សារព័ត៌មានរបស់ចិនបានបង្ហាញរូបភាពតាមរបៀងផ្ទះមួយក្នុងទីក្រុងអ៊ូហាន ខេត្តហ៊ូបើុយ ភាគកណ្ដាលប្រទេស គឺរូបភាពបន្ទះសាច់ជ្រូកឆៅព្យួរហាលតម្រៀបគ្នាដេរដាសនៅលើរានហាល ។ ការហាលសាច់ជ្រូកដេរដាសបែបនោះធ្វើឱ្យអ្នកធ្វើដំណើរឆ្លងកាត់ចាប់អារម្មណ៍សម្លឹងមើល និងនឹកហួសចិត្ត ។ ប្រព័ន្ធវេបសាយរបស់ចិនបានរិះគន់ថា «នោះប្រហែលជាវិធីសាស្ត្រចម្អិនសាច់ជ្រូកដោយរុំផ្សែងពុលក្នុងរូបភាពថ្មី» ។
ជាតិពុលក្នុងអាកាសធាតុរបស់ចិនជាបញ្ហាចម្បងមួយដែលបង្កើនបន្ទុកធ្ងន់ដល់រដ្ឋាភិបាលដោយផ្សែងពុលទាំងនោះផ្ដុំបង្កជាបរិយាកាសអាប់អួនិងគ្រោះថ្នាក់ដល់ផ្លូវដង្ហើមរបស់មនុស្ស។ ជាតិពុលក្នុងបរិយាកាសគ្របដណ្ដប់នៅតាមតំបន់ជាច្រើនស្ទើរតែទូទាំងប្រទេស ។ ក្នុងអំឡុងពេល២ទៅ៣ឆ្នាំកន្លងមករដ្ឋាភិបាលចិនតាំងចិត្តដាក់ផែនការដោះស្រាយបញ្ហាជាតិពុលក្នុងបរិយាកាសដើម្បីបញ្ចៀសការខូចខាតដល់សង្គមនិងសេដ្ឋកិច្ច ដោយចេញវិធីសាស្ត្រគ្រប់គ្រងនិងការពារជាច្រើនដូចជា បិទរោងចក្រអគ្គិសនី ធ្យូងថ្ម ដែលមិនចាំបាច់ឬចេញច្បាប់ប្រើរថយន្តលេខសេស-គូស្របតាមថ្ងៃជាដើម ៕
ចែករំលែកព័តមាននេះ