ក្នុងបទសម្ភាសន៍មួយចេញផ្សាយកាលពីថ្ងៃទី៦ កុម្ភៈ ដោយកាសែតកូវ៉ែត AL SEYASSAH សេនាប្រមុខអាប់ដែល ហ្វាតាហ៍ អាល់ស៊ីសស៊ី នាយអគ្គមេបញ្ជាការកងទ័ពអេហ្ស៊ីបប្រកាសថា លោកនឹងឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតប្រធានាធិបតី ដែលគ្រោងធ្វើនាខែមេសា ខាងមុខនេះនៅអេហ្ស៊ីប ។ក្នុងបទសម្ភាសន៍នោះ សេនាប្រមុខរូបនេះថ្លែងថា ខ្ញុំគ្មានជម្រើសអ្វីផ្សេងក្រៅពីឆ្លើយតបតាមការអំពាវនាវរបស់ប្រជាជនអេហ្ស៊ីបឡើយ។ ការអំពាវនាវរបស់ប្រជាជនធ្វើនៅគ្រប់ទីកន្លែង រួចខ្ញុំនឹងពុំអាចបដិសេធបានឡើយ ។ លោកបន្តថា លោកចង់បានការជឿទុកចិត្តរបស់ប្រជាជនតាមរយៈការបោះឆ្នោតដោយសេរីមួយ ។
កងទ័ពអេហ្ស៊ីបបានស្នើកាលពីសប្តាហ៍មុនដល់សេនាប្រមុខស៊ីសស៊ី អាយុ៥៩ឆ្នាំ ឱ្យឈរឈ្មោះជាបេក្ខជនប្រធានាធិបតី ។
សេនាប្រមុខរូបនេះដែលបានទម្លាក់ ហើយចាប់ខ្លួនប្រធានាធិបតីអ៊ិស្លាមនិយមលោកមូហាម៉េដ ម័រស៊ី ដែលជ្រើសរើសតាមបែបប្រជាធិបតេយ្យនោះ ត្រូវលាលែងចេញពីតំណែងប្រមុខកងទ័ពសិន មុនពេលក្លាយជាបេក្ខជនប្រធានាធិបតីជាផ្លូវការ ។ បុរសខ្លាំងថ្មីអេហ្ស៊ីបរូបនេះតែងនិយាយថា ការទម្លាក់លោកម័រស៊ី ចេញជាការឆ្លើយតបចំពោះសំណើរបស់ពួកបាតុករជាច្រើនលាននាក់ ដែលទាមទារឱ្យប្រធានាធិបតីរូបនេះចាកចេញដោយចោទថា ចង់ធ្វើអ៊ិស្លាមភាវូបនីយកម្មដោយចាប់បង្ខំនូវសង្គមអេហ្ស៊ីប៕
ចែករំលែកព័តមាននេះ