AFP ផ្សាយថា សភាម៉ាសេដ្វាន យល់ព្រមជាឯកច្ឆន្ទទៅលើច្បាប់អនុញ្ញាតឱ្យចាក់សារធាតុគីមីក្រៀវឧក្រិដ្ឋជនចាប់រំលោភសេពសន្ថវៈ និងបង្កើនទោសជាប់គុកអស់មួយជីវិត កាលពីថ្ងៃទី៥ កុម្ភៈ ២០១៤ ។ លោក ឌីម៉េ ស្ប៉ាសូហ្វ រដ្ឋមន្ត្រីក្រសួងគោលនយោបាយសង្គមបង្ហើបឱ្យដឹងថា នៅរៀងរាល់៦ខែម្តង អ្នកជំនាញត្រូវក្រៀវដោយចាក់សារធាតុគីមីលើឧក្រិដ្ឋជនដែលប្រព្រឹត្តបទល្មើសចាប់រំលោភ ដើម្បីបង្អាក់សមត្ថភាពផ្លូវភេទ ។
ច្បាប់នោះបញ្ជាក់ថា ឧក្រិដ្ឋជនដែលប្រព្រឹត្តខុសលើកដំបូងត្រូវសម្រេចដាក់ពន្ធនាគារពី១៥ទៅ៤០ឆ្នាំ ឬជ្រើសយកការក្រៀវតាមរយៈសារធាតុគីមីដើម្បីបន្ថយទោសជាប់គុក មកនៅក្នុងរយៈពេលខ្លី ។ ប្រទេសរុស្ស៊ី ដាណឺម៉ាក និងប៉ូឡូញ ជាប្រទេសដំបូងដែលប្រើវិធីចាក់សារធាតុគីមីសម្រាប់បន្ថយចំណង់ផ្លូវភេទរបស់ឧក្រិដ្ឋជន ។
ចំពោះម៉ាសេដ្វាន ជាប្រទេសដំបូងនៅក្នុងតំបន់ឈូងសមុទ្របលខាន ដែលបង្ហាញបញ្ជីឈ្មោះឧក្រិដ្ឋជនផ្នែកផ្លូវភេទតាមប្រព័ន្ធអុីនធើរណែត តាំងពីឆ្នាំ២០១២ ដោយមានទាំងឈ្មោះ រូបថត និងទីលំនៅរបស់ជននោះ បន្ទាប់ពីរួចផុតពីការជាប់ពន្ធនាគារ ។ម៉ាសេដ្វាន មានអ្នកបង្ករឿងក្តីលើផ្លូវភេទជាង២៣០នាក់ ចាប់តាំងពីឆ្នាំ២០០៤មកដល់បច្ចុប្បន្ន ៕
ចែករំលែកព័តមាននេះ