រាជធានីភ្នំពេញ ៖ អ្វីដែលបានកំណត់និងប្រាប់ឱ្យដឹងមុននេះ ដោយមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈថានឹងមានកិច្ចប្រជុំពិភាក្សាជាថ្មីនិយាយពីប្រាក់ឈ្នួលកម្មករនិយោជិតនោះមិនមានទេ នៅថ្ងៃទី៥ កុម្ភៈ កន្លងមកនេះ តែភាគីសហជីពចំនួន៩ ដែលជំទាស់នឹងការផ្តល់ប្រាក់ឈ្នួលអប្បបរមា១០០ដុល្លារដោយទទូចទាមទារឱ្យបាន១៦០ដុល្លារ បានជួបប្រជុំគ្នារកយុទ្ធសាស្ត្រក្នុងការធ្វើបាតុកម្មជាថ្មី ។
អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកសាត សមុទ្រ កាលពីពាក់កណ្តាលខែមករា កន្លងមកបានមានប្រសាសន៍ថានឹងមានកិច្ចប្រជុំភាគីពាក់ព័ន្ធពិភាក្សាអំពីបញ្ហាប្រាក់ឈ្នួលជាថ្មី ។ ប៉ុន្តែការពិភាក្សាពីប្រាក់ឈ្នួលនេះ មិនមែនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការងារទេ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណៈកម្មការសិក្សាស្រាវជ្រាវប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ដែលមានលោក គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការជាប្រធាន ។ ទាក់ទងនឹងការមិនប្រជុំពិភាក្សាពីបញ្ហាប្រាក់ឈ្នួលកម្មករនិយោជិតជាថ្មីនេះ លោកអាត់ ធន់ ប្រធានសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាឱ្យដឹងថា តំណាងសហព័ន្ធសហជីព និងសមាគមចំនួន៩ ដែលមិនទទួលយកការដំឡើងប្រាក់ឈ្នួលកម្មករនិយោជិត១០០ដុល្លារ បានធ្វើការប្រជុំនៅថ្ងៃទី៦ កុម្ភៈ ពិភាក្សាគ្នារកយុទ្ធសាស្ត្រផ្សេងៗទៀតដើម្បីទាមទារឱ្យមានការដំឡើងប្រាក់ខែជូនកម្មករ១៦០ដុល្លារ ។
លោក អាត់ ធន់ បន្តថា ប្រធានបទដែលតំណាងសហជីពលើកយកមកពិភាក្សាគ្នាគឺទាមទារឱ្យមានការដោះលែងអ្នក២៣នាក់ ដែលកំពុងជាប់ពន្ធនាគារ នៅខេត្តកំពង់ចាម ។ ប្រសិនបើគ្មានការចរចាពីប្រាក់ឈ្នួលជាថ្មី តំណាងសហជីពដែលមិនទទួលយកការដំឡើងប្រាក់ឈ្នួល នឹងដឹកនាំកម្មករធ្វើបាតុកម្មជាថ្មីទៀត ។ ការធ្វើបាតុកម្មនេះ នឹងទាមទារឱ្យដោះលែងអ្នកដែលត្រូវចាប់ខ្លួន២៣នាក់ និងទាមទារឱ្យរដ្ឋាភិបាលសើុបអង្កេតករណីបាញ់សម្លាប់កម្មករ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ កន្លងមកផងដែរ ។ លោក អ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា នៅថ្ងៃទី៥ កុម្ភៈ ក្រសួងការងារមិនមានការប្រជុំពិភាក្សាពីប្រាក់ឈ្នួលកម្មករទេ ហើយលោកក៏បានឱ្យសួរទៅលោក សាត សមុទ្រ ដែលជាអនុរដ្ឋលេខាធិការក្រសួងការងារវិញ ។ នៅពេលដែលកោះសន្តិភាពហៅទូរស័ព្ទទៅលោក សាត សមុទ្រ លោកមិនបាននិយាយទេ គ្រាន់តែប្រាប់ឱ្យសួរទៅមន្ត្រីអ្នកនាំពាក្យក្រសួងការងារ។ កោះសន្តិភាពក៏បានហៅទូរស័ព្ទទៅអ្នកនាំពាក្យទៀត តែទូរស័ព្ទចូលហើយគ្មានអ្នកលើក ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ធ្នូ ២០១៣ ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធ បានជួបប្រជុំជាមួយសហជីព ហើយក្រសួងការងារបានសម្រេចដំឡើងប្រាក់ឈ្នួលដល់កម្មកររោងចក្រកាត់ដេរក្នុងរយៈពេលមួយឆ្នាំៗ ចាប់ពី១៥ដុល្លារដល់១៧ដុល្លារក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ទើបប្រាក់ខែគោលបានទទួលដល់១៦០ដុល្លារ ។ ការសម្រេចនេះបានបូកជាមួយប្រាក់ខែគោលស្រាប់ចំនួន៨០ដុល្លារនៅឆ្នាំ២០១៤ នេះ ដែលធ្វើឱ្យកម្មករអាចទទួលបានប្រាក់ខែគោលចំនួន៩៥ដុល្លារ ហើយរហូតដល់ឆ្នាំ២០១៨ ទើបកម្មករទទួលបានប្រាក់ខែគោល១៦០ដុល្លារ ។ ទោះបីជាបែបណា សេចក្តីសម្រេចនេះបានធ្វើឱ្យមេដឹកនាំសហជីពមួយចំនួនសម្តែងការខកចិត្ត និងធ្វើការតវ៉ា ។ ក្រោយមក រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចប្រកាសភ្លាមៗដំឡើងប្រាក់ខែគោលដល់កម្មករចំនួន១០០ដុល្លារ បុ៉ន្តែកម្មករមួយផ្នែកពុំព្រមទទួលយក ដោយបន្តការតវ៉ាទាមទារប្រាក់ឈ្នួល១៦០ដុល្លារ ។ ការតវ៉ានោះបានឈានដល់ការប៉ះទង្គិចដោយហិង្សាជាមួយកងកម្លាំងប្រដាប់អាវុធ កាលពីថ្ងៃទី២ និងទី៣ មករា ២០១៤ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៤នាក់ស្លាប់ និងម្នាក់បាត់ខ្លួន ព្រមទាំងច្រើននាក់របួស និងមនុស្ស២៣នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះក៏មានសកម្មជនផ្នែកសិទ្ធិមនុស្សដែរ ។
ក្រោយពីមានបាតុភាពនោះ រដ្ឋាភិបាលក៏បានសម្រេចបង្កើតគណៈកម្មការសិក្សាស្រាវជ្រាវប្រាក់ឈ្នួលអប្បបរមាកម្មករ និយោជិតផ្នែកវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកកជើង ដែលមានលោក គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ជាប្រធាន តំណាងទីស្ដីការគណៈរដ្ឋមន្ត្រី អនុប្រធាន តំណាងក្រសួងមហាផ្ទៃ អនុប្រធាន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុប្រធាន តំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាជិក តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សមាជិក តំណាងក្រសួងពាណិជ្ជកម្ម សមាជិក តំណាងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ សមាជិក តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សមាជិក តំណាងសភាពាណិជ្ជកម្មកម្ពុជា សមាជិក គណៈកម្មការប្រឹក្សាការងារសមាជិក ។ ក្នុងសេចក្ដីសម្រេចរបស់រដ្ឋាភិបាលបានឱ្យដឹងទៀតថា គណៈកម្មការនេះមានតួនាទីនិងភារកិច្ចសិក្សាស្រាវជ្រាវកត្ដាគន្លឹះសំខាន់ៗជាមូលដ្ឋាន ក្នុងការរៀបចំប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់និងផលិតស្បែកជើង ដោយសហការជាមួយដៃគូអភិវឌ្ឍន៍ទាំងរដ្ឋាភិបាលនិងវស័យឯកជននានាដែលពាក់ព័ន្ធ ដើម្បីផ្ដល់ជម្រើសស្ដីពីការរៀបចំកម្រិតប្រាក់បៀវត្សអប្បបរមារយៈពេលខ្លី មធ្យម និងរយៈពេលវែងជូនរដ្ឋាភិបាលដើម្បីពិនិត្យសម្រេច ។
ទាក់ទងនឹងការរៀបចំធ្វើបាតុកម្មជាថ្មីលើកទី២ នៅទូទាំងប្រទេសរបស់តំណាងសហជីពកម្មករនិយោជិតនេះ បើយោងតាមគេហទំព័រក្នុងស្រុកមួយ បានដកស្រង់សម្តីរបស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ ថា ប្រសិនបើសហជីពចង់ធ្វើកូដកម្ម ឬបាតុកម្ម ត្រូវសុំច្បាប់ទៅអាជ្ញាធររាជធានីភ្នំពេញថា តើសម្រេចឱ្យគាត់ធ្វើ ឬមិនឱ្យ ហើយកម្លាំងនគរបាល គឺជាអ្នកអនុវត្តច្បាប់ ។ លោកបានបញ្ជាក់ថា សំខាន់យើងខ្ញុំទាំងអស់គ្នា ជាកងកម្លាំងនគរបាល គឺត្រៀមខ្លួនគ្រប់ពេលវេលា ដើម្បីរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ ។ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិរូបនេះបន្ថែមថា បើមានការអនុញ្ញាតឱ្យមានការធ្វើបាតុកម្ម កូដកម្ម យើងបង្កើនកម្លាំង ឬចាត់វិធានការ ដើម្បីការពារឱ្យអ្នកចូលរួមទាំងអស់មានសុវត្ថិភាព ហើយមានសណ្តាប់ធ្នាប់ល្អ តែប៉ុណ្ណឹង ។
ចំពោះបញ្ហាទាក់ទងនឹងករណីនៅផ្លូវចោមចៅ (វ៉េងស្រេង) កន្លងមកនេះ គេហទំព័រដដែលក៏បានដកស្រង់សម្តីរបស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិរូបនេះថា គណៈកម្មការត្រួតពិនិត្យ ស្រាវជ្រាវរកហេតុផល ដែលនាំឱ្យមានអំពើហិង្សា កំពុងតែដំណើរការបានលទ្ធផលច្រើនហើយ ៕
ចែករំលែកព័តមាននេះ