ខេត្តកំពង់ស្ពឺ៖ តើពន្ធនាគារខេត្តកំពង់ស្ពឺជាកន្លែងអប់រំកែប្រែរបស់រដ្ឋ ទៅលើជនជាប់សង្ស័យ និងអ្នកមានទោសទណ្ឌនានា ឬមួយជាកន្លែងប្រកបរបររកស៊ីធ្វើអាជីវកម្មរបស់សាច់ញាតិក្រុមគ្រួសាររបស់លោក ទីន សុវណ្ណនី ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ?
ស្ត្រីម្នាក់និយាយក្នុងលក្ខ័ណមិនបញ្ចេញឈ្មោះដែលបានមកសួរសុខទុក្ខសាច់ញាតិនៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺថា រាល់ពេលដែលគាត់និងអ្នកដែលមកសួរសុខទុក្ខ បង ប្អូន កូន និងក្មួយដែលជាប់ទោសនៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺគឺចំណាយលុយច្រើនចាប់ពី៥ម៉ឺន~៧ម៉ឺនរៀល ឬអាចលើសនឹងទៀតក៏មាន។ ដោយសារតែពេលទៅសួរសុខទុក្ខកូនប្រុសរបស់គាត់នោះ គាត់បានទិញសម្ភារៈមានដូចជាត្រីងៀត ត្រីខ នំចំណី អង្ករ និងលុយតិចតួច។ ពេលទៅដល់មុខពន្ធនាគាររូបគាត់ត្រូវយកម៉ូតូទៅដាក់កន្លែងផ្ញើមានមន្ត្រីអនុរក្សកឹបសំបុត្រ រួចហើយក៏ដើរទៅមុខពន្ធនាគារមានអ្នកអង្គុយយាមក្នុងតូបមួយបំពេញបែបបទ គឺតម្រូវឱ្យបង់លុយចំនួន១ម៉ឺនរៀល បើមិនបង់គេមិនឱ្យចូលទៅក្នុងពន្ធនាគារជួបកូនគាត់ ឬសាច់ញាតិឡើយ។ បន្ទាប់ពីបង់លុយចំនួន០១ម៉ឺនរៀលរួចហើយទើបគេអនុញ្ញាតិឱ្យដើរចូលទៅក្នុងកន្លែងពិនិត្យអីវ៉ាន់ និងសម្ភារៈដែលត្រូវយកទៅផ្ញើកូន ឬសាច់ញាតិត្រូវបង់លុយចំនួន០១ម៉ឺនរៀលទៀត គេបានដកទូរស័ព្ទ ឬកាបូបស្ពាយ កាបូបលុយទុកលើតុមួយកន្លែងនៅមុខអនុរក្សាពន្ធនាគារដែលមានការយាមកាមយ៉ាងតឹងរឹងបំផុតនោះ។
ស្ត្រីដដែលបានបន្តថា នៅពេលអនុរក្សធ្វើការពិនិត្យរួចរាល់ហើយ គេបានសួរឈ្មោះកូន បង ប្អូន សាច់ញាតិដែលត្រូវមកជួប គឺតម្រូវឱ្យបង់លុយចាប់ពី០៣ម៉ឺនរៀល រហូតដល់០៥ម៉ឺនរៀល ទើបគេនាំកូន បង ប្អូន ឬសាច់ញាតិ ដែលយើងចង់ជួបនោះមកឱ្យជួបបាន ប្រសិនបើគ្មានលុយបង់ឱ្យគេទេ គេមិនអនុញ្ញាតិឬនាំមកឱ្យជួបឡើយ!។ពេលចេញមកវិញយកម៉ូតូក៏ត្រូវបង់លុយចាប់ពី០២ពាន់រៀលរហូតដល់០៣ពាន់រៀលថែមទៀតផង។
ស្ត្រីរូបនោះដដែលបានលើកឡើងទៀតថា គាត់មានការងឿងឆ្ងល់ដែរថា តើហេតុអ្វីបានជារាល់ពេលចង់ជួប សាច់ញាតិ បង ប្អូន កូន ចៅ ដែលជាប់ទោសនៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺម្តងៗ តម្រូវឱ្យបង់លុយជិត១០ម៉ឺនទៅវិញ តើនេះជាកន្លែងអប់រំកែប្រែរបស់រដ្ឋទៅលើជនជាប់ទោសបទល្មើសនានា ឬមួយជាកន្លែងរកស៊ី និងធ្វើអាជីវកម្មរបស់អស់លោកមន្ត្រីពន្ធនាគារ ជាពិសេសលោកប្រធានពន្ធនាគារខេត្តកំពង់ស្ពឺតែម្តង?
ពាក់ព័ន្ធនិងការលើកឡើងខាងលើរបស់ស្ត្រីម្នាក់ អ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅលោក ទីន សុវណ្ណនី ប្រធានពន្ឋនាគារខេត្តកំពង់ស្ពឺដើម្បីសួរនាំរឿងនេះដែរប៉ុន្តែតេចូលចំនួន២ដង មិនមានអ្នកលើកទទួល សង្ស័យលោកស្គាល់លេខទូរស័ព្ទអ្នកកាសែតហើយមើលទៅ ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕




ចែករំលែកព័តមាននេះ