀតថា តាមគម្រោងជំហានដំបូងលំនៅដ្ឋាននេះ ត្រូវបានសាង់សង់ ១ខ្នង ក្នុងកម្រិតទឹកប្រាក់ប្រមាណប្រហែល ២ពាន់ដុល្លារអាមេរិក។
ប៉ុន្តែ នៅពេលដែលចុះពិនិត្យវាយតម្លៃជាក់ស្តែង គឺតម្លៃដែលត្រូវសាងសង់មានកម្រិតខ្ពស់ជាងនេះ តែដើម្បីសម្រួលដំណើរការសាង់សង់ឲ្យបានលឿនផងនោះ កម្លាំងស្ម័គ្រចិត្តរបស់ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តប៉ៃលិន គ្រប់មូលដ្ឋាន បានចូលរួមចំណែកជាកម្លាំងកាយ ថវិកា ពេលវេលា ដើម្បីជម្រុញឲ្យគម្រោងសាង់សង់លំនៅដ្ឋានជូនបងប្អូនប្រជាពលរដ្ឋយើងសម្រេចទៅតាមផែនការ ដែលបានកំណត់ ហើយ លោក អ៊ី ឈាន និងលោកជំទាវផ្ទាល់ នឹងផ្តល់ជូនជាឥដ្ឋការ៉ូបន្ថែមទៀត។
លោក មួន នឿន និង អ្នកស្រី ឡុង ផាត ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិដីស ដែលផ្ទះរបស់ពួកគាត់ត្រូវបានទឹកជំនន់ហូរបោកខូចខាតទាំងស្រុងនោះ បានសម្តែងនូវសេចក្តីអំណររីករាយយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត ជាពិសេសសម្តេចគតិព្រឹទ្ធបណ្ឌិត ជាប្រធានកាកបាទក្រហមកម្ពុជា តាមរយៈ លោកជំទាវបណ្ឌិត បាន ស្រីមុំ អ៊ី ឈាន ប្រធានសាខាកាកបាទក្រហមខេត្តប៉ៃលិន ដែលបានជួយសាងសង់លំនៅដ្ឋានថ្មីនេះ ដល់ពួកគាត់ ក៏ដូចជាប្រជាពលរដ្ឋរស់នៅទូទាំងខេត្តប៉ៃលិន ផងដែរ។
ពួកគាត់សូមជូនពរឲ្យសម្តេចគតិព្រឹទ្ធបណ្ឌិត លោកជំទាវបណ្ឌិត បាន ស្រីមុំ អ៊ី ឈាន ជួបតែពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ចែករំលែកព័តមាននេះ