រាជធានីភ្នំពេញ ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តសង្កត់ធ្ងន់ពីសារសំខាន់នៃកិច្ចការពារសុខសន្តិភាព ទន្ទឹមគ្នា និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរស្របតាមទស្សនៈ ធ្វើអ្វីគ្រប់បែបយ៉ាង ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ។ នេះបើយោងតាមផេកក្រសួងមហាផ្ទៃបានផ្សាយនាថ្ងៃទី០៣ ខែកញ្ញានេះ ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់បែបនេះ ពិធីប្រកាសចូលកាន់មុខតំណែងលោកជំទាវ ឈី វ៉ា ជាអភិបាលនៃគណៈអភិបាលខេត្តកោះកុងជំនួសលោកជំទាវ មិថុនា ភូថង នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ។
ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានបន្តថា រដ្ឋបាលថ្នាក់ក្រោមជាតិក៏មិនខុសគ្នាពីថ្នាក់ជាតិដែរ គឺមានបន្ទាត់គោលនយោបាយមួយដ៏ជាក់លាក់របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយផ្តល់សារសំខាន់ចំពោះធនធានមនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យាឌីជីថល ។
ស្របតាមគោលនយោបាយនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត បានរំលឹកពីភាពចាំបាច់នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសនៅថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលបានផ្ទេរសិទ្ធិអំណាច តួនាទី ភារកិច្ច និងមុខងារជាច្រើន ដើម្បីមានលទ្ធភាពកាន់តែច្រើនក្នុងការផ្តល់សេវាតាមតម្រូវការរបស់ពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្ដមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់បន្ថែមថា កិច្ចការដ៏មានសារៈសំខាន់នេះ ត្រូវការជាចាំបាច់នូវកាដឹកនាំប្រកបដោយគុណភាព និងការខិតខំអនុវត្តឱ្យបានសកម្ម ជាពិសេសការតាមដានត្រួតពិនិត្យ និងវាយតម្លៃនូវរាល់កិច្ចការ ដែលថ្នាក់ខេត្តទទួលខុសត្រូវទាំងចំពោះប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ។
ក្នុងន័យនេះឯកឧត្ដមអភិសន្តិបណ្ឌិត សង្ឃឹមជឿជាក់ថា លោកជំទាវ ឈី វ៉ា នឹងខិតខំបន្ត ទទួលខុសត្រូវលើការងារដឹកនាំ ក្នុងកិច្ចការបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរបន្តពីលោកជំទាវមិថុនា ភូថង និងអភិបាលខេត្តជំនាន់មុន ដែលបានខិតខំពូនជ្រំកសាងសមិទ្ធផលជាច្រើន ។
ក្នុងឱកាសនោះ លោកជំទាវ មិថុនា ភូថង អតីតអភិបាល នៃគណៈអភិបាលខេត្តកោះកុង បានគូសបញ្ជាក់ នូវសមិទ្ធផលដែលរដ្ឋបាលខេត្តក្រោមការដឹកនាំរបស់លោកជំទាវ ក្នុងរយៈពេលកន្លងមកសម្រេចបានជាច្រើន ជាពិសេសការចូលរួមចំណែកការពារសុខសន្តិភាព ការផ្តល់សេវារដ្ឋបាល ការធានាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និងការកសាងសមិទ្ធផលរូបវន្តជាច្រើន ។
លោកជំទាវ ក៏បានលើកឡើងពីសារសំខាន់នៃការចូលរួមគាំទ្ររបស់មន្ត្រីគ្រប់ថ្នាក់ គ្រប់ផ្នែក ចំណុះរដ្ឋបាលខេត្ត និងជាពិសេសការចូលរួមគាំទ្រពីប្រជាពលរដ្ឋ ដែលជាលក្ខខណ្ឌសំខាន់សម្រាប់ការឈានទៅសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀតរបស់រដ្ឋបាលខេត្ត ។
លោកជំទាវ ក៏បានទទូចឱ្យបន្តផ្តល់ការគាំទ្រលោកជំទាវអភិបាលខេត្តថ្មី ដើម្បីឱ្យលោកជំទាវកាន់តែមានលទ្ធភាពក្នុងការបន្តអភិវឌ្ឍខេត្តកោះកុងឱ្យកាន់តែរីកចម្រើន ក្រោមម្លប់នៃសុខសន្តិភាព ៕
ចែករំលែកព័តមាននេះ